ព័ត៌មាន
ក្រសួងការងារ ពង្រឹងការអនុវត្តច្បាប់ ដើម្បីបង្ការនិងឈានទៅលុបបំបាត់ពលកម្មកុមារ ព្រមទំាងលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារនៅតាមសិប្បកម្មផលិតឥដ្ឋ ក្បឿង
ភ្នំពេញ៖ លោកជំទាវ សួស រដ្ឋាវី រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃ ស្តីពី កាតព្វកិច្ចរបស់និយោជកក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារនៅក្នុងសិប្បកម្មផលិតឥដ្ឋ ក្បឿង ដល់ម្ចាស់សិប្បកម្មផលិតឥដ្ឋ ក្បឿងទូទាំងរាជធានី-ខេត្ត នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ដើម្បីលើកកម្ពស់ការយល់ដឹងដល់ម្ចាស់សិប្បកម្មផលិតឥដ្ឋ ក្បឿង ក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ និងសន្តិសុខសង្គម ដោយផ្តោតសំខាន់លើលក្ខខណ្ឌទូទៅនៃការងារ លក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារ របបសន្តិសុខសង្គម ជាពិសេសសំដៅបង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅតាមសិប្បកម្មផលិតឥដ្ឋ ក្បឿង។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលដែលមានអ្នកចូលរួមប្រមាណ ៣៤២នាក់មកពីអធិការការងារនៃមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានី-ខេត្តទាំង២៥ ម្ចាស់សិប្បកម្មផលិតឥដ្ឋ ក្បឿង និងមន្ត្រីនៃអង្គភាពជំនាញពាក់ព័ន្ធ លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ពលកម្មកុមារ គឺជាកិច្ចការអាទិភាពមួយដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ក្នុងការលុបបំបាត់ ក្នុងនោះការផ្តល់កិច្ចការពារ និងការអភិវឌ្ឍកុមារ គឺជាភារកិច្ចដ៏សំខាន់មួយ ដែលតម្រូវឱ្យមានការអនុវត្តបែបពហុវិស័យបញ្ចូលគ្នា។
លោកជំទាវបន្តថា សកម្មភាពជាអាទិភាព និងសកម្មភាពបន្ទាន់ដែលត្រូវបានកំណត់រួមមាន ការរៀបចំ និងកែលម្អលិខិតបទដ្ឋានគតិយុត្ត ការលើកកម្ពស់ការយល់ដឹងសាធារណៈ ដើម្បីទប់ស្កាត់ពលកម្មកុមារ ការកសាងសមត្ថភាពស្ថាប័ន និងមន្ត្រីអនុវត្តច្បាប់ ព្រមទាំងពង្រឹងការអន្តរាគមន៍នៅមូលដ្ឋាន តាមរយៈការអប់រំ បំណិនជីវិត ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការបង្កើតការងារ និងការការពារ ថែទាំសុខភាពកុមារ ដោយផ្តោតលើកុមាររងគ្រោះ និងកុមារងាយរងគ្រោះ។
ទន្ទឹមនេះ លោកជំទាវបានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅតាមសិប្បកម្មផលិតឥដ្ឋ ក្បឿង តាមរយៈការពង្រឹងការអនុវត្តច្បាប់ ការផ្សព្វផ្សាយលិខិតបទដ្ឋាន និងលើកកម្ពស់អនុលោមភាពការងារ ព្រមទាំងជំរុញនិយោជក អាណាព្យាបាល និងអាជ្ញាធរមូលដ្ឋានសហការការពារកុមារមិនឱ្យចូលក្នុងខ្សែច្រវាក់ផលិតកម្ម និងធានាឱ្យកុមារទទួលបានការអប់រំ និងបណ្តុះបណ្តាលជំនាញ។
លោកជំទាវក៏បានស្នើឱ្យពង្រឹងការត្រួតពិនិត្យ និងតាមដានលក្ខខណ្ឌការងារ បង្កើតឱកាសការងារសមរម្យសម្រាប់យុវជន និងពង្រឹងកិច្ចសហការរវាងក្រសួង ស្ថាប័ន អង្គការដៃគូ និងវិស័យឯកជន ដើម្បីលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ តាមរយៈការពង្រឹងសមត្ថភាពមន្ត្រីជំនាញ ប្រព័ន្ធរាយការណ៍រហ័ស Hotline ១២៩៧, ១២៨៦ និងប្រអប់បណ្តឹងអនាមិក និងជំរុញយុទ្ធនាការ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដែលគ្មានការប្រើប្រាស់ពលកម្មកុមារ៕







-
PR NEWS3 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន7 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន7 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន5 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
ព័ត៌មាន7 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
កីឡា3 days agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨