Connect with us

ព័ត៌មាន

ឯកឧត្តម ហ៊ុន ម៉ានី ចូលរួមប្រកាសទទួលស្គាល់ប្រធានកិត្តិយស និងប្រធានគណៈកម្មាធិការ ស.ស.យ.ក ខេត្តកោះកុង

នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវកម្ពុជា បាន​អញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស និងប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកោះកុង។ អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន ឯកឧត្តម អនុ​ប្រធាន សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍ និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកា​គណៈ​កម្មាធិការកណ្តាល និងរួមទាំង សមាជិក សមាជិកា សរុបប្រមាណ ៣៥០រូប ។

ជាកិច្ចចាប់ផ្តើមកម្មវិធី លោក ឈេង សុវណ្ណដា អនុប្រធានប្រចាំការស.ស.យ.ក. ខេត្តកោះកុង បាន​ធ្វើ​ការស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. ខេត្ត​កោះ​កុង​ និងបានធ្វើរបាយការណ៍សង្ខេបស្ដីពីសកម្មភាពនានារបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ​ស.ស.យ.ក. ខេត្តកោះកុង ដែលសម្រេចបាននាពេលកន្លងមក តបតាមការ​ចង្អុល​បង្ហាញ​របស់​ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក.។

ជាមួយគ្នានេះដែរ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ ចំពោះថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តកោះកុង​ទាំង​អស់​ ដែលបានប្រកាន់ខ្ជាប់នូវស្មារតីលះបង់ និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពស្ម័គ្រចិត្ត និង​ការ​ងារ​មនុស្សធម៌នានា ស្របតាមផែនទីបង្ហាញផ្លូវ និងបុព្វហេតុរបស់ស.ស.យ.ក.។

តាមរយៈសេចក្តីសម្រេចរបស់ គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ស្តីពីការ​តែង​តាំង​ប្រធាន​កិត្តិយស និងប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា បានតែងតាំង លោក​ជំទាវ មិថុនា ភូថង ជាប្រធានកិត្តិយស និងលោកជំទាវ ឈី វ៉ា ជាប្រធានគណៈកម្មាធិការ ស.ស.យ.ក. ខេត្តកោះកុង។

បន្ទាប់ពីទទួលបានការតែងតាំង លោកជំទាវ ឈី វ៉ា បានធ្វើ​ការ​ប្តេជ្ញា​ចិត្ត​ដោយ​គោរព​អនុវត្ត​យ៉ាង​ភ្ជាប់​ខ្ជួន​នូវលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងសេចក្តីសម្រេចនានារបស់ស.ស.យ.ក ស្របតាម​ផែន​ការ​សកម្មភាព និងខិតខំឱ្យអស់ពីសមត្ថភាព ក្នុងការដឹកនាំ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កោះ​កុង​ឱ្យ​មានការរីកចម្រើន និងទទួលបានជោគជ័យតទៅមុខទៀតផងដែរ៕ អត្ថបទ៖ គឹម ហុក

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia