ព័ត៌មាន
អគ្គនាយកក្រុមហ៊ុន Minebea៖ បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ មិនប៉ះពាល់ដល់ប្រតិបត្តិការវិនិយោគនៅកម្ពុជាឡើយ
ភ្នំពេញ៖ វិនិយោគិនជប៉ុនលោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa KAINUMA) អគ្គនាយកក្រុមហ៊ុន MinebeaMitsumi Co., Ltd បានថ្លែងបញ្ជាក់ថាទោះបីជាមួយរយៈពេលចុងក្រោយនេះប្រទេសកម្ពុជាបានជួបប្រទះឧបសគ្គមួយចំនួនដូចជាជម្លោះព្រំដែនជាមួយថៃ និងបញ្ហាបទល្មើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប៉ុន្ដែឧបសគ្គទាំងនេះមិនបានធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការ និងដំណើរការអាជីវកម្មរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជាឡើយ។
លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា អគ្គនាយកក្រុមហ៊ុន Minebea បានបញ្ជាក់បែបនេះក្នុងឱកាស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើមនៃជំនួបសម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលបានជួបជាមួយលោកអគ្គនាយកក្រុមហ៊ុន MinebeaMitsumi Co., Ltd ព្រមទាំងសហការី ហើយសម្ដេចតេជោ បានសម្ដែងនូវការពេញចិត្តចំពោះការឈរជើងយ៉ាងរឹងមាំរបស់ក្រុមហ៊ុន Minebea នៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោ ក៏សម្ដែងនូវការពេញចិត្តនៅពេលដែលឃើញក្រុមហ៊ុន Minebea បានពង្រីកនូវការវិនិយោគជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា។
នៅក្នុងឱកាសនោះ លោកអគ្គនាយកក្រុមហ៊ុន Minebea បានសម្ដែងនូវការអរគុណជាអនេកប្បការចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីបានជួបនៅក្នុងឱកាសនេះ។ លោកបានរំឭកថា ជំនួបចុងក្រោយរបស់លោក ជាមួយនឹងសម្ដេចតេជោ គឺនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ដែលពេលនោះមិនទាន់មានការផ្ទុះឡើងនៃជម្លោះព្រំដែនរវាងកម្ពុជា និងថៃនៅឡើយទេ។
លោកបានលើកឡើងថា បើទោះបីជាយ៉ាងណាក៏ដោយ ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ មានការប៉ះពាល់ខ្លះដល់ការដឹកជញ្ជូន ក៏ប៉ុន្ដែមិនបានប៉ះពាល់ដល់ដំណើរការនៃការធ្វើអាជីវកម្មរបស់ក្រុមហ៊ុន Minebea ឡើយ គឺក្រុមហ៊ុននៅតែដំណើរការដោយរលូនជាធម្មតា ដែលបង្ហាញពីភាពធន់មួយរបស់កម្ពុជា ក្នុងការថែរក្សាអ្នកវិនិយោគ។
លោកអគ្គនាយកក្រុមហ៊ុន Minebea ក៏បានរាយការណ៍ជូនសម្ដេចតេជោ អំពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ដែលមកដល់ពេលនេះ ក្រុមហ៊ុន បានបើករោងចក្រចំនួនពីរកន្លែងរួចហើយគឺនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តពោធិ៍សាត់ ដែលបានចូលរួមចំណែកក្នុងការបង្កើតការងារ ខណៈក្នុងខេត្តពោធិ៍ក្រុមហ៊ុនកំពុងធ្វើរោងចក្រអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ។ លោកអគ្គនាយក បានលើកឡើងថា មកដល់ពេលនេះ ក្រុមហ៊ុន Minebea កំពុងតែស្វែងរកឱកាស និងលទ្ធភាពក្នុងការពង្រីកនៅការវិនិយោគរបស់ខ្លួនបន្ថែមទៀត។
លោកបានលើកឡើងថា បើទោះបីជាមួយរយៈពេលចុងក្រោយនេះ មានការផ្សព្វផ្សាយពីបញ្ហាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា និងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ, ប៉ុន្ដែសម្រាប់លោកផ្ទាល់ មើលឃើញថា ការវិនិយោគនៅក្នុងប្រទេសកម្ពុជា គឺជាការវិនិយោគដ៏ទុកចិត្ត និងគ្មានការបារម្ភអ្វីនោះឡើយ ខណៈមកដល់ពេលនេះ ក្រុមហ៊ុនរបស់លោកបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាមានរយៈពេលប្រមាណ ១៥ឆ្នាំមកហើយ។
ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីរីករាយចំពោះរបាយការណ៍ដែលជាវឌ្ឍនភាពរបស់ក្រុមហ៊ុន Minebea, សម្ដេចក៏បង្ហាញការផ្ញាក់ផ្អើលផងដែរ ដោយសារតែទោះបីជាកម្ពុជាជួបបញ្ហាជម្លោះព្រំដែនជាមួយថៃ ក៏ប៉ុន្ដែមិនបានធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគ និងប្រតិបត្តិការរបស់ក្រុមហ៊ុន Minebea នោះឡើយ។ សម្ដេចតេជោ បានលើកឡើងថា វឌ្ឍនភាពនៃក្រុមហ៊ុន Minebea នេះ បានបង្ហាញអំពីភាពធន់យ៉ាងច្បាស់របស់កម្ពុជា ក៏ដូចជាភាពធន់របស់ក្រុមហ៊ុនផ្ទាល់ដែលនៅតែរឹងមាំនៅក្នុងប្រទេសកម្ពុជា បើទោះបីជាមានឧបសគ្គខ្លះ ប៉ុន្ដែមិនបានបណ្ដាលឱ្យក្រុមហ៊ុនជួបនូវផល់ប៉ះពាល់ឡើយ តែផ្ទុយទៅវិញក្រុមហ៊ុននៅតែបន្តវឌ្ឍនភាពទៅមុខបន្ថែមទៀត។ សម្ដេចតេជោ ក៏បង្ហាញនូវក្ដីរីករាយផងដែរ ដែលក្រុមហ៊ុន Minebea ចង់ពង្រីកលទ្ធភាពលើការវិនិយោគបន្ថែមនៅក្នុងប្រទេសកម្ពុជា។
ជាចុងក្រោយសម្ដេចតេជោ បានរំលេចបន្ថែមចំពោះលោកអគ្គនាយក Minebea ថា សូមបន្តជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលកន្លងមកក្រុមហ៊ុនបានធ្វើការងារជាមួយរដ្ឋាភិបាលដឹកនាំដោយសម្ដេចផ្ទាល់ ហើយពេលនេះរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលសុទ្ធសឹងតែជាអ្នកសេដ្ឋកិច្ច ដូច្នេះបរិយាកាសវិនិយោគនៅកម្ពុជាគឺកាន់តែល្អប្រសើរសម្រាប់ការវិនិយោគនៅក្នុងប្រទេសកម្ពុជា៕


-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន6 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ