Connect with us

ព័ត៌មាន

កម្ពុជា ប្តេជ្ញាចិត្ត ដោះស្រាយបញ្ហាទំនាស់ព្រំដែន និងខណ្ឌសីមាព្រំដែនតាមសន្តិវិធី និងច្បាប់អន្តរជាតិ

កម្ពុជានៅតែគោរពស្មារតី នៃសេចក្តីថ្លែងការរួម ទីក្រុងកូឡាឡាំពួរ និងសូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការដោះស្រាយបញ្ហាទំនាស់ព្រំដែន និងខណ្ឌសីមាព្រំដែនតាមសន្តិវិធី និងច្បាប់អន្តរជាតិ។

នៅក្នុង សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល» ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ឯកឧត្តម ប៉ែន បូណា គឺជាប្រធាន អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានរម្លឹកឡើងវិញ នូវព្រឹត្តិការណ៍សំខាន់ប្រចាំសប្ដាហ៍ ដោយ ឯកឧត្តម បានលើកឡើងថា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ គឺជាខួបគម្រប់ ១ឆ្នាំ នៃការចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួម ស្តីពីសន្តិភាព រវាងនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី សម្ដេចមហាបវរធិតបី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារដោយបញ្ជាក់ថា កម្ពុជានៅតែគោរពស្មារតី នៃសេចក្តីថ្លែងការរួម ទីក្រុងកូឡាឡាំពួរ និងសូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការដោះស្រាយ​បញ្ហាទំនាស់ព្រំដែន និងខណ្ឌសីមាព្រំដែនតាមសន្តិវិធី និងច្បាប់អន្តរជាតិ ដោយចៀសវាងការគំរាមកំហែងប្រើប្រាស់ ឬការប្រើប្រាស់កម្លាំង ហើយទទួលស្គាល់ថា គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ គណៈ​    កម្មាធិការ​ព្រំដែនទូទៅ និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) គឺជាយន្តការទ្វេភាគីដែលមានអាណត្តិការងាររៀងៗខ្លួនសម្រាប់ធ្វើការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងព្រំដែនតាមសន្តិវិធី។

​គួររម្លឹកថា នៅ សេចក្តីថ្លែងការណ៍រួម ស្តីពីសន្តិភាព ចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រវាងនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួរ ដោយមានប្រធានាធិបតីសហរដ្ឋអាម៉េរិក និងនាយករដ្ឋ​    មន្ត្រី​ម៉ាឡេស៊ី ធ្វើជាសាក្សី មានខ្លឹមសារសំខាន់ ៨ ចំណុច ដូចតទៅ៖

១. យើងសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏រឹងមាំចំពោះសន្តិភាព និងសន្តិសុខរវាងប្រទេសយើងទាំងពីរ ដូច​ដែល​បានប្រកាសនៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ហើយសូមគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើងចំពោះការចៀសវាងការគំរាមកំហែង ឬប្រើប្រាស់កម្លាំង ការដោះស្រាយជម្លោះដោយសន្តិវិធី និងការគោរពព្រំដែនអន្តរជាតិ និងច្បាប់អន្តរជាតិ។

២. យើងសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគោរព និងអនុវត្តកិច្ចព្រមព្រៀងដែលភាគីទាំងពីរសម្រេច​បាននៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ។

៣. យើងបានចុះហត្ថលេខាលើលក្ខខណ្ឌយោងស្តីពីការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលមាន​សមាសភាពជាបុគ្គលិកមកពីរដ្ឋសមាជិកអាស៊ាន និងមានគោលបំណងធានាការអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញ និងមានប្រសិទ្ធភាព។

៤. បន្ថែមលើនេះ យើងបានប្តេជ្ញាចិត្តក្នុងការបន្ថយភាពតានតឹង ស្តារទំនុកចិត្ត និងទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។

៥. នៅពេលអនុវត្តវិធានការដែលបានរៀបរាប់ខាងលើប្រកបដោយប្រសិទ្ធភាព ភាគីទាំងពីរនឹងទទួលស្គាល់ថា អរិភាពសកម្មត្រូវបានបញ្ចប់។

៦. យើងយល់ព្រមបង្កើនកិច្ចសហប្រតិបត្តិការ ការចែករំលែកព័ត៌មាន និងកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយជាយុទ្ធសាស្ត្រនិងពង្រឹងការគ្រប់គ្រងព្រំដែនដើម្បីទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន។

៧. យើងទទួលស្គាល់ពីភាពចាំបាច់ត្រូវកំណត់នូវមាគ៌ាសម្រាប់អនាគតដ៏ភ្លឺស្វាងមួយ ដែលមិនជាប់ជំពាក់នូវចំណងជម្លោះពីអតីតកាល។

៨. យើងខ្ញុំសូមសម្តែងនូវទំនុកចិត្តថា កិច្ចប្រជុំនេះ ដោយមានវត្តមាន និងការគាំទ្រពីសំណាក់ប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម នៃប្រទេសម៉ាឡេស៊ី គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការគោរពគ្នាទៅវិញទៅមកនិងការជំរុញសន្តិភាពនៅក្នុងតំបន់៕

 អត្ថបទ៖ KC Virak

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia