ព័ត៌មាន
អាជ្ញាធរជាតិអប្សរា សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តសៀមរាប អប់រំណែនាំដល់អាជីវករជួលឈុតបុរាណនៅមុខប្រាសាទអង្គរវត្ត
មន្ត្រីអាជ្ញាធរជាតិអប្សរា សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប អាជ្ញាធរដែនដី រួមទាំងប៉ូលិសការពារបេតិកភណ្ឌ បានជួបសំណេះសំណាលជាមួយក្រុមអាជីវករ ដែលបម្រើសេវាកម្មជួលសម្លៀកបំពាក់បែបខ្មែរបុរាណឱ្យភ្ញៀវទេសចរ ដែលបានទៅទស្សនាប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។
ការជួបសំណេះសំណាលនេះ ក្នុងគោលបំណងចង់ឱ្យក្រុមអាជីវករទាំងអស់ ដែលប្រកបមុខរបរបម្រើសេវាតុបតែង ឬជួលសម្លៀកបំពាក់បែបប្រពៃណីខ្មែរ ដល់ភ្ញៀវទេសចរចូលទស្សនាអង្គរ បានយល់ដឹងយ៉ាងត្រឹមត្រូវនូវរចនាបថ និងក្បួនខ្នាតសម្លៀកបំពាក់ប្រពៃណីបុរាណរបស់ខ្មែរ និងយល់ដឹងថា អ្វីដែលមិនមែនជាប្រពៃណីខ្មែរ ហើយបម្រើឱ្យវប្បធម៌បរទេស។
មន្ត្រីការិយាល័យសូនរូប នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ដែលជំនាញលើសិល្បៈបុរាណខ្មែរ និងបានស្រាវជ្រាវលើផ្នែកសម្លៀកបំពាក់ខ្មែរអស់រយៈពេលជាច្រើនឆ្នាំ លោក ចាន់ សោភ័ន ឱ្យដឹងថា ពេលបច្ចុប្បន្ននេះ គឺមានអាជីវករមួយចំនួន នៅខាងមុខបរិវេណប្រាសាទអង្គរវត្ត បានជួលឈុតបុរាណ ដែលបានស្លៀកពាក់ខុសពីទម្រង់ដើម មាន៧០ភាគរយ។ ពិសេស ការប្រើប្រាស់កំណាត់ និងគ្រឿងអលង្ការនាំចូលមកពីប្រទេសថៃ។ សកម្មភាពនេះ គឺប្រាសចាកពីអត្តសញ្ញាណជាតិ និងវប្បធម៌របស់ខ្មែរទាំងស្រុង ដូចជា ការបម្រើឱ្យវប្បធម៌បរទេស។ លោក ពន្យល់ថា ការស្លៀកពាក់តាមបែបបុរាណខ្មែរ គឺត្រូវតែប្រើកំណាត់ និងគ្រឿងអលង្ការដែលជារបស់ខ្មែរ ហើយក៏មិនត្រូវកែច្នៃឈុតណាមួយឱ្យខុសពីក្បួនខ្នាតខ្មែរដែរ។ ការប្រើគ្រឿងអលង្ការ និងកំណាត់ទៀតសោត ក៏មិនត្រឹមត្រូវទៅតាមឋានៈរបស់មនុស្សខ្មែរក្នុងសម័យបុរាណដែរ។ ការស្លៀកពាក់ និងការតុបតែងខ្លួនរបស់ខ្មែរបុរាណទៀតសោត មានទម្រង់ច្បាស់លាស់ទៅតាមឋានយសសក្ដិ រាប់ចាប់ពីព្រះមហាក្សត្រដល់រាស្រ្តសាមញ្ញ។ ឧទាហរណ៍ ដូចជាសម្លៀកបំពាក់ហូលដែលធ្វើពីសូត្រ សម្រាប់ព្រះមហាក្សត្រ ម្ចាស់ក្សត្រី កំណាត់ល្បើក និងលើ្បកជ័រជើង សម្រាប់ឋានៈសេដ្ឋី គហបតី និងកំណាត់ដែលត្បាញពីកប្បាស សម្រាប់មនុស្សសាមញ្ញទូទៅជាដើម។
លោក ចាន់ សោភ័ន លើកទឹកចិត្តឱ្យអាជីវករទាំងអស់ ត្រូវតែកែប្រែបន្តិចម្តងៗ មកប្រើហូល សូត្រ ឬល្បើកពេជ្រ ល្បើករងជើង និងអលង្កការខ្មែរ ដែលជាការលើកតម្លៃអ្នកតម្បាញ និងជាងទងខ្មែរ ហើយវប្បធម៌ខ្មែរនៅគង់វង្សមិនបាត់បង់។
លោក ទេស សុធីរ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា ថ្លែងថា ការជួលសម្លៀកបំពាក់ ឬឈុតបុរាណមួយចំនួននៅក្នុងតំបន់អង្គរ មិនត្រឹមត្រូវតាមទម្រង់ដើម មានការរិះគន់ជាបន្តបន្ទាប់ និងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃនៃវប្បធម៌ខ្មែរ។ អាជ្ញាធរជាតិអប្សរា និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប សំណូមពរឱ្យក្រុមអាជីវករ ដែលបម្រើសេវាកម្មជួលសម្លៀកបំពាក់ ឬឈុតបុរាណ កាត់បន្ថយរហូតឈានដល់ការបញ្ឈប់ការប្រើប្រាស់កំណាត់បរទេស ដូចជា កំណាត់ដែលមានតម្លៃថោកៗ ដែលនាំចូលពីប្រទេសថៃ ទាំងស្រុង។
អាជ្ញាធរជាតិអប្សរា បានដាក់កំហិតថា ចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ តទៅ ចំពោះសម្លៀកបំពាក់បុរាណ ដែលច្នៃខុសពីទម្រង់ដើមនៃបែបផែនខ្មែរ គ្មានក្បួនខ្នាតត្រឹមត្រូវ ឬប្រាសចាកពីទម្រង់ដើម គឺមិនអនុញ្ញាតឱ្យចូលទៅទស្សនាអង្គរទៀតឡើយ។ ចំណែកសម្លៀកបំពាក់ ដែលប្រើប្រាស់កំណាត់មកពីថៃ គឺត្រូវបញ្ចប់ជាស្ថាពរ នៅត្រឹមខែមករា ឆ្នាំ២០២៧ ខាងមុខ៕














-
ព័ត៌មាន6 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន1 week agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
ព័ត៌មាន1 week agoសម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍មកកម្ពុជាវិញក្រោយបញ្ចប់ដំណើរទស្សនកិច្ចការងាររយៈពេលបីថ្ងៃ
-
កីឡា6 days agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី