ព័ត៌មាន
ដាក់ឲ្យដំណើរការប្រព័ន្ធ Cambodia e-Arrival នឹងជួយទាក់ទាញភ្ញៀវទេសចរណ៍ និងពង្រឹងសន្តិសុខ
ភ្នំពេញៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់ទុកប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា ឬCambodia e-Arrival ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ក្រោមកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ថាជាសមិទ្ធផលរួមមួយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងទស្សនវិស័យជឿនលឿន របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ វិនិយោគិន និងពង្រឹងសន្តិសុខ ក្នុងបរិបទឌីជីថល ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ និងស្របតាមបរិបទនៃពិភពលោកដែលកំពុងមានភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា ។

ការថ្លែងរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពីការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូល ព្រះរាជាណាចក្រកម្ពុជា Cambodia e-Arrival រៀបចំនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីឯកឧត្តម សុខ សុកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ តំណាងក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល តំណាងស្ថានទូតបរទេសនានាប្រចាំនៅកម្ពុជា ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋាន បណ្ដាទីភ្នាក់ងារទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីតាមបណ្ដាច្រកទ្វារព្រំដែនគោក និងអាកាសជាច្រើនរូប ។

ឯកឧត្តម សុខ វាសានា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ប្រព័ន្ធ Cambodia e-Arrival នឹងជួយកាត់បន្ថយពេលវេលាបំពេញបែបបទចូល-ចេញពីប្រទេស ធានាថាអ្នកដំណើរអាចឆ្លងកាត់បានយ៉ាងឆាប់រហ័ស មានភាពងាយស្រួល ដោយអ្នកដំណើរចូលកម្ពុជាតាមអាកាសយានដ្ឋានអន្តរជាតិនានា គ្រាន់តែបំពេញព័ត៌មានតាមទម្រង់ដែលបានកំណត់តាមតំណភ្ជាប់ទៅគេហទំព័រ www.arrival.gov.kh ឬកម្មវិធី Cambodia e-Arrival រួមមាន ទម្រង់សលាកបត្រអន្តោប្រវេសន៍ រួមទាំងពាក្យស្នើសុំទិដ្ឋាការពេលមកដល់ ទម្រង់លិខិតរាយការណ៍គយ និងទម្រង់លិខិតប្រកាសសុខភាពរបស់អ្នកដំណើរ ខណៈបណ្ដាប្រទេសជឿលឿនកាន់តែច្រើនបាននិងកំពុងប្រើប្រាស់ប្រព័ន្ធនេះ ។
បើតាមប្រមុខក្រសួងមហាផ្ទៃកម្ពុជា Cambodia e-Arrival រៀបចំដោយកូនខ្មែរ ក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល ដោយបង្កើតបានជាប្រព័ន្ធជាតិតែមួយ ដែលអាចឆ្លើយតបបានទៅនឹងការវិវឌ្ឍផ្នែកបច្ចេកវិទ្យា និងវឌ្ឍនភាពជាតិ ជាពិសេសក្នុងដំណាក់កាល ដែលរាជរដ្ឋាភិបាលបាននិងកំពុងផ្តោតការយកចិត្តទុកដាក់ទាក់ទាញភ្ញៀវទេសចរ វិនិយោគិន ក៏ដូចជាធុរជនបរទេស ឱ្យចូលមកទស្សនា និងធ្វើធុរកិច្ចស្របតាមការគោលនយោបាយទេសចរណ៍ និងវិនិយោគ និងក៏ផ្តល់ភាពងាយស្រួលសម្រាប់ការគ្រប់គ្រងកិច្ចការសន្តិសុខ និងការគ្រប់គ្រងទិន្នន័យជនបរទេសនៅកម្ពុជាផងដែរ ។

ក្រសួងមហាផ្ទៃ បានដាក់ឱ្យអនុវត្តសាកល្បងនូវប្រព័ន្ធ Cambodia e-Arrival ជាបណ្ដើរៗនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាបអង្គរ និងខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ និងគ្រោងដាក់ឱ្យដំណើរការជាផ្លូវការនៅតាមបណ្ដាច្រកទ្វារអាកាសយានដ្ឋានទាំង៣នេះ នៅអំឡុងខែកកញ្ញា ឆ្នាំ២០២៤ មុននឹងបន្តពន្លាតទៅអនុវត្តនៅតាមបណ្ដាច្រកទ្វារព្រំដែនអន្តរជាតិនិងច្រកទ្វារទ្វេភាគីផ្សេងទៀតជាបន្តបន្ទាប់។ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ការផ្ដួចផ្ដើម និងដឹកនាំឈានទៅសម្រេចបាននូវប្រព័ន្ធ Cambodia e-Arrival នេះ គឺជាការបញ្ជាក់ច្បាស់នូវលទ្ធផលជាក់ស្ដែងថ្មីមួយទៀត នៃទិសដៅការងារអាទិភាពទាំង៦ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានប្រកាសអនុវត្តចាប់ពីដើមនីតិកាលទី៧ ៕
អត្ថបទ ៖ បាន សុខរិទ្ធិ









-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង