Connect with us

ព័ត៌មាន

«ភូមិហ្វ្រង់កូហ្វូនី» នឹងប្រមូលផ្ដុំបង្ហាញ សិល្បៈ វប្បធម៌ ប្រពៃណី នៃ​បណ្តា​ប្រទេស​សមាជិក​ហ្រ្វង់កូហ្វូនី

ភូមិហ្វ្រង់កូហ្វូនី ដែលជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នឹង​ប្រមូល​ផ្ដុំ​បង្ហាញ សិល្បៈ វប្បធម៌ ប្រពៃណី នៃបណ្តាប្រទេសសមាជិកហ្រ្វង់កូហ្វូនី។

លោកជំទាវ​កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ប្រធានអនុគណៈកម្មការទី៥ ព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូល និង​ជា​សហប្រធានក្រុមការងារដឹកនាំរៀបចំព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វូនី» នៅ​ព្រឹក​ថ្ងៃ​ទី៣០​ខែ​តុលា​នេះ បានថ្លែងថា តំបន់សិល្បៈដែលជាតំបន់មួយបានរៀបចំក្នុងភូមិហ្រ្វង់កូហ្វូនី នឹង​ប្រមូល​ផ្តុំ​បង្ហាញ សិល្បៈ វប្បធម៌ ប្រពៃណីនៃប្រទេសហ្រ្វង់កូហ្វូនី ក្នុងនោះប្រទេស​កម្ពុជា​នឹង​បង្ហាញ​សម្លៀកបំពាក់ប្រពៃណីខ្មែរ សិល្បៈបុរាណ និងសម័យទំនើបជាដើម។ រី​ឯ​ការ​សំដែង​សិល្បៈ​ខ្មែរ​នឹងធ្វើឡើងតាមថ្ងៃនីមួយៗ ដែលចា​​ប់ផ្តើមពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ​២០២៦។ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បន្តថា តាមការរំពឹងទុកភ្ញៀវទេសចរជាតិ និង​អន្តរជាតិ ប្រមាណ១០ម៉ឺននាក់ នឹងមកទស្សនាភូមិហ្រ្វង់កូហ្វូនី​​។​​

គួរបញ្ជាក់ដែរថា «ភូមិហ្វ្រង់កូហ្វូនី» រៀបចំនៅសួនច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ ក្រោម​ប្រធាន​បទ «ស្នាមញញឹមខ្មែរ នឹងក្លាយជាស្នាមញញឹមហ្វ្រង់កូហ្វូនី»។ នៅក្នុងភូមិនេះ មាន​ការ​បង្ហាញ​សិ​​​​ល្បៈ​ វប្បធម៌ កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព រវាងព្រះរាជាណាចក្រកម្ពុជា និ​ង​បណ្តាប្រ​ទេសនិយាយភាសាបារាំង តាមរយៈការរៀបចំជាពន្លាជាតិ, ស្តង់ពិព័រណ៍, ស្តង់​ពិព័រណ៍​ម្ហូប​អាហារ, ការសម្តែងសិល្បៈចម្រុះប្រចាំថ្ងៃ និងការរៀបចំជាកិច្ចសន្ទនា សិក្ខាសាលា លើ​ប្រធាន​បទ​គន្លឹះៗ មានជាអាទិ៍ ការលើកកម្ពស់វិស័យទេសចរណ៍ ការអប់រំ យុវជន សមភាពយេនឌ័រ សន្តិភាព ការអភិរក្សបេតិកភណ្ឌវប្បធម៌ ។ល។ អត្ថបទ៖ទូច សោភ័ណ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia