Connect with us

ព័ត៌មាន

អាវុធហត្ថរាជធានីជួបសំណេះសំណាលបេក្ខជន ២៩២នាក់​មុន​ត្រូវ​ទៅ​ពិនិត្យ​កាយ​សម្បទា​ចូល​ហ្វឹក​ហ្វឺន​កាតព្វ​កិច្ចយោធា

អាវុធហត្ថរាជធានីភ្នំពេញ ជួបសំណេះសំណាល បេក្ខជន២៩២នាក់ មុនពួកត្រូវទៅពិនិត្យ​កាយ​សម្បទា​ចូល​ហ្វឹកហ្វឺនកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦ ។

នៅព្រឹកថ្ងៃទី០៤​ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បេក្ខជន ២៩២នាក់ ជាប់ឈ្មោះក្នុងការបំពេញកាតព្វកិច្ចយោធាសម្រាប់ឆ្នាំ២០២៦ ក្របខណ្ឌ​រាជ​ធានី​ភ្នំពេញ បានទទួលការជួបសំណេះសំណាល និងការជូនដំណើរ ពីថ្នាក់ដឹក​នាំ​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ ក្រោមវត្តមានឯកឧត្តម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ និងលោក​ឧត្តម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានីភ្នំពេញ មុនបេក្ខជនទាំងអស់ ត្រូវបញ្ជូនទៅពិនិត្យកាយសម្បទា និងសុខភាព រួច​នឹងបញ្ជូនបន្តទៅកាន់សាលាហ្វឹកហ្វឺនតែម្តង បន្ទាប់ពីការពិនិត្យទទួលបានលទ្ធផលវិជ្ជមាន អាច​ទទួល​យកបាន ពីក្រុមគណៈកម្មការផ្នែកសុខាភិបាល។

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា​មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថរាជធានីភ្នំពេញ បានមានមតិលើកទឹកចិត្ត និងគាំទ្រចំពោះការស្ម័គ្រចិត្តរបស់ក្មួយៗ ក៏​ដូចជាការផ្តល់ការជម្រុញគាំទ្រពីឪពុកម្តាយ អាណាព្យាបាល ដែលអ​នុញ្ញាត​ឲ្យ​កូន​ក្មួយ​សាច់​ញាតិ​របស់​ខ្លួនចូលបំពេញកាតព្វកិច្ច ដែលវាជាផ្នែក និងជាថ្នាលដ៏សំខាន់​មួយ​ក្នុង​បុព្វ​ហេតុ​បន្ត​វេន​បម្រើ​ការពារប្រទេសជាតិ ប្រកបដោយស្មារតី និងសុឆន្ទៈខ្ពស់ ពិសេសគឺ​មនសិការ​រួបរួម​គ្នា​ជា​ថ្លុង​តែ​មួយ ក្នុងការទប់ទល់នឹងខ្មាំងសត្រូវប៉ងឈ្លានពានទឹកដ៏កម្ពុជា ។

ក្រុមបេក្ខជនជាប់ឈ្មោះកាតព្វកិច្ច ក៏បានបង្ហាញគោលជំហររឹងមាំ និងមុះមុតចំពោះជាតិមាតុភូមិ ទោះ​ត្រូវ​លះបង់ដោយតម្លៃណាក៏ដោយ ។ ហើយក្នុងពេលជាប់កាតព្វកិច្ច០២ឆ្នាំនេះ អ្វី​ដែល​ពួក​គេ​អាច​ធ្វើបាន គឺការប្រឹងប្រែងហ្វឹកហាត់ ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ឲ្យក្លាយ​ជា​អ្នក​ការ​ពារ​បន្ត​វេនដ៏រឹងមាំ និងមានសក្តានុពលសម្រាប់ជាតិ ។

ឪពុកម្តាយ អាណាព្យាបាល បេក្ខជនជាប់ឈ្មោះ បង្ហាញការគាំទ្រ និងអរគុណរាជរដ្ឋាភិបាល ដែល​បានបើកឱកាសសម្រាប់កូនៗ​របស់​ពួក​គាត់​បាន​រួម​ចំណែក​ជា​មួយ​វិស័យ​ការ​ពារ​ប្រទេស​ជាតិ​ ស្របពេលដែលប្រទេសជាតិយើង កំពុងទទួលរងការរំលោភបំពានមកលើបូរណភាពទឹកដី និង​ការឈរជើងកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ពីសំណាក់រដ្ឋបរទេសជិតខាងនៅឡើយ ។

គួរជម្រាបថា ក្នុងជំហានដំបូងនេះ គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានសម្រេចជ្រើសរើសយុវជនស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ច ចំនួន៥ពាន់នាក់ នៅទូទាំងប្រទេសសម្រាប់ឆ្នាំ២០២៦នេះ ដើម្បីចូលបំពេញកាតព្វកិច្ចជាមួយវិស័យការពារប្រទេសជាតិ ខណៈការបើកវគ្គហ្វឹកហ្វឺនកាតព្វកិច្ចយោធាដំបូង នឹងត្រូវចាប់អនុវត្តនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែកជាថ្ងៃសំខាន់ស្របទៅនឹងបុណ្យឯករាជ្យជាតិ និង ថ្ងៃខួប នៃថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទផងដែរ៕ អត្ថបទ ៖ លីហេង

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia