Connect with us

ព័ត៌មាន

វីងសបនិងសាវីម៉ិច ចាប់ដៃគូផ្តាច់មុខ បើកហាងលក់ទំនិញវីងសប នៅតាមស្ថានីយប្រេងឥន្ធនៈសាវីម៉ិច

វីងសប និងសាវីម៉ិច ចាប់ដៃគូផ្តាច់មុខ បើកហាងលក់ទំនិញ វីងសប នៅតាមស្ថានីយប្រេងឥន្ធនៈ សាវីម៉ិច កិច្ចសហការនេះមានសក្តានុពលពង្រីកហាងលក់ទំនិញ វីងសប រហូតដល់ ២០០ ទីតាំង នៅតាមស្ថានីយប្រេងឥន្ធនៈ សាវីម៉ិច នៅទូទាំងប្រទេស។

ហាងលក់ទំនិញ វីងសប (Wingshop) ដែលដំណើរការដោយក្រុមហ៊ុន វីង អ៊ិនធើ ឡូជីស្ទីក ថេកណឡជី ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនប្រេងឥន្ធនៈ សាវីម៉ិច (SAVIMEX Petroleum) នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហការផ្តាច់មុខក្នុងការបើកហាងលក់ទំនិញ វីងសប នៅតាមស្ថានីយប្រេងឥន្ធនៈ សាវីម៉ិច, ដោយមានការចុះហត្ថលេខាពីអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប តំណាងឱ្យវីងសប និងឧកញ៉ា សេង សាវី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនប្រេងឥន្ធនៈ សាវីម៉ិច តំណាងឱ្យសាវីម៉ិច។ ពិធីនេះក៏មានការចូលរួមជាសាក្សីពីលោក Stephane Pariente នាយកគ្រប់គ្រងអាជីវកម្មនៃហាងលក់ទំនិញ វីងសប និងឧកញ៉ា សុខ ហួត នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រេងឥន្ធនៈ សាវីម៉ិច ផងដែរ។

លោក Stephane Pariente បានលើកឡើងថា កិច្ចសហការនេះមានសក្តានុពលក្នុងការពង្រីកហាងលក់ទំនិញ វីងសប រហូតដល់ ២០០ ទីតាំង នៅតាមស្ថានីយប្រេងឥន្ធនៈសាវីម៉ិច។ ភាពជាដៃគូនេះជាផ្នែកមួយនៃផែនការរបស់វីងសប ក្នុងការពង្រីកបណ្តាញហាងលក់ទំនិញទំនើប ដើម្បីនាំយកផលិតផល និងសេវាកម្មកាន់តែខិតជិតអតិថិជននៅទូទាំងប្រទេស។ លោក បន្តថា វីងសបមាន មហិច្ឆតាច្បាស់លាស់ គឺកសាងបណ្តាញហាងលក់ទំនិញដ៏រឹងមាំ ទំនើប និងងាយស្រួលទៅដល់ប្រជាជនកម្ពុជា ដោយនាំយកផលិត- ផលប្រកបដោយគុណភាពខ្ពស់ក្នុងតម្លៃសមរម្យ ឱ្យកាន់តែខិតជិតសហគមន៍កម្ពុជា។ តាមរយៈកិច្ចសហការនេះ អតិថិជននឹងមានភាពងាយស្រួលក្នុងការចាក់ប្រេងឥន្ធនៈ និងទិញទំនិញប្រើប្រាស់ប្រចាំថ្ងៃ អាហារ និងភេសជ្ជៈនៅទីតាំងតែមួយ។ ហាងវីងសបដែលគ្រោងនឹងបើកនៅតាមស្ថានីយសាវីម៉ិច នឹងបម្រើទាំងអ្នកធ្វើដំណើរ និងប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ជុំវិញ ដោយផ្តល់ជម្រើសទំនិញកាន់តែសម្បូរបែប និងងាយស្រួលក្នុងការទិញ។

លោក Stephane Pariente បានសង្កត់ធ្ងន់ថា ភាពជាដៃគូនេះជាការរួមគ្នារវាងក្រុមហ៊ុនកម្ពុជាពីរ ដែលមានគោលដៅរួមក្នុងការវិនិយោគ បង្កើតឱកាសសម្រាប់ប្រជាជន និងចូលរួមជំរុញការអភិវឌ្ឍវិស័យលក់រាយទំនើបនៅកម្ពុជា។

ឧកញ៉ា សុខ ហួត បានលើកឡើងផងដែរថា ក្រុមហ៊ុនមានចក្ខុវិស័យអភិវឌ្ឍស្ថានីយឱ្យក្លាយជាទីតាំងផ្តល់សេវាចម្រុះ ដែលបំពេញតម្រូវការប្រេងឥន្ធនៈ និងទំនិញប្រើប្រាស់ប្រចាំថ្ងៃដល់ប្រជាជន ដើម្បីផ្តល់ភាពងាយស្រួលជូនអ្នកធ្វើដំណើរឆ្លងកាត់ និងសហគមន៍រស់នៅជុំវិញ។ ក្រៅពីផ្តល់ភាពងាយស្រួលដល់អតិថិជន កិច្ចសហការនេះក៏បង្កើតឱកាសសម្រាប់ដៃគូស្ថានីយប្រេងឥន្ធនៈ សាវីម៉ិច ក្នុងការពង្រីកសេវាកម្ម និងបង្កើនប្រភពចំណូលតាមរយៈអាជីវកម្មលក់រាយ។ ការរួមបញ្ចូលបទពិសោធន៍ផ្នែកលក់រាយរបស់វីងសប ជាមួយបណ្តាញស្ថានីយប្រេងឥន្ធនៈ សាវីម៉ិច នឹងជួយអភិវឌ្ឍស្ថានីយឱ្យក្លាយជាទីតាំងអាចបំពេញតម្រូវការចម្រុះរបស់អតិថិជន។

ឧកញ៉ា សុខ ហួត បានលើកឡើងបន្ថែមថា ការពង្រីកបណ្តាញហាងវីងសបក៏អាចបង្កើតឱកាសបន្ថែមសម្រាប់ផលិតផលខ្មែរ និងអ្នកផ្គត់ផ្គង់ក្នុងស្រុក ព្រមទាំងរួមចំណែកបង្កើតការងារ និងផ្តល់ការបណ្តុះបណ្តាលជំនាញដល់យុវជនកម្ពុជា។ កិច្ចសហការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់ភាគីទាំងពីរ ក្នុងការលើកកម្ពស់សេវាកម្មលក់រាយ គាំទ្រអាជីវកម្មក្នុងស្រុក និងបង្កើតឱកាសសេដ្ឋកិច្ចបន្ថែមសម្រាប់សហគមន៍កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia