Connect with us

ព័ត៌មាន

រដ្ឋមន្រ្តីពាណិជ្ជកម្មផ្តល់អនុសាសន៍មួយចំនួន ដើម្បីជំរុញវិស័យពាណិជ្ជកម្មឌីជីថលកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០

កាលពីល្ងាចថ្ងៃទី១១ ខែកញ្ញា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Cambodia Digital Trade Forum and Online Expo – DTF)» ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ដៃគូអភិវឌ្ឍន៍ និងផ្នែកឯកជនជាច្រើនរូប។

នៅក្នុងពិធីនេះ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មបានពង្រីកវិសាលភាពវេទិកានេះ ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្មឌីជីថលដែលមានប្រសិទ្ធភាព និងបរិយាបន្ន ព្រមទាំងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសកម្ពុជា។

ជាមួយគ្នានេះ ក្រសួងកំពុងរៀបចំក្របខណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មឌីជីថល ២០២៥-២០៣០ ដើម្បីគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ជាពិសេសសហគ្រិនស្ត្រី និងនៅជនបទ ខណៈចំណូលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា។

ដើម្បីជំរុញវិស័យនេះពាណិជ្ជកម្មឌីជីថលកម្ពុជាឱ្យកាន់តែរីកចម្រើន លោកជំទាវរដ្ឋមន្រ្តី ចម និម្មល បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនផងដែរមានដូចជា៖កសាងបរិយាកាសពាណិជ្ជកម្មឌីជីថលដែលមានទំនុកចិត្ត, ប្រែក្លាយបច្ចេកវិទ្យា ជាពិសេសបញ្ញាសិប្បនិម្មិត ទៅជាផលិតភាពនិងសមត្ថភាពប្រកួតប្រជែង, ភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលឱ្យក្លាយជាប្រព័ន្ធពាណិជ្ជកម្មតែមួយដែលមានប្រសិទ្ធភាព និងការធានាថា ឱកាសឌីជីថលក្លាយជាឱកាសសេដ្ឋកិច្ចសម្រាប់មនុស្សគ្រប់រូបជាដើម។

លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាត្រូវបន្តពង្រឹងទាំងហេដ្ឋារចនាសម្ព័ន្ធរឹង និងហេដ្ឋារចនាសម្ព័ន្ធទន់សម្រាប់ពាណិជ្ជកម្មឌីជីថល ស្របតាមអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧។

ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្មបាននិងកំពុងរៀបចំ «ក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» «យុទ្ធសាស្ត្រពាណិជ្ជកម្មឌីជីថល ២០២៥-២០៣០» ដោយសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការរៀបចំរៀបចំ «ប្រកាសអន្តរក្រសួង ស្តីពីការដាក់ឱ្យអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសម្រាប់អន្តរការី និងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក» និងបន្តពង្រឹងថ្នាល CambodiaTrade.com ដើម្បីធានាបានថា កម្ពុជាមានរបៀបវារៈ យុទ្ធសាស្រ្ត និងបទប្បញ្ញត្តិជាក់លាក់និងគ្រប់គ្រាន់ ក្នុងការគាំទ្រនិងការអភិវឌ្ឍវិស័យពាណិជ្ជកម្មឌីជីថល និងធានាបានថា វិស័យឯកជន សហគ្រាសធុនមីក្រូ តូច និងមធ្យម ជាពិសេសសហគ្រិននៅតាមជនបទ និងសហគ្រិនជាស្ត្រី អាចមានលទ្ធភាពពង្រីកឱកាសពាណិជ្ជកម្ម បង្កើនផលិតភាព បង្កើតតម្លៃបន្ថែម និងចូលរួមក្នុងខ្សែច្រវាក់តម្លៃឌីជីថលបានកាន់តែទូលំទូលាយ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ប្រកបដោយសុវត្ថិភាព ទំនួលខុសត្រូវ និងជំនឿទុកចិត្ត។

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ មានរយៈពេល ៣ថ្ងៃ ចាប់ពីនៅថ្ងៃទី១១ ដល់១៣ ខែកញ្ញា ឆ្នាំ២០២៦ ដែលរៀបចំឡើងនៅពិព័រណ៍កោះពេជ្រ អគារ G និង L។

វេទិកានេះ ក៏មានកម្មវិធីសំខាន់ៗជាច្រើនថែមទៀត រួមមាន៖ កិច្ចសន្ទនាថ្នាក់ដឹកនាំជាន់ខ្ពស់, កម្មវិធី Women in Digital Trade និងកម្មវិធីជជែកដេញដោលយុវជនជាដើម។ កម្មវិធីទាំងនេះ មានគោលបំណងផ្សារភ្ជាប់កិច្ចពិភាក្សាផ្នែកគោលនយោបាយទៅនឹងការអនុវត្ត ការបណ្តុះបណ្តាល ការសាកល្បងបច្ចេកវិទ្យា ការតភ្ជាប់ធុរកិច្ច និងការបង្កើតឱកាសទីផ្សារជាក់ស្តែង៕អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia