Connect with us

ព័ត៌មាន

ធនាគារ៣ ដែលមិនសូវមានភាពសកម្មក្នុងសេដ្ឋកិច្ច ត្រូវបានដាក់ឱ្យជម្រះបញ្ជី

ធនាគារជាតិនៃកម្ពុជា សម្រេចដកហូតអាជ្ញាបណ្ណ និងដាក់ឱ្យជម្រះបញ្ជីដល់ធនាគារចំនួន៣ ដែលមិនសូវមានប្រតិបត្តិការសកម្ម ក្នុងសេដ្ឋកិច្ច បន្ទាប់ពីអាជីវកម្មរបស់គ្រឹះស្ថានទាំងនេះ ទទួលរងផលប៉ះពាល់ជាបន្តបន្ទាប់ពីកត្តាមួយចំនួន។

ធនាគារជាតិនៃកម្ពុជា បានជម្រាបជូនសាធារណជន អំពីការសម្រេចដកហូតអាជ្ញាបណ្ណ និងដាក់ឱ្យជម្រះបញ្ជីធនាគារចំនួន បីរួមមាន៖ ១/- ធនាគារ ស៊ីស៊ីយូ ខមមើសល ម.ក, ២/- ធនាគារ ហេង ហ្នឹង (ខេមបូឌា) ម.ក និង ៣/- ធនាគារ អេចអេច (ខេមបូឌា) ម.ក ដោយផ្អែកលើអនុលោមភាពដែលកំណត់ក្នុងច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ ក្នុងន័យនេះ ធនាគារជាតិនៃកម្ពុជា ក៏បានសម្រេចតែងតាំងក្រុមហ៊ុនជម្រះបញ្ជីជូនអ្នកពាក់ព័ន្ធផងដែរ ក្នុងនោះក្រុមហ៊ុន រីចន៍ & ផាតនើរ ជាអ្នកជម្រះបញ្ជី ធនាគារ ស៊ីស៊ីយូ ខមមើសល ម.ក និងក្រុមហ៊ុន បេកឃើរ ធីលលី (ខេមបូឌា) ឯ.ក ជាអ្នកជម្រះបញ្ជី ធនាគារ ហេង ហ្នឹង (ខេមបូឌា) ម.ក និងធនាគារ អេចអេច (ខេមបូឌា) ម.ក ដែលក្រុមហ៊ុនទាំងពីរនេះនឹងបន្តនីតិវិធីជម្រះបញ្ជីតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានចាប់ពី ថ្ងៃតែងតាំងតទៅ។

ចំពោះអតិថិជនដែលមានប្រាក់បញ្ញើនៅធនាគារទាំងបីនេះ ត្រូវរៀបចំឯកសារ ដើម្បីស្នើសុំដកប្រាក់បញ្ញើ ដែលនឹងត្រូវបាន ចាត់ចែងទូទាត់ជូនតាមលំដាប់អាទិភាពដូចកំណត់ដោយច្បាប់ ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ ចំពោះអ្នកខ្ចីប្រាក់ពីធនាគារ ទាំង បីនេះវិញ គឺត្រូវបន្តបំពេញកាតព្វកិច្ចដែលមានជាប្រក្រតី។ រាល់សំណួរពាក់ព័ន្ធនឹងការជម្រះបញ្ជីខាងលើ អតិថិជន និងភាគីពាក់ព័ន្ធ អាចទាក់ទងដោយផ្ទាល់ ទៅអ្នកជម្រះបញ្ជីតាមអាសយដ្ឋានដូចខាងក្រោម៖

១/- ធនាគារ ស៊ីស៊ីយូ ខមមើសល ប៊ែង ម.ក ត្រូវទាក់ទងទៅក្រុមហ៊ុន រីចន៍ & ផាតនើរ ដែលមានអាសយដ្ឋាននៅផ្ទះលេខ ២២៨៣ ផ្លូវលេខ ១៩៧០ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ លេខទូរស័ព្ទលេខ ០២៣ ២៣០ ៣៣៣/០៩៥ ៣៥១ ០៨៦។ និង២/- ធនាគារ ហេង ហ្នឹង (ខេមបូឌា) ម.ក និងធនាគារ អេចអេច (ខេមបូឌា) ម.ក ត្រូវទាក់ទងទៅក្រុមហ៊ុន បេកឃើរ ធីលលី (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅផ្ទះលេខបេ ៣-០៧១ និង បេ ៣-០៧២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (បុរីអេលីសេ ទីក្រុងកោះពេជ្រ) លេខទូរស័ព្ទលេខ: ០២៣ ៩៨៧។

មន្រ្តីជាន់ខ្ពស់របស់ធនាគារជាតិនៃកម្ពុជា បញ្ជាក់ថា ការដាក់ឱ្យជម្រះបញ្ជីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលមិនមានអនុលោមភាព គឺជាប្រក្រតីភាពនៃការអនុវត្តការងាររបស់ធនាគារកណ្តាល ដែលជាអាជ្ញាធរត្រួតពិនិត្យប្រព័ន្ធធនាគារ ក្នុងគោលដៅរក្សាស្ថិរភាព តម្លាភាព និងកេរ្តិ៍ឈ្មោះនៃប្រព័ន្ធធនាគារទាំងមូល។ ជាក់ស្តែងទីផ្សាររបស់គ្រឹះស្ថានទាំង៣ បូកបញ្ចូលគ្នាមានទំហំតូច បើធៀបនឹង ប្រព័ន្ធធនាគារទាំងមូល ដែលមានទ្រព្យសកម្មសរុបប្រមាណ ២៩៣ លានដុលអាមេរិក ត្រូវ ០,៥ ភាគរយ នៃទ្រព្យសកម្មសរុបក្នុង វិស័យធនាគារ (ដែលមានប្រមាណជិត ១០០ ប៊ីលានដុល្លារអាមេរិក) ក្នុងនោះការផ្តល់ឥណទានរបស់ធនាគារទាំង៣ មានក្នុងរង្វង់ ០,៥ ភាគរយ​ និងការទទួលប្រាក់បញ្ញើរ ០,៥ ភាគរយ និងមានអ្នកកម្ចីឥណទាន ០,០២ ភាគរយ នៃចំនួនខ្ចីលុយសរុបនៅក្នុង វិស័យធនាគារ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia