ព័ត៌មាន
អាល្លឺម៉ង់ផ្តល់ហិរញ្ញប្បទានសរុប ៨៨៧លានដុល្លារ គាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា
អាល្លឺម៉ង់បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជាសរុបប្រមាណ ៨៨៧ លានដុល្លារអាមេរិក ក្នុងនោះហិរញ្ញប្បទានឥតសំណង/ជំនួយបច្ចេកទេសចំនួន ៧៦២ លានដុល្លារអាមេរិក និងឥណទានសម្បទានចំនួន ១២៥ លានដុល្លារអាមេរិក នៅក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមកនេះ គាំទ្រដល់ការអភិវឌ្ឍលើវិស័យអាទិភាពនៅកម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦, បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលលោកជំទាវចាប់ផ្តើមបំពេញបេសកកម្មការទូតនៅកម្ពុជា។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-អាល្លឺម៉ង់ ដ៏ល្អកន្លងមក ។ អាល្លឺម៉ង់ជាដៃគូអភិវឌ្ឍទ្វេភាគីដ៏សំខាន់មួយ ក្នុងចំណោមបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប ដែលបានផ្តល់កិច្ចសហការសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា ។

ជាក់ស្តែង, តាមរយៈធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) និងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) ក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមក, អាល្លឺម៉ង់បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជាសរុបប្រមាណ ៨៨៧ លានដុល្លារអាមេរិក ក្នុងនោះហិរញ្ញប្បទានឥតសំណង/ជំនួយបច្ចេកទេសចំនួន ៧៦២ លានដុល្លារអាមេរិក និងឥណទានសម្បទានចំនួន ១២៥ លានដុល្លារអាមេរិក ដែលគ្របដណ្តប់លើវិស័យគន្លឹដូចជា៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, អប់រំ, អភិវឌ្ឍន៍ជនបទ, ថាមពល, សុខាភិបាល, គាំពារសង្គម, ការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, វាយនភណ្ឌ និង អភិបាលកិច្ច ។
ដើម្បីសម្រេចគោលដៅកម្ពុជាក្នុងការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាត្រូវរក្សាឲ្យបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច តាមរយៈការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងបំណុលសាធារណៈ ការបង្កើនមូលធនក្នុងស្រុក និងការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តការវិនិយោគ ជាពិសេសការទាញយកសក្តានុពល នៃមូលធនឯកជនពីអ្នកវិនិយោគបរទេស និងដៃគូវិនិយោគឲ្យចូលមកកាន់ទីផ្សារប្រកបដោយថាមពលនៅកម្ពុជា ក៏ដូចជាកម្មវិធីកែទម្រង់អាទិភាពផ្សេងទៀតផងដែរ ។ ជាមួយគ្នានេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានស្នើឱ្យរដ្ឋាភិបាលអាល្លឺម៉ង់ បន្តផ្តល់ការគាំទ្រលើវិស័យអាទិភាពរបស់កម្ពុជា និងជួយសម្របសម្រួលទាក់ទាញវិនិយោគិនអាល្លឺម៉ង់ និងអឺរ៉ុបមកវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត ។

លោកជំទាវឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងសមិទ្ធផលនៃការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ។ អាល្លឺម៉ង់ប្តេជ្ញាចិត្តបន្តគាំទ្រការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា តាមរយៈ KfW និង GIZ ស្របតាមវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ។ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ផងដែរអំពីចំណាប់អារម្មណ៍របស់វិស័យឯកជនអាល្លឺម៉ង់ ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា នៅក្នុងវិស័យដែលមានសក្តានុពល៕ អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤