Connect with us

ព័ត៌មាន

កម្ពុជា-អូស្រ្តាលី ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យអាទិភាព

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារពីសំណាក់ លោកជំទាវបណ្ឌិត អ៊ែន អាលី រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍អន្តរជាតិ រដ្ឋមន្រ្តីទទួលបន្ទុកអាជីវកម្មខ្នាតតូច និងជារដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការពហុវប្បធម៌នៃប្រទេសអូស្រ្តាលី នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកជំទាវរដ្ឋមន្រ្តីបំពេញទស្សនកិច្ចនៅកម្ពុជា។

នៅក្នុងជំនួប រដ្ឋមន្រ្តីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តចំពោះការវិវត្តជាវិជ្ជមាននៃទំនាក់ទំនង កម្ពុជា-អូស្រ្តាលី ក្នុងរយៈពេលជាង ៧ ទសវត្សរ៍មកនេះ ដែលស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងជាន់ខ្ពស់ជាញឹកញាប់ កំណើនពាណិជ្ជកម្ម និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ ភាគីទាំងពីរ បានពិភាក្សាយ៉ាងស៊ីជម្រៅអំពីមធ្យោបាយក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យអាទិភាព រួមមាន ពាណិជ្ជកម្ម និងការវិនិយោគ កសិកម្ម កសិ-ឧស្សាហកម្ម ថាមពល ការអប់រំ និងការបោសសម្អាតមីន។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម។

ដោយឆ្នាំ២០២៧ខាងមុខ គឺជាខួបលើកទី៧៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ កម្ពុជា និងអូស្រ្តាលី បានប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងទំនាក់ទំនងបន្ថែមទៀត។ ភាគីទាំងពីរត្រៀមរួចជាស្រេចក្នុងការរៀបចំសកម្មភាពរួម ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនលោកជំទាវបណ្ឌិត អ៊ែន អាលី អំពីការវិវត្តថ្មីៗនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ផងដែរ។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia