Connect with us

ព័ត៌មាន

រដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យដំណើរការសាកល្បងការស្នើសុំសេវាតាមអនឡាញ លើសេវា ជីកបណ្តោយផ្លូវ ឬឆ្លងផ្លូវ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការសាកល្បងនូវការស្នើសុំសេវាតាមអនឡាញ(Online) លើសេវាជីកឆ្លងផ្លូវក្នុងរាជធានីភ្នំពេញ តាមប្រព័ន្ធព័ត៌មានវិទ្យារបស់ អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានីភ្នំពេញ។

តាមសេចក្ដីជូនដំនឹង រដ្ឋបាលរាជធានីភ្នំពេញ បានជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញជ្រាបថា ដើម្បីវិវដ្តទៅតាមយុគសម័យឌីជីថល និងសម្រេចបាននូវការផ្តល់សេវារដ្ឋបាលសាធារណៈ ឱ្យបានឆាប់រហ័ស សន្សំសំចៃថវិកា និងពេលវេលារបស់ប្រជាពលរដ្ឋក្នុងការមកដាក់ពាក្យស្នើសុំផ្ទាល់ នៅសាលា រាជធានីភ្នំពេញនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យដំណើរការសាកល្បងនូវការស្នើសុំសេវាតាមប្រព័ន្ធអនឡាញ (Online) លើការស្នើសុំលិខិតអនុញ្ញាតជីកបណ្តោយផ្លូវ ឬឆ្លងផ្លូវក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ តាមប្រព័ន្ធព័ត៌មានវិទ្យារបស់អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។

រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់ដាក់ពាក្យស្នើសុំសេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) សូមចូលទៅកាន់គេហទំព័រ https://ows.phnompenh.gov.kh/ ឬស្កេនយ្យ.អរ.កូដ (QR Code) ដែលរដ្ឋបាលរាជធានីផ្ដល់ជូន ដើម្បីបង្កើតគណនី និងស្នើសុំសេវាផឹកឆ្លងផ្លូវក្នុងរាជធានីភ្នំពេញ ដោយភ្ជាប់ឯកសារពាក់ព័ន្ធ តាមការណែនាំ ក្នុងជំហាននីមួយៗ។

ទន្ទឹមនឹងការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) បងប្អូនប្រជាពលរដ្ឋទាំងអស់នៅតែអាចបន្តអញ្ជើញមកទំនាក់ទំនងស្នើសុំសេវាដោយផ្ទាល់នៅអង្គភាពច្រកចេញចូលតែមួយរាជធានី ទីតាំងនៅក្នុងបរិវេណសាលារាជធានីភ្នំពេញ ស្ថិតនៅអាសយដ្ឋានលេខ៦៩ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញដូចមុនដដែល៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia