Connect with us

ព័ត៌មាន

អតីតពលករមកពីថៃពេញចិត្ត ចំពោះការងារក្នុងស្រុក ផ្តល់ទាំងចំណូលទៀងទាត់ និងការរស់នៅសុខសាន្តជុំគ្រួសារ

ក្រុមអតីតពលករខ្មែរដែលវិលត្រឡប់មកវិញ បាននិយាយឱ្យដឹងថា បានបង្ហាញក្ដីរីករាយក្រោយ​ទទួលបានការងារនៅក្នុងស្រុកដែលទទួលបានប្រាក់ខែល្អ ទៀងទាត់ ជាពិសេស​មានឱកាសអាចរស់នៅសុខសាន្តជួបជុំគ្រួសារ ទទួលបានប្រាក់ចំណូលសមរម្យ និងលុបបំបាត់ការលំបាកនៃការធ្វើចំណាកស្រុកទៅក្រៅប្រទេស។

ជួបសម្ភាសន៍ជាមួយក្រុមអតីតពលករ ក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ ដុងឌូ ស្ថិតនៅផ្លូវជាតិលេខ៣ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែកក្កដានេះ ពួកគាត់បានឱ្យព័ត៍មាន ប៊ីធីវី ដឹងថា បន្ទាប់ពីមានបញ្ហាព្រំដែនជាមួយប្រទេសថៃ ពួកគាត់បានសម្រេចចិត្តវិលត្រឡប់មកស្រុកកំណើតវិញ ដោយមួយចំនួននៅអំឡុងខែកក្កដា និងមួយចំនួនផ្សេងទៀតនៅខែសីហា ឆ្នាំ២០២៥ ហើយបច្ចុប្បន្នបានកំពុងធ្វើការងារនៅក្នុងរោងចក្រខាងលើដូចគ្នា។

ក្រុមអតីតពលករ បានចែករំលែកបទពិសោធន៍ការងារក្រោយត្រឡប់ពីថៃទៀតថា សព្វថ្ងៃនេះការបំពេញការងារក្នុងស្រុកទទួលបានអត្ថប្រយោជន៍ជាច្រើនក្រៅពីប្រាក់ឈ្នួល ជាពិសេស មានដូចជាមានបណ្ណ ប.ស.ស. ដែលអាចទៅព្យាបាលជំងឺដោយឥតគិតថ្លៃ មិនបាច់ធ្វើដំណើរទៅឆ្ងាយពីប្រទេសកំណើត មិនចាំបាច់ធ្វើប៉ាស្ព័រ មិនចាំបាច់ធ្វើបណ្ណអនុញ្ញាតការងារ និងមានសុវត្ថិភាពជាដើម។ ក្រុមអតីតពលករ ក៏បានអំពាវនាវឱ្យពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃ ងាកមកចាប់យកឱកាសការងារក្នុងស្រុកជំនួសការធ្វើចំណាកស្រុក ដោយសារតែទីផ្សារការងារក្នុងស្រុកមានភាពសម្បូរបែប ស្របពេលដែលរាជរដ្ឋាភិបាលមានកម្មវិធីបណ្តុះបណ្តាលជំនាញ និងជួយរកការងារធ្វើជូនដោយឥតគិតថ្លៃ។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានអំពាវនាវដល់អតីតពលករ គួរតែមកចូលរួម និងងាកមកធ្វើការក្នុងស្រុកវិញទៅ ពីព្រោះឱកាសការងារពិតជាមានច្រើនសម្បូរបែប ពោលមិនដូចទៅតាមពាក្យឃោសនារបស់ជនខិលខូចមួយចំនួន ដែលផ្សព្វផ្សាយបំភិតបំភ័យ និងរុញច្រានឱ្យបងប្អូនលួចឆ្លងដែនខុសច្បាប់ទៅធ្វើការនៅស្រុកគេទៀតនោះទេ។ លោកបន្តទៀតថា នៅកម្ពុជាបច្ចុប្បន្ន ពិតជាមានរោងចក្រ សហគ្រាស និងក្រុមហ៊ុនកើនឡើង ដែលបង្កើតការងារច្រើសម្រាប់ប្រជាពលរដ្ឋក្នុងស្រុកផ្តល់ប្រាក់ខែមានស្ថេរភាព មានធានារ៉ាប់រងសុខភាព និងអត្ថប្រយោជន៍ផ្សេងៗទៀត ហើយបងប្អូនអតីតពលករអាចចៀសវាងហានិយាភ័យការងារ ដូចជាការបោកប្រាស់ ការជួញដូរមនុស្ស ឬបញ្ហាច្បាប់នៅស្រុកថៃ ជាពិសេសអាចរស់នៅជាមួយគ្រួសារ មិនបែកបាក់ និងអាចថែទាំកូនចៅបានល្អជាងធ្វើការចំណាកស្រុក។

យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតមកដល់ពេលនេះ ប្រជាពលរដ្ឋ និងអតីតពលករខ្មែរប្រមាណជាង ៩៥ម៉ឺននាក់ បានវិលត្រឡប់មករស់នៅនិងធ្វើការនៅប្រទេសកម្ពុជាវិញ។ ក្នុងនោះ អតីតពលករប្រមាណជាង ៨០ម៉ឺននាក់ ទទួលបានឱកាសការងារជាង ៦៥ម៉ឺននាក់ ខណៈជាង ៣៣ម៉ឺននាក់ កំពុងធ្វើការងារក្នុងប្រព័ន្ធ និងអ្នកទទួលបានឱកាសការងារនៅក្រៅប្រព័ន្ធប្រមាណជាង ៣២ម៉ឺននាក់។ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia