Connect with us

ព័ត៌មាន

សហរដ្ឋអាមេរិកបានស្រូបយកមុខទំនិញរបស់កម្ពុជា នៅក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៦នេះ គិតជាទឹកប្រាក់សរុបមានចំនួនជាង ១០,៦ ពាន់លានដុល្លារអាមេរិក ត្រូវប្រមាណជិត ៤៤ ភាគរយ នៃការនាំចេញសរុបរបស់កម្ពុជា ដោយទីផ្សារមួយនេះបានកំពុងបន្តភាពរឹងមាំ នៃការនាំចេញទំនិញរបស់កម្ពុជា។

ជុំវិញទីផ្សារនាំចេញទំនិញរបស់កម្ពុជា ឃើញថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការនាំចេញរបស់កម្ពុជាមានកំណើន កើនឡើងជាបន្តបន្ទាប់ ដោយបានបង្ហាញឱ្យឃើញពីកិច្ចដំណើរល្អ នៅក្នុងខ្សែច្រវាក់ផលិតកម្ម ឧស្សាហកម្ម រោងចក្រ សហគ្រាសក្នុងស្រុក បាននិងកំពុងជំរុញដល់ការរីកលូតលាស់នៃសេដ្ឋកិច្ច និងបានបង្កើតនូវទំនុកចិត្តដល់វិនិយោគិន ក្នុងការមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ទោះបច្ចុប្បន្នពិភពលោកកំពុងប្រឈមភាពមិនប្រាកដប្រជាយ៉ាងណាក៏ដោយ។

ជាក់ស្តែងការនាំទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២៦នេះ មានទំហំទឹកប្រាក់សរុបជាង ៥០,៦ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២០ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥ ក្នុងនោះកម្ពុជានាំចេញទំនិញសំខាន់ៗ មានទឹកប្រាក់ សរុបប្រមាណជាង ២៤,១ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ២០ ភាគរយ និងការនាំចូលពីបរទេសមានទឹកប្រាក់ជាង ២៦,៥ ពាន់ លានដុល្លារអាមេរិក កើនឡើងជាង ២០ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥។

ចំណែកការនាំចេញទំនិញទៅកា​ន់ទីផ្សារសហរដ្ឋអាមេរិកវិញ, នៅក្នុងរយៈពេល៨ខែនេះ មានទឹកប្រាក់សរុបជាង ១០,៦ ពាន់លាន ដុល្លារអាមេរិក កើនជាង ២៨ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥ (មានជាង ៨ ពាន់លានដុល្លារប៉ុណ្ណោះ) ក្នុងនោះប្រភេទទំនិញ សំខាន់ៗដែលកម្ពុជានាំចេញទៅទីផ្សារអាមេរិករួមមាន៖ សម្លៀកបំពាក់, ស្បែកជើង សម្ភារៈសម្រាប់ការធ្វើដំណើរ ការនាំចេញផលិតផល ពីកសិកម្មនិងផ្សេងៗទៀត។ ចំណែកការនាំទិញចូលពីសហរដ្ឋអាមេរិក នៅក្នុងរយៈពេលនេះដែរ មានទឹកប្រាក់ជាង ៤៣១ លានដុល្លារអាមេរិក កើនឡើងជាង ៧៧ ភាគរយ ចំពោះប្រភេទទំនិញដែលនាំចូលរួមមាន៖ យានយន្ត គ្រឿងបង្គុំ គ្រឿងអេឡិចត្រូនិច និងមានប្រភេទទំនិញ ច្រើនផ្សេងៗទៀត៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia