Connect with us

ព័ត៌មាន

ក្រុមការងារចុះមូលដ្ឋានស្រុកមង្គលបុរី និង CLRA ចុះចែកអំណោយជូនពលរដ្ឋជិតពីរពាន់គ្រួសារ

អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានស្រុកមង្គលបុរី និងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា CLRA បានចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិទឹកជំនន់ ចំនួនជិត ២ ពាន់គ្រួសារ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដើម្បីរួមចំណែកដល់ការលំបាករបស់ប្រជាពលរដ្ឋ។​​

ឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានទីមួយក្រុមការងារចុះមូលដ្ឋានស្រុកមង្គលបុរី, លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា (CLRA) និងលោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាល CLRA នៅថ្ងៃទី៣០-៣១ ខែតុលា ឆ្នាំ២០២៦ បានចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិទឹកជំនន់ចំនួន ១ ៩០០ គ្រួសារ នៅតាមមូលដ្ឋានផ្សេងៗ ក្នុងស្រុកនៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ ការចុះជួបប្រជាពលរដ្ឋនាពេលនេះ គឺជាការបង្ហាញពីស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ដល់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះការលំបាក។

ឯកឧត្តម តាន់ ផាន់ណារ៉ា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលសម្តេចទាំងទ្វេ និងលោកជំទាវបណ្ឌិត តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលកំពុងរងគ្រោះ។ នៅក្នុងគ្រាដែលកំពុងលំបាកនេះ ឯកឧត្តមក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តយកចិត្តទុកដាក់ខ្ពស់អំពី សុខភាពដូចជា បញ្ហាអនាម័យ និងការហូបចុកជាដើម ដើម្បីចៀសវាងបញ្ហាជំងឺដង្កាត់ផ្សេងៗ ក្នុងនោះប្រសិនមានបញ្ហាកើតឡើង សូមស្វែងរកសេវាពិនិត្យ និងព្យាបាល នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យជាបន្ទាន់។

ក្នុងឱកាសសំណេះសំណាលនោះ, ឯកឧត្តម តាន់ ផាន់ណារ៉ា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោត និងធ្វើបច្ចុប្បន្នភាពទិន្នន័យឱ្យបានគ្រប់ៗគ្នា ជាពិសេសយុវជនអាយុ ១៨ឆ្នាំឡើងទៅ ដែលគ្រប់អាយុបោះឆ្នោត ត្រូវទៅចុះឈ្មោះបោះឆ្នោតតាមឃុំ-សង្កាត់របស់ខ្លួនឱ្យបានរួសរាន់ ដើម្បីធានាសិទ្ធិស្របច្បាប់ក្នុងការបោះឆ្នោត។

សូមបញ្ជាក់ថា ចំពោះស្បៀងគ្រឿងឧបភោគបរិភោគ ដែលបានយកទៅចែកជូនប្រជាពលរដ្ឋសរុប ១៩០០ គ្រួសារ និងការចុះទៅចែកជូនដល់ខ្នងផ្ទះ មានចំនួន ១៧០ គ្រួសារ របស់ ឯកឧត្តម តាន់ ផាន់ណារ៉ា អនុប្រធានទីមួយក្រុមការងារចុះមូលដ្ឋានស្រុកមង្គលបុរី និងសហការី លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងលោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាល CLRA រួមមាន៖ អង្ករចំនួន មី ទឹកត្រីទឹកស៊ីអ៉ីវ និងស៊ុតមាន់ ៕

​អត្ថបទ៖ សុន រ៉ាឌី​

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia