ព័ត៌មាន
CMAC និង IMCCD ចុះកិច្ចព្រមព្រៀងគម្រោងបោសសម្អាតមីនថ្មី ខណៈឃុំតាសែន អតីតជាសមរភូមិសម្បូរដោយគ្រាប់មីនបានក្លាយជាភូមិគំរូទៅជាតំបន់កសិកម្មនាំចេញ
ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) និងអង្គការ IMCCD នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការជាដៃគូ លើគម្រោង «បោសសម្អាតមីនតោនតាមសហគមន៍» ដែលមានរយៈពេលអនុវត្ត១ឆ្នាំ ចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៧។
ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅនៅទីបញ្ជាការ CMAC រាជធានីភ្នំពេញ រវាងថ្នាក់ដឹកនាំ CMAC និងលោក Takayama Ryoji ប្រធានអង្គការ IMCCD ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបោសសម្អាតមីន កាត់បន្ថយហានិភ័យពីគ្រាប់មីន និងជំរុញការអភិវឌ្ឍសហគមន៍ក្រោយការបោសសម្អាត។
ក្នុងឱកាសនោះ ថ្នាក់ដឹកនាំ CMAC បានរំលឹកពីជោគជ័យនៃការបោសសម្អាតមីននៅឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ដែលធ្លាប់ជាអតីតសមរភូមិសម្បូរដោយគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ប៉ុន្តែបច្ចុប្បន្នបានប្រែក្លាយជាតំបន់កសិកម្មដ៏មានសក្តានុពល និងមានផលិតផលកែច្នៃទទួលបានការទទួលស្គាល់នៅទីផ្សារអន្តរជាតិ។
ប្រភពដដែលបានឱ្យដឹងថា ផលិតផលកែច្នៃពីដំណាំកសិកម្មរបស់ឃុំតាសែន ជាពិសេសផលិតផលស្រា បានទទួលការគាំទ្រនៅប្រទេសបារាំង និងចក្រភពអង់គ្លេស ហើយក៏ត្រូវបាននាំចេញទៅកាន់ទីផ្សារជប៉ុនផងដែរ។ ក្នុងនោះ សូម្បីតែនាយករដ្ឋមន្ត្រីជប៉ុន ក៏ធ្លាប់ទទួលបានផលិតផលស្រាដែលផលិតពីឃុំតាសែនផងដែរ។
ថ្នាក់ដឹកនាំ CMAC បានរំលឹកថា កាលពីដើមឆ្នាំ២០០២ នៅពេលចាប់ផ្តើមអនុវត្តគម្រោងបោសសម្អាតមីននៅឃុំតាសែន តំបន់នេះគ្មានសាលារៀន ខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ និងសម្បូរដោយគ្រាប់មីនជាងគេ។ ក្នុងអំឡុងពេលប្រតិបត្តិការបោសសម្អាតមីន កម្លាំង CMAC ចំនួន៧រូប បានពលីជីវិតក្នុងបេសកកម្មមនុស្សធម៌នេះ។
បន្ទាប់ពីការបោសសម្អាតមីន CMAC បានសហការជាមួយអង្គការ JMAS ក្រុមហ៊ុន Komatsu និងក្រុមហ៊ុន Hitachi របស់ជប៉ុន ក្នុងការកសាងសាលារៀន អភិវឌ្ឍផ្លូវជនបទ ជីកស្រះទឹកខ្នាតធំ និងគាំទ្រការអភិវឌ្ឍសហគមន៍តាមរយៈគម្រោងជាច្រើន។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានជំរុញការវិនិយោគ និងការអភិវឌ្ឍតំបន់ព្រំដែនកម្ពុជា-ថៃយ៉ាងសកម្ម ក្នុងអាណត្តិទី២ និងទី៣ ដែលបានរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ព្រំដែនឱ្យកាន់តែប្រសើរ។
ថ្នាក់ដឹកនាំ CMAC ក៏បានលើកឡើងពីតួនាទីរបស់លោក Takayama Ryoji អតីតនាយទាហានជប៉ុន ដែលធ្លាប់បំពេញបេសកកម្មរក្សាសន្តិភាពនៅកម្ពុជាក្នុងសម័យ UNTAC និងបានសហការជាមួយ CMAC អស់រយៈពេល២៤ឆ្នាំ។ លោកបានប្រមូលការគាំទ្រពីសប្បុរសជនជប៉ុន ដើម្បីជួយដល់ការបោសសម្អាតមីន ការអភិវឌ្ឍសហគមន៍ ការផ្តល់ឱកាសអប់រំដល់កុមារកម្ពុជា រួមទាំងជួយឱ្យកុមារមួយចំនួនពីឃុំតាសែនបានបន្តការសិក្សារហូតដល់ថ្នាក់បណ្ឌិតនៅប្រទេសជប៉ុន និងជំរុញឱ្យក្រុមហ៊ុនជប៉ុនវិនិយោគនៅក្នុងតំបន់នេះ។
បន្ទាប់ពីការខិតខំអស់រយៈពេល២៤ឆ្នាំ ឃុំតាសែនបានប្រែក្លាយពីតំបន់គ្រោះថ្នាក់ដោយសារគ្រាប់មីន ទៅជាតំបន់កសិកម្មមានសុវត្ថិភាព ដែលប្រជាពលរដ្ឋអាចដាំដុះដំណាំយុទ្ធសាស្ត្រដូចជា ស្វាយ មៀន ពោត សណ្តែក និងដំឡូងមី ព្រមទាំងបង្កើតផលិតផលកែច្នៃមានតម្លៃបន្ថែម សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
ការចុះហត្ថលេខាលើគម្រោងថ្មីរវាង CMAC និង IMCCD ត្រូវបានរំពឹងថា នឹងបន្តពង្រីកសកម្មភាពបោសសម្អាតមីន និងជំរុញការអភិវឌ្ឍសហគមន៍តាមគំរូជោគជ័យរបស់ឃុំតាសែន ដើម្បីប្រែក្លាយដីដែលធ្លាប់រងផលប៉ះពាល់ដោយគ្រាប់មីន ឱ្យទៅជាដីមានសុវត្ថិភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។






-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន6 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ