ព័ត៌មាន
សម្តេចធិបតី៖ «រាជរដ្ឋាភិបាលជានិច្ចកាលតែងតែចាត់ទុក «មនុស្ស» គឺជាធនធានដ៏សំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ»
ភ្នំពេញ៖នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ គឺជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី (២០២៦-២០២៧)។ ក្នុងសារលិខិតថ្លែងចំពោះទិវាដ៏សំខាន់នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសរំលេចថា៖ «រាជរដ្ឋាភិបាលជានិច្ចកាលតែងតែចាត់ទុក «មនុស្ស» គឺជាធនធានដ៏សំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចជាតិ និងបានផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍន៍មូលធនមនុស្សប្រកបដោយចំណេះដឹង ជំនាញ សីលធម៌ វិន័យ សុខភាពផ្លូវកាយ ផ្លូវចិត្ត ព្រមទាំងសមត្ថភាពក្នុងការសម្របខ្លួនជាមួយនឹងការវិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា»។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២ ខែវិច្ឆិកានេះថា សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ តាមរយៈការបន្តរិះរកវិធានការ និងយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពចំពោះប្រជាជន និងសហគមន៍ ដោយការពង្រឹងអភិបាលកិច្ចសាលារៀន និងការលើកកម្ពស់សកម្មភាពបង្រៀននិងរៀន តម្រង់ឆ្ពោះទៅរកការកែលម្អលទ្ធផលនៃការសិក្សារបស់សិស្សកាន់តែប្រសើរឡើង ប្រកបដោយវិន័យ សីលធម៌ គុណធម៌ និងឥរិយាបថថ្លៃថ្នូរ សក្តិសមជាកុលបុត្រ កុលធីតាខ្មែរ និងជាទំពាំងស្នងឫស្សីរបស់ជាតិ។

ឯកឧត្តម ប៉ែន បូណា ថ្លែងថា ក្នុងន័យនេះ កំណែទម្រង់វិស័យអប់រំ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ហើយកំណែទម្រង់នេះបាននិងកំពុងបោះជំហានទៅមុខជានិច្ច ទាំងការប្រឡង និងលទ្ធផលនៃការប្រឡង។ ជាក់ស្តែង ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៦ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ អត្រាប្រឡងជាប់បានកើនឡើងពី ២៥,៧២% ក្នុងឆ្នាំ២០១៤ ដល់ ៨៤,០៦% នៅឆ្នាំ២០២៦ ខណៈដែលចំនួនបេក្ខជនទទួលបាននិទ្ទេស A បានកើនឡើងពី ១១នាក់ ដល់ ២.០២២ នាក់ក្នុងរយៈពេលដូចគ្នា។ សូចនាករនេះ បង្ហាញពីការប្រែប្រួលនៃលទ្ធផលប្រឡងក្រោយការអនុវត្តកំណែទម្រង់ និងកិច្ចខិតខំរៀនរបស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ឪពុកម្តាយ ឬអាណាព្យាបាល និងតួអង្គពាក់ព័ន្ធផ្សេងទៀត។
ឯកឧត្តមអ្នកនាំពាក្យបានបន្តថា និយាយពីមូលធនមនុស្ស រាជរដ្ឋាភិបាលក៏ផ្តល់អាទិភាពខ្ពស់លើវិស័យសុខាភិបាលដែរ ពីព្រោះ មូលធនមនុស្សដែលរាជរដ្ឋាភិបាលចង់បាន គឺជាមនុស្សដែលមិនត្រឹមតែមានចំណេះជំនាញច្បាស់លាស់ ទាំងជំនាញរឹងនិងទន់ប៉ុណ្ណោះទេ តែក៏ត្រូវមានសុខភាពល្អទាំងផ្លូវកាយនិងផ្លូវចិត្តដែរ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល បានផ្តល់ជូនប្រជាពលរដ្ឋនូវសេវាព្យាបាល និងថែទាំសុខភាពកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់ឡើងជាលំដាប់ និងដោយឥតគិតថ្លៃសម្រាប់ពលរដ្ឋក្រីក្រ ពោលគឺ រាជរដ្ឋាភិបាលគិតគូរខ្ពស់ទាំងសមត្ថភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
បើតាមឯកឧត្តម ប៉ែន បូណា ក្រៅពីសិស្ស និងនិស្សិតដែលមានលទ្ធភាពបន្តការសិក្សានៅសាកលវិទ្យាល័យ រាជរដ្ឋាភិបាលក៏បានផ្តល់ជូននូវការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដោយឥតគិតថ្លៃដល់យុវជនមកពីគ្រួសារក្រីក្រ ដែលគ្មានលទ្ធភាពបន្តការសិក្សាដោយចាត់ទុកជាគោលនយោបាយអាទិភាពដ៏សំខាន់មួយដែរ។ គោលដៅគឺ យុវជនគ្រប់រូបត្រូវមានចំណេះជំនាញយ៉ាងតិចមួយ ដើម្បីប្រកបរបរចិញ្ចឹមជីវិត ដោយមិនបោះបង់នរណាម្នាក់ចោលឡើយ។ ជាក់ស្តែង រហូតមកទល់ពេលនេះ មានយុវជនគោលដៅជិត ៣០ ម៉ឺននាក់ហើយដែលទទួលបានការបណ្តុះបណ្តាល ដែលផ្តល់ជូនដោយឥតគិតថ្លៃពីរាជរដ្ឋាភិបាល ក្រោមអភិក្រម«រៀនឱ្យចេះ រៀនឱ្យចប់ និងឱ្យមានការងារធ្វើ»។
ឯកឧត្តម ប៉ែន បូណា ថ្លែងថា នៅក្នុងកម្មវិធីគោលនយោបាយអាទិភាពទី១ ពាក់ព័ន្ធនឹងវិស័យសុខាភិបាលវិញ ប្រជាពលរដ្ឋកំពុងទទួលផលពីការព្យាបាលដោយឥតគិតថ្លៃជារៀងរាល់ថ្ងៃ។ ជាក់ស្តែង គ្រួសារក្រីក្រ និងងាយរងហានីភ័យដែលប្រើប្រាស់សេវាថែទាំសុខភាពក្រោមកម្មវិធីមូលនិធិសមធម៌បានកើនឡើងដល់ជាង ១៤ លានករណី ខណៈដែលមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ទូទាំងប្រទេសដែលបើកបម្រើសេវា២៤ម៉ោងលើ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៍ មានរហូតដល់ជាង៩៩%។ ទាំងនេះ គឺជាសមិទ្ធផលគួរជាទីមោទនៈនៃការអនុវត្ត គោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក៏ដូចជាកម្មវិធីគោលនយោបាយអាទិភាព៦ចំណុច រួមជាមួយកំណែទម្រង់ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម ប៉ែន បូណា បញ្ជាក់ថា សរុបមកវិញ បើទោះបីជាត្រូវប្រឈមមុខដោះស្រាយបញ្ហាព្រំដែនដែលរងការឈ្លានពានពីប្រទេសថៃក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែបន្តធ្វើឱ្យមានវឌ្ឍនភាពនៃគោលនយោបាយទាំងឡាយដែលបានដាក់ចេញដោយគ្មានការរាំងស្ទះឡើយ។ ពោលគឺ ដៃម្ខាងការពារអធិបតេយ្យភាពបូរណភាពទឹកដី និងប្រជាជន ចំណែកដៃម្ខាងទៀតរាជរដ្ឋាភិបាលបន្តថែរក្សាសុខសន្តិភាព និងបន្តអនុវត្តគោលនយោបាយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ក្នុងនោះការកសាងមូលធនមនុស្សជាអាទិភាព ដូចមានបញ្ជាក់ក្នុងមុំទី១នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាឧទាហរណ៍ស្រាប់៕



-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦