Connect with us

ព័ត៌មាន

អភិបាលរាជធានី និងលោកជំទាវ ប្រគេនទៀនវស្សាដល់វត្តចំនួន ១៥១វត្ត និងសាលា​បុណ្យ​ចំនួន ៥កន្លែង​ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង ព្រមទាំងមន្រ្តីរាជការរដ្ឋបាលរាជធានីភ្នំពេញបាននាំយកទៀនវស្សា បច្ច័យ និង​ទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅតាមបណ្តាវត្តចំនួន ១៥១វត្ត និង​សាលា​បុណ្យ​ចំនួន ៥កន្លែងក្នុងរាជធានីភ្នំពេញ។

ពីធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណវត្តច័ន្ទបុរីវង្ស របស់​សម្ដេច​ព្រះ​ពោធិវាំង ណយ ច្រឹក ព្រះសង្ឃនាយករងទី១នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុង​សង្កាត់​សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សម្រាប់វត្តទាំង ១៥១វត្ត និងសាលាបុណ្យ៥កន្លែងក្នុងរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង អភិបាល​នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង បាន​ប្រគេន​ទៀន​វស្សា បច្ច័យ និងទេយ្យទានទាំងក្នុងមួយវត្ត និងសាលាបុណ្យនីមួយៗ មានបច្ច័យ​៣០​ម៉ឺន​រៀល ​ទៀនព្រះវស្សា១គូ អង្ករ១០០គីឡូក្រាម សាដក១ ស្ករស១បាវ ស្មើ២៥គីឡូក្រាម ទឹក​ដោះ​គោ​ខាប់​១កេស ស្មើ៤៨កំប៉ុង ទឹកក្រូច៥កេស ទឹកសុទ្ធ៥កេស មី៥កេស ត្រីខកំប៉ុង១កេស ស្មើ​១០០​កំប៉ុង​។

សម្ដេចព្រះពោធិវាំង ណយ ច្រឹក ព្រះសង្ឃនាយករងទី១នៃព្រះរាជាណាចក្រកម្ពុជាបានជូនពរសព្ទសាធុការដល់ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង កូនៗនិងចៅៗ ព្រមទាំងមន្រ្តីរាជការរដ្ឋបាលរាជធានីភ្នំពេញទាំងអស់សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ពិធីបុណ្យចូលព្រះវស្សាប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ១៥កើត ខែអស្សុជ ដែលជាទំនៀមទំលាប់ពិធីនេះត្រូវចាប់ផ្តើមនៅល្ងាចថ្ងៃទី១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់ចាស់ទុំចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ សាដក និងសម្ភារៈប្រើប្រាស់ផ្សេងៗ ហែរជុំវិញព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា និងវេរទៀនវស្សា និងសម្ភារៈប្រគេនដល់ព្រះសង្ឃ។ ក្នុងអំឡុងពេលចូលវស្សានេះមានរយៈពេល៣ខែ ប្រជាពលរដ្ឋដែលគោរពព្រះពុទ្ធសាសនានិយមធ្វើចង្ហាន់ នំចំណី និងគ្រឿងប្រើប្រាស់ផ្សេងៗ ទៅប្រគេនជាបន្តបន្ទាប់សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងអំឡុងពេលនេះ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia