Connect with us

ព័ត៌មាន

កម្ពុជា បារាំង ចង់បង្កើតនូវកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល និងអាកាសចរស៊ីវិល បន្ថែមទៀត

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យឯកឧត្តម អូលីវែរ រីឆាត (Olivier RICHARD) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នេះ។ ក្នុងឱកាសនោះ សម្ដេចតេជោ និងឯកឧត្តមឯកអគ្គរដ្ឋទូតបារាំង ក៏បានលើកឡើង ដោយចង់បន្ថែមនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំងទៅលើវិស័យសុខាភិបាល និងអាកាសចរស៊ីវិលបន្ថែមទៀត។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជាក្នុងជំនួបសម្ដែងការគួរសមនាពេលនេះ។ សម្ដេចក៏បានលើកឡើងអំពីទំនាក់ទំនងរវាងកម្ពុជា និងបារាំងនាពេលបច្ចុប្បន្ន ដែលកំពុងតែមានភាពស្អិតរមួតជាមួយគ្នា។

នៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតរបស់បារាំងប្រចាំកម្ពុជា បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យឯកឧត្តមនិងសហការីបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។

ឯកឧត្តមបានជម្រាបជូនសម្ដេចតេជោអំពីគោបំណងនៃការជួបជាមួយនឹងសម្ដេចតេជោនៅពេលនេះ គឺដើម្បីពិភាក្សាអំពីការត្រៀមរៀបចំនៃដំណើរទស្សនកិច្ចរបស់ ឯកឧត្តម អេម៉ានូអែលម៉ាក្រុង

ប្រធានាធិបតីបារាំងមកកាន់ប្រទេសកម្ពុជានៅពេលខាងមុខ នៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តមក៏បានពិភាក្សា និងស្នើទៅកាន់សម្ដេចតេជោទាក់ទងនឹងគម្រោងរបស់ឯកឧត្តមប្រធានាធិបតីបារាំង ដែលនឹងត្រូវជួបសន្ទនាជាមួយសម្ដេចផងដែរ។

សម្ដេចតេជោបាទសម្ដែងនូវការឯកភាពចំពោះការលើកឡើង ជាពិសេសគឺការត្រៀមលក្ខណៈនៅក្នុងការជួបពិភាក្សារវាងសម្ដេច ជាមួយនឹងឯកឧត្តមប្រធានាធិបតីបារាំងនាពេលខាងមុខ។ សម្ដេចក៏ត្រៀមនៅក្នុងការជជែកទៅលើចំណុចសំខាន់ៗទាក់ទងទៅនឹងទំនាក់ទំនងទ្វេភាគី និងបញ្ហាពាក់ព័ន្ធមួយចំនួនទៀត។

សម្ដេចតេជោ និងឯកឧត្តមឯកអគ្គរដ្ឋទូតបារាំង ក៏បានលើកឡើងដោយចង់បន្ថែមនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំងទៅលើវិស័យសុខាភិបាល និងអាកាសចរស៊ីវិលបន្ថែមទៀត។ សម្ដេចតេជោបានពេញចិត្តនៅក្នុងការពង្រឹងនូវកិច្ចការនេះជាមួយនឹងបារាំង ដើម្បីធ្វើយ៉ាងណាឲ្យកាន់តែល្អប្រសើរនៅក្នុងវិស័យសុខាភិបាលក្នុងប្រទេសកម្ពុជា។

ជាចុងក្រោយ សម្ដេច ហ៊ុន សែន បានជូនពរឲ្យឯកឧត្តមឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ទទួលបានជោគជ័យ ជាបន្តបន្ទាប់ទៀត៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia