ព័ត៌មាន
ក្រសួងកសិកម្ម និងអាជ្ញារធរខេត្តកំពង់ធំ រិះរកវិធានការស្ទាក់ទឹកដើម្បីសង្គ្រោះផលស្រូវប្រជាពលរដ្ឋ
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងមន្ត្រីជំនាញជាច្រើននាក់ បានចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងរិះរកវិធានការស្ទាក់ទឹក ដើម្បីសង្គ្រោះផលដំណាំស្រូវរបស់ប្រជាកសិករដែលកំពុងទុំ ត្រូវប្រមូលផល តែត្រូវរងគ្រោះដោយជំនន់ទឹកភ្លៀងលិចលង់យ៉ាងធ្ងន់ធ្ងរ នៅក្នុងសង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន និងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៦ សីហា ឆ្នាំ២០២៤នេះ បានសសេរលើផេកផ្លូវការថា ក្នុងដំណើរបេសកកម្មនេះ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានជួបសំណេះសំណាលជាមួយប្រជាកសិករ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង បន្ទាប់ពីប្រជាកសិករបានចំណាយថវិកាយ៉ាងច្រើនដើម្បីបង្កបង្កើនផលស្រូវ តែត្រូវទឹកជន់លិចបណ្ដាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ។
ក្នុងស្ថានភាពនេះ មន្ដ្រីជំនាញរបស់ក្រសួងកសិកម្ម ចាប់តាំងពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ព្រមទាំងមន្ដ្រីកសិកម្មឃុំ រួមជាមួយអាជ្ញាធរខេត្ត បានខិតខំប្រឹងប្រែងដោយប្រើគ្រប់មធ្យោបាយទាំងអស់ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការខូចខាតដំណាំស្រូវរបស់ប្រជាពលរដ្ឋឱ្យបានជាអតិបរិមាតាមដែលអាចធ្វើទៅបាន។

ជាការកត់សម្គាល់ ក្នុងដំណើរបេសកកម្មនេះ ឯកឧត្តម ឌិត ទីណា បានពិនិត្យលទ្ធភាព ដែលរាជរដ្ឋាភិបាលអាចជួយប្រជាកសិករបានពេលជួបហានិភ័យដោយសារគ្រោះធម្មជាតិ និងចូលរួមសហការជាមួយអាជ្ញាធរគ្រប់ភាគីពាក់ព័ន្ធក្នុងការជួយទប់ស្កាត់ទឹក ដើម្បីឱ្យប្រជាកសិករអាចច្រូតកាត់ទិន្នផលស្រូវ។ ម្យ៉ាងវិញទៀតប្រជាកសិករកំពុងសម្រុកប្រមូលផលស្រូវពីជំនន់ទឹកភ្លៀង ដើម្បីបានផលមួយចំនួន សម្រាលនូវការខូចខាតបាត់បង់ថវិកាបានមួយផ្នែក ទោះបីមិនទាន់ដល់អាយុប្រមូលផលក៏ដោយ (ពេលស្រូវដាក់ម្សៅទុំស្លាបសេក)។
ក្រសួងកសិកម្ម បានបញ្ជាក់បន្ថែមថា នៅក្នុងខេត្តកំពង់ធំ ស្រុកកំពង់ស្វាយរងផលប៉ះពាល់ ខូចខាតធ្ងន់ធ្ងរជាងគេ គឺប៉ះពាល់ដំណាំស្រូវចំនួន ២,០៤៥ហិកតា និងខូចខាតចំនួន ១,៦២១ហិកតា ខណៈក្រុងស្ទឹងសែន រងផលប៉ះពាល់ចំនួន ៦៧០ហិកតា និងខូចខាតចំនួន ៩១ហិកតា៕






-
ព័ត៌មាន2 days agoសមាគមគីមីកម្ពុជា ត្រៀមបង្កើតក្លឹបគីមីនៅតាមវិទ្យាល័យនានា ដើម្បីជួយបង្រៀនសិស្សបន្ថែម
-
ព័ត៌មាន4 days ago សម្ដេចតេជោ ហ៊ុន សែន រម្លឹក បកស្រាយប្រវត្តិ និងអ្នកនិពន្ធពិត នៃចម្រៀង “ឱ! ភ្នំពេញអើយ”
-
ព័ត៌មាន1 week agoនគរបាលរាជធានី នឹងចាប់ផ្តើមចុះរឹតបន្តឹងច្បាប់ចរាចរណ៍តាមរយៈការអប់រំ ដោយមិនផាកពិន័យ នៅថ្ងៃទី០១ ធ្នូខាងមុខ
-
ព័ត៌មាន1 week agoឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចូលជួបសម្តែងការគួរសមចំពោះប្រធានរដ្ឋ និងជាអគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ នៅទីក្រុងវៀងចន្ទន៍
-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បទបញ្ជាបន្ទាន់ឲ្យសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបឲ្យអស់នូវមុខសញ្ញាក្រុមក្មេងទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
-
ព័ត៌មាន4 days agoថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលទស្សនាស្វែងយល់ពីសមុច្ច័យក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង
-
ព័ត៌មាន4 days agoរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្នើអង្គភាពនានាចូលរួមទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ
-
ព័ត៌មាន4 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ការលើកស្ទួយធុរកិច្ចស្រ្តីនឹងជំរុញឱ្យសេដ្ឋកិច្ចជាតិកើនឡើង»