Connect with us

ព័ត៌មាន

យុវជនកងយោធពលខេមរភូមិន្ទ បន្ដទទួលឱកាសមាសចូលរួមព្រឹត្តិការណ៍អន្ដរជាតិ នៅចិន

ក្រុមបាល់ទាត់យុវជនអាយុក្រោម ១៥ឆ្នាំ នៃសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានបន្ដទទួលឱកាសចូលរួមព្រឹត្តិការណ៍កីឡាបាល់យុវជនឆ្នើម Silk Road 2026 នៅសាធារណៈរដ្ឋប្រជាមានិតចិន ក្រោមការអញ្ជើញពីសមាគមចិនឈានចូវនៅកម្ពុជា។ ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី៧ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ខាងមុខ ដោយក្រុមយុវជន U15 កងយោធពលខេមរភូមិន្ទ ដឹកនាំដោយអ្នកនាង ពៅ សុខា ជាប្រធានប្រតិភូ។

លោក ថោង ឧត្ដម អ្នកចាត់ការទូទៅនៃសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីចុងសប្ដាហ៍កន្លងទៅថា នេះជាឱកាសថ្មីមួយៗ សម្រាប់យុវជនកម្ពុជា ពិសេសថ្នាលបាល់ទាត់ថ្មីៗរបស់ក្លិបផ្ទាល់ ក្នុងការបង្ហាញសមត្ថភាព និងទេពកោលស្យ ក៏ដូចជាដកស្រង់បទពិសោធន៍ និងកសាងទំនុកចិត្ត តាមរយៈការចូលរួមព្រឹត្តិការណ៍លក្ខណៈអន្ដរជាតិនេះ។

កន្លងមកសមាគមតែងបញ្ជូនក្រុមយុវជនខ្លួនចូលរួមព្រឹត្តិការណ៍ជារឿយៗ តបតាមការអញ្ជើញរបស់ភាគីចិន តែដំណើរលើកនេះ កាន់តែពិសេស ដោយទទួលបានការឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងពីសមាគមឈានចូវ និងសមាគមហ្វូជាននៅកម្ពុជា។ ជំនួយនេះ មិនត្រឹមតែជាការជ្រោមជ្រែងផ្នែកកីឡាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង ក្នុងការរួមចំណែកអភិវឌ្ឍវិស័យបាល់ទាត់កម្ពុជាឱ្យកាន់តែរីកចម្រើន។

អ្នកចាត់ការទូទៅក្រុមដដែលបន្ដថា ទោះបីការចូលរួមនេះ លោកមិនរំពឹងខ្ពស់លើលទ្ធផល តែលោកសង្ឃឹមថា ការចូលរួមនេះ គឺជាឱកាសមាសមួយ សម្រាប់ជំរុញការអភិវឌ្ឍន៍សមត្ថភាពធនធានកីឡាករថ្នាលរបស់ខ្លួនកាន់តែប្រសើរ ដើម្បីអាចក្លាយជាកីឡាករជម្រើសជាតិនាថ្ងៃអនាគត ពិសេសការរឹតចំណងមិត្តភាព និងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។

ជាមួយគ្នា លោក Ye ChangQing ប្រធានសមាគមឈានចូវនៅកម្ពុជា និងជាតំណាងក្រុមហ៊ុនឧបត្ថម្ភ បានសម្តែងនូវក្តីរីករាយជាខ្លាំង ដែលបានចូលរួមគាំទ្រដល់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ។ លោកថា នេះជាព្រឹត្តិការណ៍បាល់ទាត់យុវជនអន្តរជាតិមួយ ដែលមានបេក្ខភាពជាង ៦០ក្រុម ចាប់ពីកម្រិតអាយុ ៨ឆ្នាំ ដល់ ១៥ ឆ្នាំចូលរួម ហើយជាឱកាសផ្លាស់ប្ដូរបទពិសោធកីឡា និងវប្បធម៌ដ៏មានអត្ថន័យរវាងចិន និងកម្ពុជា។

ទន្ទឹមនឹងនោះលោក ភួង សុខសាណា គ្រូបង្គោលក្រុមយុវជន U15 កងយោធពលខេមរភូមិន្ទ បានចាត់ទុកការប្រកួតនេះ ជាឱកាសតេស្តសមត្ថភាពដ៏សំខាន់ សម្រាប់កូនក្រុមរបស់លោក ដែលទើបតែប្រមូលផ្ដុំហ្វឹកហាត់រួមគ្នាបានប្រមាណ ៤ ខែប៉ុណ្ណោះ ហើយលោកជឿជាក់យ៉ាងមុតមាំថា ពួកគេនឹងអាចទាញយកបទពិសោធទាំងនេះមកអភិវឌ្ឍខ្លួន ដើម្បីក្លាយជាធនធានដ៏មានសក្ដានុពលសម្រាប់វិស័យកីឡាបាល់ទាត់ជាតិនាថ្ងៃអនាគត៕

អត្ថបទ លី ឈុនឡា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia