ព័ត៌មាន
ម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
ភ្នំពេញ៖ ម្ចាស់សត្តឃាតដ្ឋានបានបង្ហាញការគាំទ្រ និងប្តេជ្ញាអនុវត្តតាមការណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការរឹតបន្តឹងការត្រួតពិនិត្យ និងទប់ស្កាត់ការនាំចូលជ្រូករស់ខុសច្បាប់ ជាពិសេសជ្រូកដែលគ្មានប្រភពច្បាស់លាស់ និងនាំចូលពីប្រទេសជិតខាង ដើម្បីការពារសុខភាពសាធារណៈ និងគាំទ្រដល់វិស័យចិញ្ចឹមជ្រូកក្នុងស្រុក។
លោក ម៉ូវ ឃាង ម្ចាស់សត្តឃាតដ្ឋាននៅក្រុងតាខ្មៅ ខេត្តកណ្តាល បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការតឹងរឹងនេះ ដោយចាត់ទុកថា ការទប់ស្កាត់ការនាំចូលជ្រូកដែលគ្មានប្រភពច្បាស់លាស់ នឹងជួយការពារអាជីវកម្មសត្តឃាតដែលប្រកបរបរត្រឹមត្រូវតាមច្បាប់ ព្រមទាំង ការពារសុខភាពអ្នកប្រើប្រាស់ និងផលប្រយោជន៍របស់ប្រជាកសិករដែលប្រកបរបរចិញ្ចឹមជ្រូកក្នុងស្រុក។
ជាមួយគ្នានេះ លោកបានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យចូលរួមសហការ និងគាំទ្រគ្នាទៅវិញទៅមកក្នុងការអនុវត្តវិធានការនេះ ដើម្បីទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ក៏ដូចជា ជួយលើកកម្ពស់ផលិតកម្មក្នុងស្រុក និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម។
លោកមានប្រសាសន៍ថា៖ «កត្តាសំខាន់ គឺយើងត្រូវរួមគ្នាចែករំលែកព័ត៌មាន និងចូលរួមទាំងអស់គ្នា ក្នុងការទប់ស្កាត់ការនាំចូលជ្រូកដែលគ្មានប្រភពដើមច្បាស់លាស់ ព្រោះនៅពេលដែលជ្រូកទាំងនោះគ្មានប្រភពច្បាស់លាស់ យើងមិនអាចដឹងបានថា វាមានផ្ទុកជំងឺអ្វីខ្លះនោះទេ។ ប្រសិនបើជ្រូកទាំងនោះមានផ្ទុកជំងឺ វាអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បងប្អូនប្រជាកសិករ ជាពិសេសអ្នកប្រកបរបរចិញ្ចឹមជ្រូកក្នុងស្រុកទាំងមូល»។
ពាក់ព័ន្ធនឹងបញ្ហានេះ កាលពីពេលថ្មីៗនេះ ឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យពង្រឹងការដាក់មន្ត្រីជំនាញប្រចាំការនៅតាមសត្តឃាតដ្ឋាន ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការនាំចូលជ្រូករស់ខុសច្បាប់មកពិឃាត។
ការណែនាំនេះធ្វើឡើងបន្ទាប់ពីក្រសួងកសិកម្មបានសង្កេតឃើញថា ការលួចនាំចូលជ្រូករស់មកពិឃាតនៅតាមសត្តឃាតដ្ឋានក្នុងរាជធានី-ខេត្ត ដោយគ្មានលិខិតអនុញ្ញាតពីសមត្ថកិច្ចជំនាញទទួលបន្ទុកផលិតកម្ម និងបសុព្យាបាល នៅតែបន្តកើតមានជារឿយៗ។ ជាពិសេស ការនាំចូលជ្រូកពីប្រភពដែលមិនច្បាស់លាស់ និងពីប្រទេសជិតខាង អាចបង្កហានិភ័យដល់ការរីករាលដាលជំងឺឆ្លងសត្វ និងជំងឺឆ្លងរវាងសត្វ និងមនុស្ស។
ឯកឧត្តមបានមានប្រសាសន៍ថា៖ «ដើម្បីចូលរួមទប់ស្កាត់ចលនាសត្វខុសច្បាប់ ការរីករាលដាលជំងឺឆ្លងសត្វ និងការពារសុខភាពសាធារណៈ អគ្គនាយកដ្ឋានស្នើឱ្យជួយពង្រឹងមន្ត្រីទទួលបន្ទុកប្រចាំការនៅសត្តឃាតដ្ឋាន អនុវត្តឱ្យបានតឹងរ៉ឹង និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ប្រកបដោយមនសិការវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ហើយវិធានការនេះត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់»។
សូមបញ្ជាក់ថា ការរឹតបន្តឹងការត្រួតពិនិត្យ និងទប់ស្កាត់ការនាំចូលជ្រូករស់ខុសច្បាប់នេះ ត្រូវបានចាត់ទុកថាជាវិធានការសំខាន់ក្នុងការការពារសុខភាពសាធារណៈ ទប់ស្កាត់ជំងឺឆ្លងសត្វ និងធានាការប្រកួតប្រជែងដោយស្មើភាពសម្រាប់អ្នកប្រកបអាជីវកម្ម និងប្រជាកសិករចិញ្ចឹមជ្រូកក្នុងស្រុក៕




-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦