Connect with us

ព័ត៌មាន

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញចុះត្រួតពិនិត្យ និងតាមដានការអន្តរាគមន៍ទឹកស្រូវរដូវវស្សា ក្នុងខេត្តបាត់ដំបង

នៅថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាឌិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះត្រួតពិនិត្យ និងតាមដានការអន្តរាគមន៍ទឹកស្រូវរដូវវស្សាសម្រាប់ប្រជាកសិករ ក្នុងភូមិកាច់រទេះ ភូមិអូរទូក និងភូមិសាលាត្រាវ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

យោងតាមការពិនិត្យជាក់ស្តែង ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សូមកោតសរសើរពីការខិតខំប្រឹងប្រែងរបស់មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរខេត្តបាត់ដំបង ក្នុងការអន្តរាគមន៍បញ្ជូនទឹកសង្គ្រោះស្រូវ ភូមិទាំង៣ ដែលប្រឈមនឹងការខ្វះទឹកកាលពីសប្តាហ៍មុន។

ក្នុងនាមសេនាធិការជូនរាជរដ្ឋាភិបាល ឯកឧត្តម ទេសរដ្ឋមន្រ្តី បានសម្របសម្រួលជាមួយមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង រួមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍ ដើម្បីបន្តអនុវត្តបែងចែកទឹកពីសំណង់ស្ទាក់ទឹកផ្នែកខាងលើសម្រាប់សង្គ្រោះដំណាំរបស់ប្រជាកសិករ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ និងទទួលសំណូមពរ ហើយស្វែងរកដំណោះស្រាយជូនប្រជាកសិករ ដោយណែនាំដល់អាជ្ញាធរ និងសហគមន៍ ចុះពិនិត្យឱ្យបានជាប់ជាប្រចាំពីការបញ្ជូនទឹកសម្រាប់ផ្ទៃដីស្រែផ្នែកខាងក្រោមដែលមានលទ្ធភាពបែងចែកទឹកនោះជូនប្រជាកសិករ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងចំពោះមុខប្រជាកសិករថា រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ក្នុងកិច្ចប្រជុំពេញគណៈរដ្ឋមន្រ្តី ដោយបញ្ជាដល់ក្រសួង-ស្ថាប័ន ត្រូវសហការគ្នាឱ្យបានល្អប្រសើរ ដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមរបស់ប្រជាកសិករតាមបណ្តាខេត្ត។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងទៀតថា ចំពោះមុខតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម គឺបំណាច់ខែកក្កដារហូតដល់សប្តាហ៍ទី១នៃខែសីហា គឺមានខេត្តមួយចំនួនប្រឈមរាំងស្ទួត។ ក្នុងន័យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានតួនាទីសម្របសម្រួល តាមដាន និងវាយតម្លៃ ដើម្បីសហការជាមួយក្រសួងជំនាញ ក្នុងការអន្តរាគមន៍ទឹកសម្រាប់ស្រូវរដូវវស្សាដែលប្រឈមនឹងការខូចខាតនេះឱ្យមានប្រសិទ្ធភាព។

សូមជម្រាបថា ភូមិទាំង៣ ក្នុងឃុំកំពង់ព្រៀង មានផ្ទៃដីធ្វើស្រែចំនួនប្រមាណ៥,០០០ហិកតា ដែលប្រឈមនឹងការខ្វះទឹកកាលពីសប្តាហ៍មុន ហើយមកទល់ពេលនេះ ការអន្តរាគមន៍ទឹកបានសង្គ្រោះស្រូវប្រមាណ ៥០ភាគរយ ស្មើនឹងចំនួន ២,៥០០ហិកតានៃផ្ទៃដីប្រឈម ខណៈមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង នឹងបន្តបញ្ជូនទឹកទៅសង្គ្រោះជាបន្តបន្ទាប់ទៀត៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia