ព័ត៌មាន
អាជ្ញាធរមីន និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា អនុវត្តគម្រោងបោសសម្អាតមីននៅខេត្តពោធិ៍សាត់
ភ្នំពេញ៖ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅនិវេសនដ្ឋានឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំរាជធានីភ្នំពេញ អាជ្ញាធរមីន និងស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីអនុវត្តគម្រោងផ្តល់ផលរហ័ស (Quick Impact Project) ស្តីពីការបោសសម្អាតមីនក្នុងភូមិមល់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា ចំណងមិត្តភាពរវាងកម្ពុជា និងឥណ្ឌា មានប្រវត្តិយូរអង្វែង និងត្រូវបានបន្តពង្រឹងតាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុងនោះរួមទាំងវិស័យសកម្មភាពមីនមនុស្សធម៌ ដើម្បីប្រែក្លាយដីដែលធ្លាប់មានគ្រោះថ្នាក់ឱ្យទៅជាដីមានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលបានបន្តឈរជាមួយកម្ពុជា ដោយគាំទ្រវិស័យសកម្មភាពមីនជាបន្តបន្ទាប់ ចាប់ពីគម្រោងបោសសម្អាតមីននៅស្រុកបុទុមសាគរ ខេត្តកោះកុង បន្តទៅស្រុកមណ្ឌលសីមា និងពេលនេះនៅខេត្តពោធិ៍សាត់ ដែលការគាំទ្រនេះបានរួមចំណែកស្តារដីមានសុវត្ថិភាពជូនប្រជាពលរដ្ឋ និងពន្លឿនការអភិវឌ្ឍសហគមន៍។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ការគាំទ្ររបស់ឥណ្ឌា មិនត្រឹមតែរួមចំណែកបោសសម្អាតមីនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយស្តារក្តីសង្ឃឹម និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះដោយសារមីន តាមរយៈគំនិតផ្តួចផ្តើម India for Humanity ដែលបានផ្តល់ជើងសិប្បនិម្មិតដល់ពលរដ្ឋកម្ពុជាចំនួន ៦៥០នាក់។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា គម្រោងនៅភូមិមល់ បានប្រគល់ដីមានសុវត្ថិភាពទំហំជាង ១៦ហិកតា ជូនប្រជាពលរដ្ឋ តាមរយៈយន្តការភូមិអស់មីន ដែលនឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចប្រើប្រាស់ដីធ្លី ប្រកបរបរចិញ្ចឹមជីវិត និងកសាងអនាគតប្រកបដោយសុវត្ថិភាព។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការដឹងគុណចំពោះការយកចិត្តទុកដាក់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់សន្តិភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋជាស្នូលនៃការអភិវឌ្ឍ និងបន្តជំរុញឱ្យកម្ពុជាសម្រេចបានគោលដៅជាប្រទេសគ្មានផលប៉ះពាល់ដោយសារមីននៅត្រឹមឆ្នាំ២០៣០។ ជាមួយគ្នានេះ ការអនុវត្តគម្រោងនេះ គឹស្របតាមការយកចិត្តទុកដាក់ និងចក្ខុវិស័យរបស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី ដែលបានកំណត់វិស័យសកម្មភាពមីនជាអាទិភាពមនុស្សធម៌ ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ និងគាំទ្រការអភិវឌ្ឍជាតិ។





-
ព័ត៌មាន3 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន1 week agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
ព័ត៌មាន1 week agoសម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍មកកម្ពុជាវិញក្រោយបញ្ចប់ដំណើរទស្សនកិច្ចការងាររយៈពេលបីថ្ងៃ
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី