ព័ត៌មាន
ចាប់តាំងពីបទឈប់បាញ់លើកទីពីរមក JBC កម្ពុជា បានដាក់កំណត់ទូតតវ៉ា ៥៩លើកចំពោះសកម្មភាពខុសច្បាប់របស់កងកម្លាំងថៃក្នុងទឹកដីកម្ពុជា
ភ្នំពេញ៖គិតចាប់បទឈប់បាញ់លើកទី២ ចូលជាធរមានកាលពីថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៥ ដល់បច្ចុប្បន្ន គ្រាន់តែគណៈកម្មការ JBC ភាគីកម្ពុជាតែមួយ បានផ្ញើកំណត់ទូតចំនួន១០លើកហើយទៅកាន់ភាគីថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ(JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែងបន្តពីការងារដែលភាគីទាំងពីរបានអនុវត្តកាលពីពេលកន្លងទៅ។ ចំណែកឯកំណត់ទូតតវ៉ារបស់គណៈកម្មការ JBC ភាគីកម្ពុជាមានរហូតដល់ ៥៩ លើក បើគិតចាប់តាំងពីការវាយប្រហាររបស់យោធាថៃមកលើដែនអធិបតេយ្យកម្ពុជាកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ ការតវ៉ានេះគឺធ្វើឡើងចំពោះសកម្មភាពខុសច្បាប់នានារបស់កងកម្លាំងថៃនៅលើទីតាំងដែលខ្លួនកាន់កាប់ដោយខុសច្បាប់ក្នុងទឹកដីកម្ពុជា។ នេះបើតាមឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៧ ខែសីហានេះ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ការតវ៉ាជាផ្លូវការនេះមានសារៈសំខាន់ចាំបាច់ដើម្បីបញ្ជាក់ជំហរមិនយល់ព្រមជាដាច់ខាតរបស់កម្ពុជាចំពោះការរំលោភបំពានរបស់ភាគីថៃមកលើដែនអធិបតេយ្យភាពរបស់ខ្លួន។ លិខិតតវ៉ាជាផ្លូវការនេះ គឺជាឯកសារដែលមានតម្លៃគតិយុត្តិ មិនអាចខ្វះបានសម្រាប់ដំណើរការដោះស្រាយបញ្ហាព្រំដែនស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាការរក្សាអាជ្ញាយុកាលនៃវិវាទឱ្យស្ថិតនៅជាធរមាន។ នេះជាហេតុផលដែលរាជរដ្ឋាភិបាលកម្ពុជាតែងតែតវ៉ានៅគ្រប់ចំណុចទាំងអស់ដែលភាគីថៃបានរំលោភបំពានដោយគ្មានរំលងចំណុចណាមួយឡើយ ពីព្រោះការតវ៉ានេះ គឺជាភស្តុតាងផ្លូវច្បាប់ដើម្បីដោះស្រាយបញ្ហាបូរណភាពទឹកដីតាមយន្តការច្បាប់អន្តរជាតិ។
រីឯសំណើររបស់កម្ពុជាដើម្បីរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ(JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែង គឺធ្វើឡើងស្របតាមខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសនៃគណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី៣ ដែលផ្តល់អាទិភាពខ្ពស់បំផុតដល់គណៈកម្មការ JBC នៃភាគីទាំងពីរក្នុងការបន្តចុះវាស់វែង និងខណ្ឌសីមាលើដីជាក់ស្តែងឱ្យបានឆាប់បំផុត ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញក្នុងពេលឆាប់បំផុតដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានរម្លឹកជូនឡើងវិញនូវខ្លឹមសារចំណុចទី៣នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលចែងថា៖ «ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែងនិងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នាថា នឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចម្រុះព្រំដែនដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចម្រុះនៅលើទីតាំងជាក់ស្តែងដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចម្រុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែងនិងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ។
ឯកឧត្តម ប៉ែន បូណា លើកឡើងថា ចំណុចនេះក៏ត្រូវបានលោក Tom Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានលើកមកបញ្ជាក់កាលពីថ្ងៃទី៣១ ខែកក្កដា ដោយសង្កត់ធ្ងន់ថា ស្របតាមច្បាប់អន្តរជាតិ ជនភៀសសឹកដោយជម្លោះប្រដាប់អាវុធមានសិទ្ធិអាចត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញបាន។ លោកបានសម្តែងអារម្មណ៍ក្តុកក្តួលរំជួលចិត្តយ៉ាងខ្លាំងពេលបានឃើញជនភៀសសឹកកម្ពុជាជាង២ម៉ឺននាក់ ក្នុងចំណោម ៦៥ម៉ឺននាក់ នៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញបាននៅឡើយ ទោះបីជាមានបទឈប់បាញ់រយៈពេល៧ខែហើយក៏ដោយ។
ឯកឧត្តមបានបន្តថា កម្ពុជាអំពាវនាវឱ្យថៃឈប់បង្កើតលេសដើម្បីពន្យារពេលនៃដំណើរការខ័ណ្ឌសីមាព្រំដែនគោកតទៅទៀត ដោយងាកមកបន្តដោះស្រាយបញ្ហាព្រំដែនដោយសុច្ឆន្ទៈ តាមការព្រមព្រៀងគ្នារួចហើយរវាងប្រទេសទាំងពីរ ក្រោមលក្ខខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ កម្ពុជាយល់ឃើញថា មានតែដំណោះស្រាយតាមយន្តការទាំងនេះទេ ដែលសមស្របបំផុតសម្រាប់ការកសាងសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ ជាពិសេសការអនុញ្ញាតឱ្យជនភៀសសឹកវិលត្រឡប់ទៅផ្ទះសម្បែងវិញដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាការចង់បានរបស់សហគមន៍អន្តរជាតិ៕

-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន6 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ