ព័ត៌មាន
រកឃើញរូបចម្លាក់ជាច្រើនតាមផ្ទាំងថ្មក្នុងព្រៃ លើភ្នំខ្នងព្រះអង្គ នៅស្រុកវាលវែង មន្ត្រីជំនាញកំពុងសិក្សាស្រាវជ្រាវ
ពោធិ៍សាត់ ៖ បង្គោលប្រាប់ទិស និងរូបចម្លាក់តូចធំ ដែលឆ្លាក់ជាប់និងផ្ទាំងកម្រាលថ្មធម្មជាតិលើខ្នងភ្នំនៅកណ្តាលព្រៃ សរុបចំនួន១១ត្រូវបានរកឃើញនៅ ភ្នំខ្នងព្រះអង្គ ស្ថិតក្នុងភូមិម៉ុងរី ឃុំប្រម៉ោយ ស្រុកវាលវែង ក្បែរព្រំប្រទល់ស្រុកភ្នំក្រវាញ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីជំនាញនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ ។

ដោយទទួលបានពត៌មាន អំពីវត្តមានរូបចម្លាក់ផ្សេងៗនៅលើភ្នំខ្នងព្រះអង្គ ពីក្រុមអ្នកទេសចរណ៍ និងប្រជាពលរដ្ឋ ថ្មីៗនេះ មន្ត្រីការរិយាល័យបេតិកភណ្ឌ នៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន និងអាជ្ញាធរស្រុកវាលវែង បានធ្វើការចុះពិនិត្យសិក្សាស្រាវជ្រាវដល់ទីតាំងផ្ទាល់ ដោយបានរកឃើញរូបចម្លាក់សរុបចំនួន១១ រួមមាន រូបព្រះអង្គធំមានចំនួន៤ ប្រវែងចន្លោះពី១៧៨ ដល់ ២២៥សង់ទីម៉ែត្រ មានលក្ខណៈជាចម្លាក់ផុសចេញពីថ្ម និងចម្លាក់គំនូរខូង , រូបព្រះអង្គតូចមានចំនួន១ ប្រវែង១៥៥សង់ទីម៉ែត្រ មានលក្ខណៈជាចម្លាក់គំនូរខូង, រូបចម្លាក់ទេវរូបស្រីចំនួន៥ ប្រវែងចន្លោះពី២០២ ដល់ ៣៤១សង់ទីម៉ែត្រ មានលក្ខណៈជាចម្លាក់គំនូរខូង , និងរកឃើញបង្គោលប្រាប់ទិសចំនួន១ មានកម្ពស់១០៥សង់ទីម៉ែត្រ មានរាងបួនជ្រុង ដោយជ្រុងនីមួយៗ មានប្រវែង៥០សង់ទីម៉ែត្រ ។ មន្ត្រីជំនាញនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបានឱ្យដឹងដែរថា នេះជាការចុះពិនិត្យសិក្សាស្រាវជ្រាវបឋម ដើម្បីប្រមូលចង់ក្រងពត៌មានផ្សេងៗផ្ញើរជូនទៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ហើយក្នុងពេលខាងមុខក្រសួងនឹងបញ្ជូនមន្ត្រីជំនាញដើម្បចុះមកពិនិត្យសិក្សាលម្អិតលើការងារបច្ចេកទេសផ្សេងៗបន្ថែមទៀត ដើម្បីអាចធ្វើការវាយតំលៃកំណត់ អត្តសញ្ញាណ ប្រវត្តិ អាយុកាលនៃរូបចម្លាក់ទាំងនោះ និងរៀបចំផែនការក្នុងការអភិរក្សថែរក្សាការពារតំបន់នោះ ។

ជាមួយគ្នានោះដែរ មន្ត្រីជំនាញនៃមន្ទីរទេសចរណ៍ខេត្ត បានឱ្យដឹងថា ភ្នំខ្នងព្រះអង្គ មានកម្ពស់ប្រមាណ១២០០ម៉ែត្រ អាចនឹងក្លាយជាគោលដៅទេសចរណ៍ធម្មជាតិថ្មីមួយ សម្រាប់អ្នកដែលចូលចិត្តទេសចរណ៍បែបផ្សងព្រេងឡើងភ្នំ ដោយសារនៅទីនោះមានទេសភាពស្អាតខ្លាំង សម្បូរទៅដោយជីវចម្រុះផ្សេងៗ វាលស្មៅ និងមានខ្យល់អាកាសត្រជាក់ល្អ ហើយនៅលើកំពូលភ្នំមានទីតាំងធំទូលាយសម្រាប់ការបោះតង់ស្នាក់នៅ អាចមើលថ្ងៃរះថ្ងៃលិចប៉ប្រះខ្នងភ្នំ និងមានពពករសាត់ជាប់ភ្នំ គួរជាទីមនោរម្យ ជាពិសេសគឺមានរូបចម្លាក់ព្រះពុទ្ធតាមកម្រាលថ្ម និងមានទីតាំងមួយដែលគេហៅថាព្រះបាទជាន់ផ្អៀង ដែលអាចមានការជាប់ពាក់ព័ន្ធទៅនិងប្រវត្តិពីបុរាណ ៕










អត្ថបទ ៖ ភិរុណ ពៅ
-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន5 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន5 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន2 days agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
ព័ត៌មាន1 week agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា