Connect with us

ព័ត៌មាន

ការចរចាប្រាក់ឈ្នួលម្មករលើកទី២ ភាគីសហជីពកំណត់តួលេខចំនួនពីរផ្សេងៗគ្នា ដើម្បី​ស្នើសុំ​ដំឡើង​សម្រាប់​ឆ្នាំ២០២៧

ភ្នំពេញ៖ ភាគីសហជីពតំណាងកម្មករនិយោជិត នៅក្នុងកិច្ចប្រជុំ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​វិស័យ​កាត់​ដេរ​ លើកទី២ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញានេះ បានបង្ហាញតួលេខចំនួន២ផ្សេងៗគ្នា ដើម្បី​ស្នើ​សុំ​ដំឡើងសម្រាប់ឆ្នាំ២០២៧ខាងមុខ ទី១.ចំនួន ១៥,៣ដុល្លារ និងទី២.ចំនួន ៤០,៦ដុល្លារ ដោយ​ផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន២ដូចគ្នា គឺកត្តាសង្គម និងកត្តាសេដ្ឋកិច្ច។

សូមបញ្ជាក់ថា ដូចទៅនឹងឆ្នាំមុនៗដែរ កិច្ចប្រជុំប្រាក់ឈ្នួលអប្បបរមា គឺត្រូវធ្វើបទ​បង្ហាញ​ដើម្បី​ឱ្យ​ភា​គីទាំងពីរ គឺភាគីនិយោជក និងភាគីសហជីពតំណាងកម្មករនិយោជិតឱ្យបានជ្រាប ហើយ​យោង​តាមបទបង្ហាញលក្ខណៈវិនិច្ឆ័យចំនួន២នេះ ទី១.គឺផ្អែកទៅលើកត្តាសង្គម ដែល​ផ្តោត​ទៅ​លើ​ស្ថាន​ភាពគ្រួសារ អាត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ និងទី២.ផ្អែក​ទៅ​លើ​កត្តា​សេដ្ឋ​កិច្ច ​ដែលផ្តោតសំខាន់ទៅលើផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាព​ទីផ្សារ​ការ​ងារ​ និងកម្រិតចំណេញរបស់វិស័យ ក៏ដូចជាបន្ទាត់ភាពក្រីក្រ ភាគីនីមួយៗ​នឹងវិល​ត្រឡប់​ទៅ​សិក្សា​ផ្ទៃ​ក្នុង​របស់ខ្លួនបន្ថែមទៀត ដើម្បីដាក់ចេញនូវ​គោល​ជំហរ​របស់​ភាគីខ្លួ​ន​នៅ​ក្នុង​កិច្ច​ប្រជុំ​បន្ទាប់​។

គិតត្រឹមឆ្នាំ២០២៦នេះ ប្រាក់ឈ្នួលអប្បរមារបស់កម្មករនិយោជិត មានចំនួន ២១០​ដុល្លារ​អាម៉េរិក ក្នុងមួយខែ។ សព្វថ្ងៃនេះ ក្រៅពីប្រាក់ឈ្នួលអប្បបរមា កម្មករនិយោជិត​ទទួល​បាន​បន្ថែមនូវប្រាក់ប្រយោជន៍ផ្សេងៗទៀត ដូចជារង្វាន់ធ្វើការទៀងទាត់ ,ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ , ប្រាក់រង្វាន់អតីតភាពការងារ , ថ្លៃបាយធ្វើការថែមម៉ោង និងប្រាក់ឈ្នួលធ្វើការថែមម៉ោងជាមធ្យម។ ក្រៅពីនេះ កម្មករនិយោជិត ក៏ទទួលបានផលប្រយោជន៍ពីកម្មវិធីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ផងដែរ ក្នុងករណីជាសមាជិក ប.ស.ស ដូចជា ផ្នែកថែទាំសុខភាពនិងគ្រោះថ្នាក់ការងារ និងរបបប្រាក់សោធនជាដើម៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia