Connect with us

ព័ត៌មាន

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់ប្រាប់អ្នករាយការណ៍ពិសេស UN អំពីស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ និងគោលជំហររបស់កម្ពុជាក្នុងការដោះស្រាយវិវាទដោយសន្តិវិធី

ភ្នំពេញ ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ជូនលោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាអំពីស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ និងគោលជំហររបស់ព្រះរាជាណាចក្រកម្ពុជាក្នុងការដោះស្រាយវិវាទដោយសន្តិវិធី។ ការបញ្ជាក់នេះ នៅក្នុងជំនួបពិភាក្សាការងារនាទីសត្តីការក្រសួងនៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Thomas Andrews និងសហការី ដែលបានអញ្ជើញមកកាន់ក្រសួងយុត្តិធម៌ និងបានថ្លែងអំណរគុណលោកដែលបានអញ្ជើញចុះទៅត្រួតពិនិត្យមើលស្ថានភាពជនភៀសសឹកខ្មែរនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។

នៅក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរៀបរាប់អំពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដែលត្រូវបានចាត់ទុកជាអាទិភាពចម្បងមួយ។

ទន្ទឹមនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិក៏បានពិភាក្សាលើកិច្ចការមួយចំនួនទៀតដូចជា ភាពចង្អៀតណែនក្នុងពន្ធនាគារ យុត្តិធម៌អនីតិជន បញ្ហាគ្រឿងញៀន ដំណើរការវិសោធនកម្មច្បាប់មួយចំនួនពាក់ព័ន្ធវិស័យយុត្តិធម៌ និងលំហនៃការអនុវត្តសិទ្ធិសេរីភាពនៅកម្ពុជា។

ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោក Thomas Andrews បានបញ្ជាក់អំពីការប្តេជ្ញាចិត្តបន្តសហការគ្នាដោយស្មោះត្រង់ តាមរយៈកិច្ចសន្ទនា និងការចែករំលែកព័ត៌មានទៅវិញទៅមក ដើម្បីរួមគ្នាជួយដល់ប្រជាជនកម្ពុជា។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានទៅពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ អ្នករាយការណ៍ពិសេសក៏បានជួបពិភាក្សានិងស្តាប់ការធ្វើបទបង្ហាញរបស់ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អំពីការរំលោភបំពានរបស់យោធាថៃមកលើបូរណភាពទឹកដីកម្ពុជា និងអំពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋផងដែរ។

គោលបំណងចម្បងនៃបេសកកម្ម និងទស្សនកិច្ចការងាររបស់អ្នករាយការណ៍ពិសេសមកកាន់កម្ពុជា និងតំបន់ព្រំដែន ដើម្បីសិក្សាពីស្ថានភាពជនភៀសសឹក ចុះពិនិត្យ និងប្រមូលព័ត៌មានផ្ទាល់អំពីស្ថានភាពរស់នៅ និងតម្រូវការផ្នែកមនុស្សធម៌របស់ប្រជាជនកម្ពុជា ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន។ ដើម្បីវាយតម្លៃផលប៉ះពាល់ជម្លោះ នៃការប៉ះទង្គិចគ្នានៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងការប្រមូលព័ត៌មាន និងភស្តុតាងជាក់ស្តែង ដើម្បីរៀបចំជា របាយការណ៍ផ្លូវការ ជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia