Connect with us

ព័ត៌មាន

កម្ពុជាប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម ដែលជាអាវុធបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនស៊ីវិល និងអំពាវនាវឱ្យពិភពលោករួមគ្នាបញ្ចប់​​ការ​ប្រើ​ប្រាស់​ ការផលិត ការផ្ទេរ និងការស្តុកទុក​គ្រាប់បែកចង្កោម

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានគូសបញ្ជាក់ពីខេត្តរតនគិរីថា កម្ពុជាសូម​ប្រកាសប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម ដែលជាអាវុធបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនស៊ីវិល និងបន្សល់ទុកនូវផលប៉ះពាល់យូរអង្វែងរាប់ជំនាន់។

ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែល​ឯកឧត្តម​អញ្ជើញចុះពិនិត្យសកម្មភាពស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្កោមរបស់អង្គការជំនួយនៃប្រជាពលរដ្ឋន័រវេស្សន៍ (NPA) នៅស្រុកកូនមុំ ខេត្តរតនគិរី នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាជាប្រទេសដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីគ្រាប់បែកចង្កោម និងយល់ច្បាស់អំពីទុក្ខវេទនា ការបាត់បង់អាយុជីវិត ពិការភាព និងផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ជាក់ស្តែង កាលពីឆ្នាំ២០២៥ ទាហានថៃបានប្រើប្រាស់គ្រាប់បែកចង្កោមវាយប្រហារចូលក្នុងទឹកដីកម្ពុជា ទាំងតំបន់សមរភូមិ និងតំបន់ជនស៊ីវិល ដែលបង្កការគំរាមកំហែងរយៈពេលវែងដល់អាយុជីវិតប្រជាពលរដ្ឋ និងបង្កើនបន្ទុកបន្ថែម​ដល់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យរួមគ្នាបញ្ចប់ការប្រើប្រាស់គ្រាប់បែកចង្កោម ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបោសសម្អាតសំណល់ជាតិផ្ទុះ គាំទ្រជនរងគ្រោះ និងធានាឱ្យប្រជាពលរដ្ឋ ជាពិសេសកុមារ និងស្ត្រី អាចរស់នៅប្រកបដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងគ្មានការភ័យខ្លាចពីគ្រោះថ្នាក់ដោយសារសំណល់ជាតិផ្ទុះ។ ជាមួយគ្នានេះ កម្ពុជាបន្តប្តេជ្ញាពន្លឿនការបោសសម្អាតគ្រាប់បែកចង្កោម ពង្រឹងការអប់រំយល់ដឹង ការជួយជនរងគ្រោះ និងការអភិវឌ្ឍសហគមន៍ ដើម្បីធានាថាគ្មានប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយសារគ្រាប់បែកចង្កោមឡើយ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានសម្តែងនូវ​ការ​ដឹងគុណចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតី​តនាយករដ្ឋមន្រ្តី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​ ដែលបានដឹកនាំប្រកប​ដោយ​ចក្ខុវិស័យ និងយកចិត្តទុកដាក់ខ្ពស់លើវិស័យសកម្មភាពមីនមនុស្សធម៌។ ទោះបីកម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក៏ដោយ ផ្ទៃដីគ្រាប់បែកចង្កោមប្រមាណ ៦៤៤ គីឡូម៉ែត្រការ៉េ នៅតែត្រូវធ្វើការ​បោសសម្អាតបន្ថែម។

តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់អង្គការ NPA និងបានថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅចំពោះសហរដ្ឋអាមេរិក ព្រមទាំងទីភ្នាក់ងារអភិវឌ្ឍន៍ន័រវេស (NORAD) ដែលបានគាំទ្រការស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្កោមនៅខេត្តរតនគិរី ចាប់តាំងពីឆ្នាំ២០១៣។ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីកៀរគរធនធាន និងជំនាញបច្ចេកទេស ពន្លឿនការបោសសម្អាតសំណល់គ្រាប់បែកចង្កោមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា ក្នុងនាមជាប្រទេសរងគ្រោះ កម្ពុជានឹងចូលរួមកិច្ចប្រជុំអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម នៅប្រទេសឡាវ នាខែកញ្ញា ឆ្នាំ២០២៦ ដើម្បីចែករំលែកវឌ្ឍនភាព និងបទពិសោធន៍របស់កម្ពុជា ព្រមទាំងអំពាវនាវឱ្យសហគមន៍អន្តរជាតិបន្តគាំទ្រផ្នែកហិរញ្ញវត្ថុ និងរួមគ្នាបញ្ចប់ការប្រើប្រាស់​ ការផលិត ការផ្ទេរ និងការស្តុកទុកគ្រាប់បែកចង្កោមនៅទូទាំងពិភពលោក។

លោក​ Hans Peter Risser នាយកប្រចាំប្រទេសនៃ​អង្គការ​ NPA បាន​លើកឡើង​ថា​ អង្គការ​ NPA បាន​ចូលរួម​ដល់​សកម្មភាពមីន​មនុស្សធម៌​នៅ​កម្ពុជា​ចាប់តាំង​ពី​ឆ្នាំ​១៩៩៣ ក្នុង​នោះរួមមាន​ទាំ​ង​គាំទ្រ​ការ​បោស​សម្អាត​​មីន​និង​សំណល់ជាតិផ្ទុះពីសង្រ្គាម ការ​គាំទ្របច្ចេកទេស​ និង​ការ​បណ្តុះបណ្តាលធនធានមនុស្ស ជា​ដើម​។ លោក​បន្តទៀត​ថា ដោយ​មាន​ការ​គាំទ្រ​ពី​សហរដ្ឋអាមេរិក​ និង​ទីភ្នាក់ងារអភិវឌ្ឍន៍ន័រវេស (NORAD) ចាប់តាំងពីឆ្នាំ២០១៣ អង្គការ​ NPA បាន​គាំទ្រការស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្កោមនៅខេត្តរតនគិរី ក្នុង​ទំហំផ្ទៃដី​ជាង ៤០គីឡូម៉ែត្រការ៉េ រកឃើញនិងកំទេចចោល​គ្រាប់បែក​ចង្កោម​ជាង ៦ពាន់គ្រាប់ និង​សំណល់​ជាតិផ្ទុះពីសង្រ្គាម​ដទៃទៀត ដោយ​​ផ្តល់ផល​ប្រយោជន៍​ផ្ទាល់​ដល់​ប្រជាជន​ជាង​ ៣ម៉ឺននាក់​។

ជាមួយ​គ្នានោះ លោក​ Hans Peter Risser បានបញ្ជាក់ពី​ការ​ប្តេជ្ញាចិត្ត​គាំទ្រ​របស់​អង្គការ​ NPA ដើម្បី​បន្តពង្រឹងកិច្ចសហប្រតិបត្តិការភាព​ជា​ដៃគូជាមួយ​កម្ពុជា​ រហូតដល់កម្ពុជា​អាចសម្រេចគោល​ដៅ​ ប្រទេស​មួយដែល​គ្មាន​ផល​ប៉ះពាល់ដោយ​មីន​ និង​សំណល់ជាតិផ្ទុះពីសង្រ្គាម​។

 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia