ព័ត៌មាន
អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យកម្ទេចសំណង់អនាធិបតេយ្យរំលោភចូលទន្លេសាប និងព្រមានមន្ត្រីពាក់ព័ន្ធ
កំពង់ឆ្នាំង៖ សំណង់រឹងមាំដែលសង់រំលោភចូលក្នុងតំបន់ទន្លេសាបដោយគ្មានការអនុញ្ញាតនៅខេត្តកំពង់ឆ្នាំង ត្រូវបានបញ្ជាឱ្យវាយកម្ទេចចេញរួចរាល់នៅក្នុងភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខណៈអភិបាលខេត្តកំពង់ឆ្នាំង បានណែនាំដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ ឱ្យបញ្ឈប់ការបណ្តែតបណ្តោយចំពោះសំណង់អនាធិបតេយ្យ និងការរំលោភលើទ្រព្យសម្បត្តិសាធារណៈ។
លោក ជា សុខរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារចម្រុះថ្នាក់ខេត្ត បានឱ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ថា តាមបទបញ្ជារបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ក្រុមការងារចម្រុះត្រូវអនុវត្តការវាយកម្ទេចសំណង់រឹងមាំដែលបានសាងសង់រំលោភចូលទន្លេសាបដោយអនាធិបតេយ្យឱ្យបានជាដាច់ខាត។ ក្រោយការវាយកម្ទេច សំណល់កម្ទេចកំទីទាំងអស់ត្រូវប្រមូល និងយកចេញពីទីតាំង ដើម្បីស្តារឡើងវិញនូវសណ្តាប់ធ្នាប់ និងការពារតំបន់ធនធានធម្មជាតិ។ ចំពោះម្ចាស់សំណង់ផ្សេងទៀតដែលបានសាងសង់ចូលក្នុងទន្លេសាបដោយគ្មានការអនុញ្ញាត ត្រូវរុះរើចេញដោយខ្លួនឯង និងហាមដាច់ខាតមិនឱ្យបន្តសាងសង់បែបអនាធិបតេយ្យបន្តទៀត។
លោក ជា សុខរិទ្ធ បានបញ្ជាក់ថា មិនត្រឹមតែចាត់វិធានការលើសំណង់ខុសច្បាប់ប៉ុណ្ណោះទេ អភិបាលខេត្តក៏បានព្រមានដល់មន្ត្រីគ្រប់ថ្នាក់ ចាប់ពីភូមិ ឃុំ ស្រុក រហូតដល់ខេត្ត ដែលមានការពាក់ព័ន្ធ ឬបណ្តែតបណ្តោយឱ្យមានសំណង់រំលោភលើដីសាធារណៈរបស់រដ្ឋ ដូចជាតាមមាត់ស្ទឹង អូរ ប្រឡាយ និងបឹងផងដែរ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានណែនាំថា មន្ត្រីមិនត្រូវយកផលប្រយោជន៍តូចតាចមកធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងទំនុកចិត្តរបស់ប្រជាពលរដ្ឋឡើយ។ ប្រសិនបើមានការរកឃើញថា មន្ត្រីណាមួយពាក់ព័ន្ធនឹងការអនុញ្ញាត ឬមិនចាត់វិធានការទប់ស្កាត់សំណង់ខុសច្បាប់ នឹងត្រូវអនុវត្តវិធានការតាមផ្លូវច្បាប់។
ការព្រមាននេះធ្វើឡើង បន្ទាប់ពីមានការរកឃើញថា ករណីសំណង់រឹងមាំសង់រំលោភចូលទន្លេសាបដោយគ្មានច្បាប់ទម្លាប់ មានការពាក់ព័ន្ធនឹងការខ្វះការទប់ស្កាត់ពីមន្ត្រីមូលដ្ឋានមួយចំនួនកន្លងមក៕







-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន7 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន2 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន7 days agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន1 week agoសម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបានកោតសរសើរចំពោះវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន3 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ