Connect with us

ព័ត៌មាន

កម្ពុជា៖របាយការណ៍របស់អ្នករាយការណ៍ពិសេស​ ​UN ពាក់ព័ន្ធនឹងជនភៀសសឹកកម្ពុជាដោយសារទង្វើឈ្លានពានរបស់កងទ័ពថៃ គឺស្របតាមការពិតជាក់ស្ដែង​នៃវត្តមានជនភៀសសឹកកម្ពុជា​

ភ្នំពេញ៖ក្រសួងការបរទេសកម្ពុជា បានចេញមកការពារសេចក្តីថ្លែងការណ៍​របស់​លោក ថូម៉ាស អ៊ែនឌ្រូ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ​ទទួល​​បន្ទុក​ស្ថាន​ភាពសិទ្ធិមនុស្សនៅកម្ពុជា ពាក់ព័ន្ធនឹងការរងគ្រោះ ក៏ដូច​ជារងការរំលោភ​បំពានសិទ្ធិយ៉ាងធ្ងន់ធ្ងររបស់ប្រជាពលរដ្ឋកម្ពុជាដោយសារទង្វើឈ្លានពានរបស់កង​ទ័ពថៃ។

លោក ថូម៉ាស អ៊ែនឌ្រូ បានធ្វើដំណើរមកបំពេញការងារនៅកម្ពុជារយៈ​ពេល​១២​ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីពិនិត្យស្ថានភាព​សិទ្ធិមនុស្សនៅកម្ពុជា។ ក្នុងដំណើរបំពេញការងារនេះ លោក អ៊ែនឌ្រូ បានធ្វើ​ដំណើរ​ទៅកាន់ព្រំដែនកម្ពុជា-ថៃ ដើម្បីពិនិត្យដោយផ្ទាល់លើស្ថានភាពព្រំដែន ព្រមទាំងស្ថានភាពជនភៀសសឹករបស់កម្ពុជា ដែលបាត់បង់ដីធ្លី ផ្ទះសម្បែង ដោយសារទង្វើឈ្លានពានរបស់កងទ័ពថៃ។

ក្នុងសន្និសីទសារព័ត៌មានក្រោយបិទបញ្ចប់ការងារនៅកម្ពុជាកាលពីថ្ងៃទី៣១ ខែ​កក្កដា ឆ្នាំ២០២៦កន្លងទៅ លោក ថូម៉ាស អ៊ែនឌ្រូ បានលាតត្រដាងពីទុក្ខវេទនា​របស់ប្រជាពលរដ្ឋខ្មែរកើតចេញពីទង្វើឈ្លានពានរបស់កងទ័ពថៃ ជាពិសេសការ​មិន​អាចវិលត្រឡប់ទៅផ្ទះសម្បែងដោយសារកងទ័ពថៃបានកាន់កាប់។ លោក ថូម៉ាស អ៊ែនឌ្រូ បានលើកឡើងថា ផ្អែកលើច្បាប់អន្តរជាតិ ប្រជាពលរដ្ឋកម្ពុជា ត្រូវតែបានត្រឡប់ទៅផ្ទះសម្បែងខ្លួនវិញ។

សេចក្តីថ្លែងការណ៍របស់លោក ថូម៉ាស អ៊ែនឌ្រូ ធ្វើឱ្យរាជរដ្ឋាភិបាលក្រុងបាងកក ប្រទេសថៃ មិនរីករាយនោះឡើយ ទាំងនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការ​បរទេសរបស់ថៃ ចេញមកប្រតិកម្មវាយបកជាបន្តបន្ទាប់។ ពួកគេបានវាយបកលើ​លោក ថូម៉ាស អ៊ែនឌ្រូ ដោយចាត់ទុករបាយការណ៍នេះខ្វះតុល្យភាព។

លោក ថូម៉ាស អ៊ែនឌ្រូ បានឆ្លើយតបរួចហើយលើប្រតិកម្មរបស់នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេសថៃ។ លោក ថូម៉ាស អ៊ែនឌ្រូ បានបញ្ជាក់ថា លោក​បានផ្ញើសំណួរ និងរបាយការណ៍ទៅខាងថៃ មុនធ្វើសេចក្តីថ្លែងការណ៍ តែភាគីថៃ មិនមានការឆ្លើយតបនោះឡើយ។

នៅចំពោះមុខការវាយប្រហាររបស់ថៃ កម្ពុជា បានចេញមកការពារសេចក្តីថ្លែង​ការណ៍របស់លោក ថូម៉ាស អ៊ែនឌ្រូ។ ក្នុងសេចក្តីថ្លែងការណ៍នៅយប់ថ្ងៃទី៧ ខែ​សីហា ឆ្នាំ២០២៦នេះ ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា បាន​កត់សម្គាល់ឃើញថា តួលេខនៃពលរដ្ឋភៀសសឹក និងពលរដ្ឋវិលត្រឡប់​ទៅ​លំ​នៅ​ឋានវិញ ដែលរំលេចក្នុងសេចក្ដីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេស ដោយ​បង្ហាញថា ជនស៊ីវិលកម្ពុជាប្រមាណ៦៥ម៉ឺននាក់ បានភៀសសឹក នៅតាម​តំបន់​ព្រំដែននាចុងឆ្នាំមុន។ ហើយក្នុងនោះជាង២ម៉ឺននាក់កំពុងបន្តភៀស​សឹក​នៅឡើយនោះ គឺស្របគ្នានឹងតួលេខដែលចងក្រងឡើង តាមរយៈវត្តមាននៅ​នឹង​កន្លែងរបស់ភ្នាក់ងារអង្គការសហប្រជាជាតិ និងដៃគូអង្គការមនុស្សធម៌នានា ដែល កំពុងធ្វើប្រតិបត្តិការនៅតំបន់ព្រំដែន រួមទាំងកម្មវិធីផ្ដល់អាហារ និងជម្រក ដែលកំពុងដំណើរការបច្ចុប្បន្ន។

ក្នុងសេចក្តីថ្លែងដដែលនេះ កម្ពុជាបានបង្ហាញការ​កត់សម្គាល់បន្ថែមទៀតថា ទោះបីជាសេចក្ដីថ្លែងការណ៍ជាសាធារណៈនាពេលថ្មីៗនេះរបស់អាជ្ញាធរថៃ បាន​ជំទាស់​នឹងតួលេខដ៏ច្បាស់លាស់នេះក្តី ក៏សេចក្តីថ្លែងការណ៍ទាំងនោះ បាន​បញ្ជាក់​ថា ពិតជាមានជនស៊ីវិលកម្ពុជាជាច្រើនបានភៀសសឹកមែន ហើយនៅតែ​មិនអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែង របស់ពួកគេវិញបានឡើយ ដោយសារ​តែការ​កាន់កាប់ដោយខុសច្បាប់របស់ថៃលើដែនដីកម្ពុជា។

ក្នុងសេចក្តីថ្លែងការណ៍នេះ កម្ពុជា ប្រកាសស្វាគមន៍ចំពោះការបន្តផ្ទៀងផ្ទាត់​ដោយឯករាជ្យអំពីស្ថានភាពនេះពីសំណាក់ភ្នាក់ងារពាក់ព័ន្ធ និងស្ថានបេសក​កម្ម​ការទូតនានា ហើយត្រៀមខ្លួនជាស្រេច ក្នុងការសម្របសម្រួលដំណើរទស្សនកិច្ច​បន្ថែមទៀត ទៅកាន់តំបន់រងផលប៉ះពាល់ទាំងនោះ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia