Connect with us

ព័ត៌មាន

សម្ដេចធិបតី៖ កងទ័ពថៃបានចូលកាន់កាប់ទឹកដី​កម្ពុជា​យ៉ាងជ្រៅ​លើស​សូម្បី​ផែនទី​ឯក​តោ​ភាគី​គេ​បាន​អះអាង

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បន្តប្រាប់ទៅសារព័ត៌មាន Bloomberg តាមរយៈបទសម្ភាសន៍កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះថា កង​ទ័ព​ថៃ​បាន​ចូល​កាន់​កាប់​ទឹកដីកម្ពុជាយ៉ាងជ្រៅលើសសូម្បីផែនទីឯកតោភាគីដែលថៃបានអះអាង ខណៈ​សម្ដេច​បាន​បញ្ជាក់​ថា បញ្ហាព្រំដែនរវាងប្រទេសទាំងពីរ គឺអាចដោះស្រាយ​បាន​តាម​រយៈ​ការ​អនុវត្ត​យន្ត​ការ​ដែល​មានស្រាប់ ដូចជា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC), អនុស្សរណៈ​នៃ​ការយោគយល់គ្នាឆ្នាំ ២០០០ និងយន្តការផ្សេងៗទៀត។

តាមរយៈបទសម្ភាសន៍សម្ដេចធិបតី បានបញ្ជាក់ថា មានរយៈពេលប្រហែលមួយឆ្នាំហើយ ចាប់​តាំង​ពី​ការ​ប្រយុទ្ធបានចាប់ផ្ដើម ហើយក៏មានរយៈពេលប្រហែល ៧ខែផងដែរ​ចាប់​តាំង​ពី​បទ​ឈប់​បាញ់​លើក​ទីពីរ​កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ សម្ដេចបន្តថា បច្ចុប្បន្នបទឈប់​បាញ់​នៅ​តែ​មាន​សុពល​ភាព ប៉ុន្ដែស្ថានភាពនៅតែមានភាពផុយស្រួយ ដោយសារកងទ័ព​រាប់​ពាន់​នាក់​របស់​ភាគី​ទាំង​ពីរ នៅតែឈរជើងប្រឈមមុខគ្នាតាមបណ្ដោយព្រំដែន។ រហូតមកដល់ពេលនេះ នៅ​មិន​ទាន់​មាន​វិធានការណាមួយ ដើម្បីបន្ធូបន្ថយភាពតានតឹងជុំវិញវត្តមានកងទ័ពនោះទេ។ សំខាន់​ជាង​នេះទៅទៀត មូលហេតុ ឫសគល់នៃវិវាទ​នេះ​នៅ​មិន​ទាន់​ត្រូវ​បាន​ដោះ​ស្រាយ​នៅ​ឡើយ ​ដែលនោះគឺជាបញ្ហាអធិបតេយ្យភាព បូរណភាពទឹកដី ដោយផ្អែកលើច្បាប់អន្តរជាតិ អនុ​សញ្ញា ​និងសន្ធិសញ្ញា ដែលភាគីទាំងពីរបានឯកភាពគ្នា ខ្សែបន្ទាត់ព្រំដែនទាំងពីរមាន គឺ​ខ្សែ​ព្រំដែន​អន្តរជាតិ។

សម្ដេចធិបតីបានបញ្ជាក់ថា «ដូច្នេះ បញ្ហានេះ (ជម្លោះព្រំដែនកម្ពុជា-ថៃ) អាច​ដោះ​ស្រាយ​បាន​តាម​រយៈ​ការអនុវត្តយន្តការដែលមានស្រាប់រួមមាន៖ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០០ និងយន្តការផ្សេងៗទៀត។ យើង​មាន​យន្ត​ការ​ទាំង​នេះ​រួចជាស្រេច ហើយយន្តការទាំ​ង​នេះ​ក៏​បាន​ដំណើរ​កា​រ​មុន​ពេល​ការ​ប្រយុទ្ធ​បាន​ផ្ទុះ​ឡើង​ជា​ថ្មី​នៅថ្ងៃទី២៧ ខែធ្នូផងដែរ។

សម្ដេចធិបតីបានឱ្យដឹងថា ក្រៅពីនេះសកម្មភាពដែលកំពុងកើតមាននៅលើដី ក៏​បាន​បង្ក​ការ​ព្រួយ​បារម្ភ​ និងធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញផងដែរ។ សកម្មភាព​របស់​កង​ទ័ព​ថៃ​ដែល​បាន​ចូល​កាន់​កាប់​ទឹកដីកម្ពុជាយ៉ាងជ្រៅតាមរយៈការដាក់របងបន្លាលួស និងទូកុងតឺន័រ នៅ​តែ​មាន​ស្ថិតនៅ​ទី​នោះ​ដដែល សកម្មភាពទាំងនេះ បានលើស​សូម្បី​តែ​បន្ទាត់​ព្រំដែន​ដែល​ប្រទេស​ថៃ​បា​ន​អះ​អាង​ដោយ​ឯក​តោភាគី ហើយបានលាតសន្ធឹងចូលមកក្នុងទឹកដីរបស់កម្ពុជា។

សម្ដេច​បន្ថែមថា លើសពីនេះ ក៏មានសកម្មភាពផ្សេងៗទៀតដែលមានលក្ខណៈ «បង្កើត​អង្គ​ហេតុ​សម្រេច​លើទី​តាំងជាក់ស្ដែង» (fait accompli) ផងដែរ។ ឧទាហរណ៍ ការសាងសង់ផ្លូវ និង​ហេដ្ឋា​រចនាសម្ព័ន្ធរឹងមាំ ការសាងសង់លេណដ្ឋានយោធា ការដំឡើងព្រះពុទ្ធរូបនៅតំបន់វិវាទ ការ​បំផ្លាញ​ដី​ធ្លី និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋកម្ពុជា ដែលធ្លាប់​ជា​ទីលំ​នៅ​របស់ប្រជា​ពលរដ្ឋ​រាប់​ពាន់​នាក់ ​ព្រមទាំងការបែងចែកដីទាំងនោះ និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋថៃ។ សកម្មភាព​ទាំងនេះ ត្រូវបានអនុវត្តក្នុងរយៈពេល៧ខែកន្លងមកនេះ មុនពេលដំណើរ​ការ​កំណត់​ព្រំដែន​ត្រូវ​បានបន្តឡើងវិញ។

សម្ដេចធិបតីបានរម្លឹកឡើងវិញថា សេចក្ដីថ្លែងការណ៍រួមរវាងភាគីទាំងពីរ ក៏បានឯកភាព​គ្នា​យ៉ាង​ច្បាស់​ថា ​ការកំណត់ព្រំដែណដែលធ្វើឡើងតាមរយៈ យន្តការ JBC ប៉ុណ្ណោះទើប​ជា​មូល​ដ្ឋាន​សម្រាប់​កំណត់​បូរណភាពទឹកដី និងខ្សែបន្ទាប់ព្រំដែនរវាងប្រទេសទាំងពីរ។ ដូច្នេះ​បញ្ហា​ទាំង​នេះ​គឺ​ជា​ក្ដី​បារម្ភដ៏ធ្ងន់ធ្ងរសម្រាប់កម្ពុជា។ កម្ពុជា បានផ្ញើលិខិតតវ៉ា និងលិខិតបណ្ដឹងជាច្រើន ដើម្បី​ទាម​ទារ​ឱ្យ​បញ្ឈប់សកម្មភាពទាំងនេះ និងស្នើឱ្យបន្តកិច្ចប្រជុំរបស់ JBC ឡើងវិញ ប៉ុន្ដែ​រហូត​មក​ដល់​ពេល​នេះ នៅមិនទាន់មានការឆ្លើតតបជាវិជ្ជមាននៅឡើយ។ សម្ដេចបានសង្គត់ធ្ងន់ថា កម្ពុជា​បាន​បង្ហាញ​ការអត់ធ្មត់យ៉ាងខ្លាំង, រង់ចាំឱ្យប្រទេសថៃរៀបចំការបោះឆ្នោត បង្កើតរដ្ឋាភិបាលថ្មី និង​តែង​តាំង​សមាសភាបគណៈកម្មការ JBC។ កម្ពុជាបានរង់ចាំអស់រយៈពេល៧ខែ។ ឥឡូវ​នេះ​បាន​ឮ​ថា ប្រទេសថៃទើបតែបានតែងតាំងសមាសភាព និងថ្នាក់ដឹកនាំរបស់ JBC ហើយ កម្ពុជា សង្ឃឹម​ថា កិច្ចប្រជុំរបស់ JBC នឹងអាចចាប់ផ្ដើមឡើងវិញក្នុងពេលឆាប់ៗនេះ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia