Connect with us

ព័ត៌មាន

តំណាងសហជីព៖ មកទល់អាណត្តិទី៧ ការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំស្ទើរតែមិនមាននៅកម្ពុជា

ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានលើកឡើងថា គិតមកដល់បច្ចុប្បន្ន បន្ទាប់ពីសម្តេចធិបតីចូលកាន់តំណែងជានាយករដ្ឋមន្រ្តី បានឃើញថា វិស័យការងារកាន់តែទទួលបានការយកចិត្តទុកដាក់ខ្ពស់ ជាពិសេសវិវាទការងារក្នុងការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ។

ជួបសម្ភាសន៍ជាមួយ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកក្កដានេះ លោកបានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា គិតចាប់តាំងពីការដឹកនាំរាជរដ្ឋាភិបាលរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា រហូតមកដល់បច្ចុប្បន្ន ចំពោះលក្ខខណ្ឌការងារត្រូវបានកែប្រែច្រើនជាងអ្វីដែលធ្លាប់មានកន្លងមក មានដូចជា៖ ទី១.គឺការអនុវត្តរបបសន្តិសុខសង្គមនានាជាដើម ទី២.ការរំលោភសិទ្ធិសេរីភាពកម្មករនិយោជិត ក៏ដូចជាការងារដោយបង្ខំ ខណៈដែលកន្លងមកការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំនៅកម្ពុជា គឺមានតិចតួចទេ ដោយសារភាគច្រើនជាទូទៅគឺកើតឡើងចំពោះរោងចក្រ សហគ្រាស ធនតូចនិងមធ្យម ដែលគេចវេស និងមិនគោរពទៅតាមច្បាប់កំណត់របស់រដ្ឋ។

លោកបានរៀបរាប់បន្តថា កម្ពុជាមានយន្តការដោះស្រាយវិវាទការងារ មានទាំងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាក្រុមប្រឹក្សាអាជ្ញាកណ្តាល គឺមានជាបន្តបន្ទាប់ ដូច្នេះទោះបីជាមានបញ្ហាសម្រាប់កម្មករនិយោជិត គឺមានការដោះស្រាយជាបន្ទាន់ ជាពិសេសបានឃើញថា ស្ថានភាពបច្ចុប្បន្នមានការកាត់បន្ថយទាំងជម្លោះ ក៏ដូចជាកូដកម្ម និងបាតុកម្ម បើទោះបីជាធ្លាប់មានបញ្ហាខ្លះក៏ដោយក្នុងកម្រិតតិចតួច ប៉ុន្តែក្រសួងការងារដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល តែងតែអនុវត្ត ហើយមានមន្រ្តីការងារប្រចាំការជាប់ជានិច្ច មិនថាថ្ងៃសៅរ៍ អាទិត្យ ឬជាថ្ងៃឈប់សម្រាកបុណ្យទាននោះទេ គឺមានជានិច្ចដើម្បីរង់ចាំទទួលនូវអ្វីដែលជាការបញ្ហារបស់កម្មករនិយោជិត។

សហជីពរូបនេះ បានបញ្ជាក់ទៀតថា និយាយដល់ស្ថានភាពនៃការបញ្ជាទិញ បច្ចុប្បន្ននៅតែរក្សាបានល្អប្រសើរ ដោយទទួលបានការបញ្ជាទិញជាច្រើន ដោយសារកត្តាលក្ខខណ្ឌការងារល្អនៅកម្ពុជា ទទួលបានការគោរពខ្ពស់ ជាពិសេសកម្ពុជា ជាប្រទេសមានសុខសន្តិភាព ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាល បានបង្កលក្ខណៈឱ្យអ្នកវិនិយោគមាន​ឱកាស ហើយជឿទុកចិត្តខ្ពស់ ដើម្បីមានឱកាសក្នុងការប្រកបមុខរបរ ក៏ដូចជាបង្កើនការបញ្ជាទិញសម្រាប់កម្មករនិយោជិត។ បន្ថែមពីនេះទៀត ក៏បានមើលឃើញទៀតថា កម្មករនិយោជិតដែលជាអតីតពលករត្រឡប់មកពីប្រទេសថៃ ក៏ទទួលបានការយកចិត្តដាក់ តាមរយៈការទទួលបានឱកាសការងារថ្មី និងអត្ថប្រយោជន៍ផ្សេងៗថែមទៀត ដូចទៅនឹងកម្មករនិយោជិតចាស់ផងដែរ។

កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦កន្លងទៅនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាមិនមានការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំនោះទេ ហើយក៏មិនបានទិញវត្ថុធាតុដើមពីប្រទេសដែលប្រើកម្លាំងពលកម្មដោយបង្ខំដែរ។

គួររំលឹកថា សហរដ្ឋអាម៉េរិកកំពុងតែរៀបចំកំណត់ហេតុ គ្រោងដំឡើងពន្ធគយបន្ថែមពី១០% ទៅ១២,៥% លើទំនិញនាំចូលពីប្រទេសចំនួន៦០ជុំវិញពិភពលោក ដោយសារតែរងការចោទប្រកាន់ពីបញ្ហាកម្លាំងពលកម្មដោយបង្ខំ។ នៅក្នុងចំណោមនោះ កម្ពុជា និងប្រទេសជិតខាងមួយចំនួនទៀត ក៏ត្រូវបានគេរុញចូលទៅក្នុង «បញ្ជីប្រកាសអាសន្ន» នេះដែរ ដោយកម្ពុជាអាចនឹងត្រូវប្រឈមមុខនឹងការដំឡើងពន្ធបន្ថែមចំនួន១០%៕អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia