Connect with us

ព័ត៌មាន

ក្រសួងកសិកម្ម ជំរុញការអនុវត្ត «ប្រព័ន្ធបញ្ជរតែមួយជាតិ» ដើម្បីបង្កើនប្រសិទ្ធភាព ចំណេញពេលវេលា និងថវិកា

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលា «ស្តីពីការផ្សព្វផ្សាយ និងពិនិត្យលើការងារអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ» របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នៅក្នុងកម្មវិធីដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមរវាងក្រុមការងារក្រសួងកសិកម្ម និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ដែលសម្រេចបានលទ្ធផលជោគជ័យនេះ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ឱ្យខិតខំត្រង់ត្រាប់ស្តាប់ ផ្តល់ធាតុចូលបន្ថែម ដើម្បីបន្តអនុវត្ត និងផ្សព្វផ្សាយការងារនេះឱ្យកាន់តែមានប្រសិទ្ធភាព និងទូលំទូលាយ។

ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការអនុវត្តប្រព័ន្ធស្នើសុំឌីជីថលនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដូចជា៖ ចំណេញពេលវេលា និងថវិកា ជំរុញប្រសិទ្ធភាពការងារស្របតាមច្បាប់ និងបទប្បញ្ញត្តិ ធានាបាននូវទិន្នន័យត្រឹមត្រូវ និងមានតម្លាភាព រួមចំណែកកាត់បន្ថយនីតិវិធីរដ្ឋបាលស្មុគស្មាញ (ការិយាធិបតេយ្យ) ។

ក្រសួងកសិកម្មបានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់ព័ត៌មានបន្ថែម ដើម្បីបង្កលក្ខណៈងាយស្រួលដល់សាធារណជន និងអាជីវករក្នុងការស្នើសុំលិខិតបទដ្ឋានផ្សេងៗ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia