Connect with us

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្ដី ស៊ុន ចាន់ថុល៖ កម្ពុជាមិនប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ឬ​បញ្ជា​ទិញ​វត្ថុ​ធាតុ​ដើម​ពីប្រ​ទេសដែលអនុវត្តបែបនេះឡើយ

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បាន​បញ្ជាក់ថា ប្រទេសកម្ពុជា មិនប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ឬបញ្ជាទិញ​សម្ភារៈ​វត្ថុ​ធាតុ​ដើម​ពី​ប្រទេសដែលប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំឡើយ។

ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែង​បញ្ជាក់​បែប​នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅរ​សៀល​ថ្ងៃទី​២៧​ ខែកក្កដា ឆ្នាំ២០២៦។ សន្និសីទនេះរៀបចំឡើងដើម្បីបកស្រាយបំភ្លឺជុំវិញ «អត្រាពន្ធគយថ្មី ក្នុង​ការ​នាំចូលពីកម្ពុជាទៅសហរដ្ឋអាមេរិក បន្ទាប់ពីការស៊ើបអង្កេតអនុលោមភាព នៃមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មសហរដ្ឋអាមេរិក»។

នៅ​ក្នុង​ឱកាសនោះឯកឧត្តមបានថ្លែងបញ្ជាក់ថា ចំពោះការប្ដេជ្ញាចិត្តលើបញ្ហាកម្លាំងពលកម្ម និង​ការ​មិន​ប្រើ​ប្រាស់​កម្លាំងពលកម្មបង្ខំ៖ កម្ពុជាបានប្រកាសយ៉ាងច្បាស់ទៅកាន់ភាគីសហរដ្ឋអាមេរិក និង​វិនិយោគិនថា ប្រទេសកម្ពុជាដាច់ខាតមិនប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំឡើយ។

ឯកឧត្តម​បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាធានាថា រាល់ការបញ្ជាទិញសម្ភារៈ ឬវត្ថុ​ធាតុ​ដើម​មក​ផលិត គឺមិនបានយកចេញពីបណ្តាប្រទេស ឬតំបន់ណាដែលមានការកេងប្រវ័ញ្ច ​ឬ​ប្រើ​ប្រាស់​កម្លាំង​ពលកម្មដោយបង្ខំនោះទេ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានបញ្ជាក់ថា នៅក្នុងបរិបទពន្ធគយថ្មីរបស់អាមេរិក (Section 301) សហរដ្ឋអាមេរិកបានប្រកាសដាក់ពន្ធគយថ្មីលើប្រទេសចំនួន ៦០ ជុំវិញ​ពិភព​លោក ​ដោយសារកង្វល់លើបញ្ហាកម្លាំងពលកម្មបង្ខំ (Forced Labor)។ ក្នុងអត្រាពន្ធថ្មីនេះ សម្រាប់​កម្ពុជា អត្រាពន្ធថ្មីនេះត្រូវបានកំណត់ត្រឹម ១០% ដែលជាកម្រិតទាប និងមានភា​ព​ប្រកួត​ប្រជែង​ជាង​ប្រទេសជិ​តខាង (ដូចជា ថៃ និងវៀតណាម ដែលរងការកំណត់ពន្ធរហូតដល់ ១២.៥%​)។​

ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី បានសង្គត់ធ្ងន់ថា ជាយុទ្ធសាស្ត្រពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា គឺ​កម្ពុជាមិ​នពឹងផ្អែកលើការអនុគ្រោះពន្ធតែមួយមុខនោះទេ។ ឯកឧត្តមសង្កត់ធ្ងន់ថា កម្ពុជា​ត្រូវ​តែ​ពឹង​ផ្អែក​លើ​ខ្លួនឯង តាមរយៈការកាត់បន្ថយថ្លៃដើមផលិតកម្ម និងថ្លៃដឹកជញ្ជូន (Logistics) ឱ្យ​កាន់​តែទា​ប។ ក្រៅពីនេះការកែទម្រង់ផ្ទៃក្នុង៖ រដ្ឋាភិបាលកំពុងសម្រួល «នីតិវិធីស្មុគស្មាញ» នានា ដើម្បី​ទាក់ទាញវិនិយោគ និងរំកិលខ្លួនពីឧស្សាហកម្មអតិពលកម្ម (ដូចជាការកាត់ដេរធម្មតា) ទៅ​ជា​ឧស្សា​ហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ដូចជា គ្រឿងអេឡិចត្រូនិក និងការកែ​ច្នៃ​ម្ហូប​អាហារ​ជា​ដើម​ និងកាត់បន្ថយនីតិវិធីស្មុគស្មាញដល់វិនិយោគិនទាំងក្នុងប្រទេស និងវិនិយោគិនបរទេស៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia