Connect with us

ព័ត៌មាន

សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ប្រកាសផ្ដល់អាហារូបករណ៍ដល់ព្រះសង្ឃ សិស្ស និស្សិតខ្មែរកម្ពុជាក្រោម

ភ្នំពេញ៖ លោក សឺន ជុំសុធន ប្រធានអង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម នាព្រឹកថ្ងៃទី៤ ខែសីហារ ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារចូលគាល់សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការលើវិស័យអប់រំជាមួយសាកលវិទ្យាល័យ និងការផ្តល់អាហាររូបករណ៍របស់សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា ព្រះស្ថាបនិក និងជាព្រះសាកលវិទ្យាធិការនៃសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី។

នៅក្នុងកិច្ចប្រជុំនេះ លោក សឺន ជុំសុធន ប្រធានអង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម បានរៀបរាប់ថ្វាយសម្ដេចព្រះសាកលវិទ្យាធិការ អំពីកិច្ចរបស់អង្គការដែលបានធ្វើកន្លងមកពាក់ព័ន្ធទៅកិច្ចការងារមនុស្សធម៌ ការងារចូលរួមសង្គមលើវ័យអប់រំ ជួយយុវជនឱ្យបានចូលរៀនតាមសាលា និងការរៀនវគ្គបណ្តុះបណ្តាលពីការរាំរបាំផ្សេងៗ និងជួយពលរដ្ឋខ្មែរដើមកំណើតខ្មែរក្រោម ដោយកិច្ចសហការជាមួយអាជ្ញាធរធ្វើអត្តសញ្ញាណប័ណ្ណជូនបងប្អូនខ្មែរដើមកំណើតខ្មែរក្រោមដែលបានមកកម្ពុជា។

ក្នុងឱកាសនោះសម្តេចព្រះសាកលវិទ្យាធិការបានណែនាំដល់អង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជា អំពីការផ្តល់អាហាររូបករណ៍ទៅព្រះសង្ឃខ្មែរដើមកំណើតខ្មែរក្រោម យុវជន យុវតី សិស្ស និសិត្សខ្មែរដើមកំណើតខ្មែរក្រោមអាចឱ្យចូលរៀននៅសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ក្រោមការងារផ្តល់អាហាររូបករណផ្ទាល់ពីសំណាក់ សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា ដែលសម្តេចបានផ្តល់ដល់អង្គការ។

សម្តេចព្រះសាកលវិទ្យាធិការបញ្ជាក់ថា សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បើកឱកាស

ឱ្យសិស្ស និស្សិត ព្រះសង្ឃខ្មែរដើមកំណើតខ្មែរក្រោម ដែលឡើងពីកម្ពុជាក្រោម ឬឡើងមកហើយដែលរស់នៅតាមបណ្តាខេត្តនាៗឱ្យបានរៀនសូត្រដោយមិនបង់ថ្លៃ និងមានឱកាសបានបន្តការសិក្សាទៅក្រៅប្រទេសថែមទៀត។

សូមបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំពិភាក្សាចប់ សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា បានដឹកនាំថ្នាក់ដឹកនាំរបស់អង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោមទៅទស្សនាការដ្ឋានសាងសង់សាកលវិទ្យាល័យថ្មីដែលកំពុងតែដំណើរការសាងសង់ជិតរួចរាល់ហើយគ្រោងបើកដំណើរការឱ្យចូលរៀននាអំឡុងខែមករាឆ្នាំ២០២៧ខាងមុខ។

ជាចុងបញ្ចប់ លោក សឺន ជុំសុធន និងថ្នាក់ដឹកនាំអង្គការទាំងអស់ក៏ថ្វាយបង្គំអរគុណចំពោះសម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា ចំពោះការផ្តល់អាហាររូបករណ៍មកដល់អង្គការមជ្ឈមណ្ឌលខ្មែរកម្ពុជាក្រោម ដើម្បីផ្តល់ទៅព្រះសង្ឃខ្មែរដើមកំណើតខ្មែរក្រោម សិស្ស និសិត្ស យុវជន យុវតីខ្មែរដើមកំណើតខ្មែរក្រោម ឱ្យបានរៀនសូត្រដោយមិនបង់ថ្លៃ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia