ព័ត៌មាន
សម្ទុះភ្ញៀវទេសចរចិន និងភ្ញៀវទេសចរក្នុងស្រុក នៅតែនាំមុខវិស័យទេសចរណ៍កម្ពុជា
វិស័យទេសចរណ៍កម្ពុជានៅតែបង្ហាញសញ្ញាវិជ្ជមាន ដោយសារភ្ញៀវទេសចរចិន និងភ្ញៀវទេសចរក្នុងស្រុកបន្តឈានមុខគេ ដែលជាកម្លាំងចម្បងក្នុងការជំរុញសកម្មភាពទេសចរណ៍។ នេះបានបង្ហាញពីសក្តានុពលរបស់កម្ពុជាក្នុងការទាក់ទាញភ្ញៀវពីទីផ្សារអាស៊ី ព្រមទាំង លើកកម្ពស់ការធ្វើដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋក្នុងស្រុក។
របាយការណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនជាង ១,៧៥លាននាក់ (១,៧៥១,៨៨៦នាក់) ថយចុះ ៤៧,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះ ចរន្តធ្វើដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋក្នុងស្រុកមានចំនួន ២១,៩៣៨,៤៥៧នាក់ កើនឡើង ៥០%។
របាយការណ៍ដដែលបង្ហាញថា ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិ ភ្ញៀវមកពីតំបន់អាស៊ានមានចំនួន ៦៣៤,៤០០នាក់ ស្មើនឹង ៣៦,២% នៃភ្ញៀវទេសចរអន្តរជាតិសរុប។ ក្នុងនោះ ភ្ញៀវទេសចរចិនឈរនៅលំដាប់ទី១ មានចំនួន ៤៥២,២៦៣នាក់ ស្មើនឹង ២៥,៨% នៃភ្ញៀវទេសចរអន្តរជាតិសរុប ខណៈភ្ញៀវទេសចរវៀតណាមឈរនៅលំដាប់ទី២ មានចំនួន ៤៤៧,៦៩២នាក់ ស្មើនឹង ២៥,៦%។ដោយឡែក ភ្ញៀវទេសចរមកពីតំបន់អឺរ៉ុបមានចំនួន ៣០៤,៣១៩នាក់ ស្មើនឹង ១៧,៤% នៃភ្ញៀវទេសចរអន្តរជាតិសរុប។ រីឯ ភ្ញៀវទេសចរមកពីសហរដ្ឋអាមេរិកមានចំនួន ១៤៣,៣៧៧នាក់ ស្មើនឹង ៨,២% នៃភ្ញៀវទេសចរអន្តរជាតិសរុប។
លោកជំទាវ ហ៊ុន ដានី ប្រធានក្រុមអ្នកនាំពាក្យនៃក្រសួងទេសចរណ៍ បានប្រាប់ BTV ថា ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះចំនួន ៦ ដើម្បីពង្រឹងភាពធន់ និងលើកកម្ពស់វិស័យទេសចរណ៍។ ក្នុងនោះ ការពង្រឹងយុទ្ធសាស្ត្រសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស តាមរយៈការលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ និង ការសម្រួលការធ្វើដំណើរចូល-ចេញប្រទេសកម្ពុជា និងការតភា្ជប់ការធ្វើដំណើរ និងចំណុចសំខាន់ៗមួយចំនួនទៀត។
លោកជំទាវ បន្តទៀតថា ស្របតាម «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន» និងដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់ការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ចាប់ផ្តើមពីថ្ងៃទី១៥ ខែមិថុនា រហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដែលពិតជាបានផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរទេសចរណ៍ និងធុរកិច្ច ព្រមទាំងបាននិងកំពុងក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លា ក្នុងការទាក់ទាញលំហូរទេសចរ និងទុនវិនិយោគពីប្រទេសចិន មកកាន់ព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវសង្ឃឹមថា៖ «អនុលោមតាមគោលនយោបាយ និងយុទ្ធសាស្ត្រដែលបានដាក់ចេញ ក្រសួងទេសចរណ៍រំពឹងថា នឹងទទួលបានកំណើនភ្ញៀវទេសចរ ក៏ដូចជាចំណូលពីវិស័យទេសចរណ៍នឹងអាចងើបឡើងវិញនៅឆមាសទី២ ឆ្នាំ២០២៦នេះ»។
លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA) មើលឃើញថា តាមរយៈយុទ្ធនារការណ៍ផ្សព្វផ្សាយ និងយុទ្ធសាស្រ្តលើកលែងទិដ្ឋការដល់ទេសចរចិនក្នុងរដូវកាលបៃតងរបស់កម្ពុជា កំពុងផ្ដល់ផលវិជ្ជមានដល់វិស័យទេសចរណ៍កម្ពុជា។
លោកបណ្ឌិតផ្តល់អនុសាសន៍ថា៖ «យុទ្ធនាការ «រដូវកាលបៃតង» គួរចាប់ផ្តើមរៀបចំផែនការ និងធ្វើទីផ្សារយ៉ាងហោចណាស់ ៦ ខែ មុនពេលរដូវបៃតងមកដល់។ ការផ្សព្វផ្សាយមុនរដូវកាល នឹងផ្តល់ពេលវេលាគ្រប់គ្រាន់ឱ្យទីផ្សារអន្តរជាតិ ក្រុមហ៊ុនទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ និងភ្ញៀវទេសចរ អាចរៀបចំ និងលក់កញ្ចប់ទេសចរណ៍បានទាន់ពេលវេលា»។
សូមបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ កម្ពុជារកចំណូលបានពីវិស័យទេសចរណ៍សម្រេចបានក្នុងទំហំទឹកប្រាក់ ១,៤ ប៊ីលានដុល្លារ ធ្លាក់ចុះ ៣១,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕អត្ថបទ៖ ធូ វិរៈ













-
ព័ត៌មាន7 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ