Connect with us

ព័ត៌មាន

សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

គិតត្រឹមថ្ងៃទី២៤ កក្កដា ឆ្នាំ២០២៦ គឺជាការ​ចងចាំ​របស់​ប្រជាព​លរដ្ឋ​ខ្មែរ​ទាំង​មូល​ពី​ទង្វើ​ដ៏​ឃោរ​ឃៅ​របស់​ក្រុមយោធាថៃ ដែលចាប់ផ្តើមសកម្មភាពឈ្លានពានប្រដាប់អាវុធមកលើប្រទេសកម្ពុជា។ ទន្ទឹម​នេះ ភាគីសហជីព និងក្រុមកម្មកររោងចក្រ បានសម្តែង​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​រាជ​រដ្ឋាភិបាល​កម្ពុជា ដែលបានខិតខំប្រឹងប្រែងរក្សាបាននូវសុខសន្តិភាព និងបន្តរក្សា និង​ពង្រីក​ឱកាស​ការ​ងារ​ជូនប្រជាពលរដ្ឋគ្រប់ៗរូប។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា (NLC) នៅក្នុងកិច្ចសម្ភាសន៍​ជាមួយ​ព័ត៌មាន ​ប៊ីធីវី បានលើកឡើងថា រហូតមកដល់​ពេល​នេះ​នៅ​តែ​មាន​ការ​ចង​ចាំ​ពី​ទង្វើ​ដ៏​សាហាវ​ឃោរ​ឃៅ ​និងការឈ្លានពានរបស់ភាគីថៃមកលើទឹកដីកម្ពុជា ដូចមើលឃើញថា មាន​ការ​ចូល​មក​បាញ់​ប្រហារ​ទាហានកម្ពុជាដែលឈរជើងតាមបន្ទាត់ព្រំដែន ហើយនឹងការបាញ់​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​តាមបន្ទាត់ព្រំដែន និងការឈ្លានពាន ការរំលោភផ្ទះសម្បែងដែលស្ថិតលើទឹកដីរបស់កម្ពុជា ដែល​បង្កើតជាការឈឺចាប់ដល់ប្រជាពលរដ្ឋខ្មែរដែលបាត់បង់ទ្រព្យសម្បត្តិនានា ព្រមទាំង​ការ​បាត់​បង់​នូវ​ការងារ និងការប្រកបអាជីវកម្មជាដើម ដែលទង្វើទាំងអស់​នេះ​គឺ​ពិត​ជា​ពិបាក​ទទួល​យក​ណាស់​។

សហជីពរូបនេះ បានបន្តទៀតថា ងាកមកវិស័យការងាររបស់ប្រជាពលរដ្ឋដែលរស់នៅ និង​ធ្វើ​ការ​នៅ​តំបន់​ផ្សេងៗគ្នាពីបន្ទាត់ព្រំដែន ជាពិសេសនៅរាជធានីភ្នំពេញ រាជរដ្ឋាភិបាល​នៅ​តែ​បន្ត​គិត​គូរ​ខ្ពស់ ​និងយកចិត្តទុកដាក់ជានិច្ច ធ្វើយ៉ាងណារក្សា​បាន​នូវ​ឱកាស​ការងា​រ​ដល់​ប្រជា​ពលរដ្ឋ​ទាំង​ក្នុង​ស្រុក​ ក៏ដូចជាជូនប្រជាពលករដែលត្រឡប់មកពីប្រទេសថៃ ដោយសារ​មាន​បញ្ហា​វិបត្តិ​ព្រំដែន​នេះ​។

លោក សំ សឿន បានលើកឡើងដោយប្រកាន់គោលជំហរថា លោកនៅ​តែគាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​យន្ត​ការនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាមទាមកវិញនូវបរណភាពដែនដី ដែល​ភាគី​ថៃ​បានរំលោភបំពានដោយយន្តការច្បាប់ ហើយមិ​ន​ប្រើ​ប្រាស់​នូវ​កម្លាំង​បាយ​ក្នុង​ការ​ទៅ​ទាម​ទារ​តតាំង ដែលទាំងនេះគឺជាការល្អបំផុត​ធ្វើឱ្យប្រជាពលរដ្ឋ​ក៏ដូច​ជា​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​សង​ខាង​អាច​រក្សាបានជីវិតរស់នៅ ព្រមទាំងអាចធ្វើការងារ និងការប្រកបអាជីវកម្មជាដើម។

ស្រដៀងគ្នាខាងលើនេះ ក្រុមកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅខណ្ឌដង្កោ រាជ​ធានី​ភ្នំពេញ​ បាននិយាយឱ្យដឹងថា ទោះកន្លងផុតរយៈពេល១ឆ្នាំនេះក្តី ប៉ុន្តែនៅតែ​ចង​ចាំ​មិន​ភ្លេច​នូវ​រូប​ភាព​សង្វេគទាំ​ងឡាយរបស់ប្រជាជនខ្មែរ ដែលរងការវាយប្រហាររបស់ភាគីថៃ និងបង្ក​ឱ្យ​ខូច​ខាត​ទ្រព្យ​សម្បតិ្ត​ជា​ច្រើន ជាពិសេសបេតិកភណ្ឌជាតិរបស់កម្ពុជា។

ក្រុមកម្មករ ក៏បានភ្លេចនូវការថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាល ដែលខិតខំ​ប្រឹង​ប្រែង​ទាក់​ទាញ​វិនិយោគ​ថ្មីៗឱ្យមកបង្កើតជារោងចក្រ សហគ្រាសនៅកម្ពុជា ដើម្បីផ្តល់នូវឱកាសការងារ និង​ប្រាក់​ចំណូល​ដល់ប្រជាពលរដ្ឋ ដើម្បីផ្តត់ផ្គង់ជីវភាពរស់នៅ ក៏ដូចជាការផ្តល់​នូវ​អត្ថ​ប្រយោជន៍​ជា​ច្រើន​ផ្សេង​ៗទៀតដល់ប្រជាពលរដ្ឋគ្រប់រូបផងដែរ។

គួររម្លឹកថា ចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងសកម្មភាពឈ្លាន​ពាន​ប្រដាប់​អាវុធ​មក​លើ​ទឹក​ដី​កម្ពុជា យោធាថៃបានប្រើប្រាស់កម្លាំងយោធា និងអាវុធធុនធ្ងន់ រួមទាំងយន្តហោះចម្បាំង F-16 ដើម្បីវាយប្រហារមកលើកម្ពុជា ទម្លាក់គ្រាប់បែកមកលើតំបន់នានាក្នុងទឹកដីកម្ពុជា ដោយ​បង្ក​ការ​គំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យ​សម្បត្តិ​ស៊ីវិល ដែលទង្វើទាំងអស់នេះហើយ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរចងចាំរហូតមកដល់សព្វថ្ងៃ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia