Connect with us

ព័ត៌មាន

កម្ពុជារៀបចំពិធីឆ្លងព្រះភូមិនៅព្រលានយន្តហោះអន្តរជាតិតេជោ ដើម្បី​ត្រៀម​លក្ខណៈ​ទទួល​ស្វាគមន៍​ប្រតិភូ​ចូលរួមកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០

អាជ្ញាធរអាកាសចរណ៍ស៊ីវិលកម្ពុជា បានរៀបចំការចុះត្រួតពិនិត្យ និង​ពិធីសែន​ព្រេន​ក្រុង​ពាលី​តាម​ប្រពៃណី ​នៅអគារស្ថានីយអ្នកដំណើរថ្នាក់ VVIP ថ្មី នៃអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បី​ធានា​ថា អាកាសយានដ្ឋានលំដាប់អន្តរជាតិមួយនេះ បានត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ទទួល​ស្វាគមន៍​គណៈប្រតិភូជាន់ខ្ពស់ ដែលនឹងអញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី​នា​ពេល​ខាង​មុខ។

នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ថ្នាក់ដឹកនាំនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល រួម​ជា​មួយ​តំណាងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អិនវេសមិន ឯ.ក (CAIC) បានអញ្ជើញ​ដឹកនាំ​រៀបចំ​ពិធី​ឆ្លង​ព្រះភូមិ និងក្រុងពាលីតាមប្រពៃណីជាតិ នៅទីធ្លាអគារ VVIP ថ្មី នៃអាកាស​យានដ្ឋាន​អន្តរជាតិ​តេជោ (TIA)។

ក្នុង​បរិបទហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានត្រូវបានពិពណ៌នាតាមទស្សនវិស័យស្ថាបត្យកម្ម ដែល​បញ្ចូលភាពថ្លៃថ្នូរនៃសិល្បៈខ្មែរ ជាមួយបច្ចេកវិទ្យា និងមុខងារប្រើប្រាស់សម័យទំនើប។ អគារ​នេះ​មានគោលបំណងផ្តល់បរិយាកាសសមរម្យ កក់ក្តៅរាក់ទាក់ សម្រាប់ការ​ទទួល​បដិ​សណ្ឋារ​កិច្ច​ ថ្នាក់ដឹកនាំជាន់ខ្ពស់ ខណៈរក្សាការយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព សន្តិសុខ ប្រសិទ្ធភាព ប្រតិបត្តិការ និងភាពងាយស្រួលក្នុងការប្រើប្រាស់។

ឧកញ៉ា ឆារស៍ វ៉ាន់ អភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផត អិនវេសមិន ឯ.ក បានមានប្រសាស​ន៍​ឱ្យ​ដឹង​ថា អគារ VVIP មានលក្ខណៈស្ថាបត្យកម្មបែបទំនើប ដោយផ្តោតលើភាពសាមញ្ញ ភាព​ទូលាយ ​និងភាពស្រស់ស្អាតនៃទម្រង់ដំបូល។ ចំណុចពិសេស គឺការរចនា​ដំបូល​ជា​ទម្រង់​កោង​ឡើង​ចុះ ​ដែលអាចបកស្រាយថាជាការបំផុសគំនិតពីដំបូលប្រាសាទខ្មែរ និងទម្រង់​ដំបូល​សាលា​បុរាណ​ខ្មែរ​។ ហើយមានលក្ខណៈស្ថាបត្យកម្ម ទម្រង់ដំបូលកោង​តំណាង​ឱ្យ​ភាព​ថ្លៃថ្នូរ​នៃ​សិល្បៈ​ខ្មែរ​ ខណៈដែលផ្ទៃកញ្ចក់ និងរចនាសម្ព័ន្ធទំនើបតំណាងឱ្យការរីកចម្រើន និងការ​អភិវឌ្ឍន៍​នៃ​សង្គម​បច្ចុប្បន្ន​។ ការបំផុសគំនិតពីសិល្បៈ និងអត្តសញ្ញាណខ្មែរ មានបែងចែកជាគំនិត​សំខាន់​ៗ​ចំនួន​៥ ​រួមមាន៖ ១. ដំបូល (Roof Design) បំផុសគំនិតពីដំបូលប្រាសាទខ្មែរ និង​ដំបូល​សាលា​បុរាណ​។​ ប្រើទម្រង់ដំបូលកោង និងលើកកម្ពស់នៅចំណុចកណ្ដាល។ បង្ហាញពីភាពថ្លៃថ្នូរ និង​អត្ត​សញ្ញាណ​ស្ថាបត្យកម្មខ្មែរ។ ២. ទម្រង់អគារ (Building Form) ប្រើទម្រង់អគារផ្ដេកវែង ដើម្បី​បង្កើត​ភាពស្ងប់ស្ងាត់ និងសមតុល្យ។ បែងចែកផ្នែកកណ្ដាល និងផ្នែកសង​ខាង​ឱ្យ​មាន​ភាព​ស៊ី​ស​ង្វាក់គ្នា។ អាចបំផុសគំនិតពីការរៀបចំអគារនៅក្នុងបរិវេណប្រាសាទខ្មែរ។ ៣. សម្ភារៈ និង​ពណ៌ ​(Materials & Colors) ប្រើពណ៌ត្នោតក្រហម ដែលរំលេចពីពណ៌ដីឥដ្ឋ និងថ្ម​បាយ​ក្រៀម​បុរាណ​ខ្មែរ។ ប្រើកញ្ចក់ធំ ដើម្បីបង្កើតភាពទំនើប និងអនុញ្ញាតឱ្យមានពន្លឺធម្មជាតិ។ ប្រើ​សម្ភារៈ​ដែល​មាន​ភាពធន់ និងសមស្របនឹងអាកាសធាតុតំបន់ត្រូពិច។ ៤. ការប្រើប្រាស់ទឹក និងធម្មជាតិ (Water & Landscape) បង្កើតស្រះទឹកនៅផ្នែកខាងមុខអគារ ដើម្បីឆ្លុះបញ្ចាំង​ទម្រង់​ស្ថាបត្យ​កម្ម​។ បន្ថែមសួនច្បារ ស្មៅ និងរុក្ខជាតិបៃតង។ បំផុសគំនិតពីទស្សនវិជ្ជាទឹក និងស្រះ​ក្នុង​បរិវេណ​ប្រាសាទ​ខ្មែរ ​ដែលបង្កើតភាពស្ងប់ស្ងាត់ និងសុខដុមរមនា។ និង៥. ការតុបតែង ក្នុងអាគារ (​ Interior Design ) ការរៀបចំលំហ ផ្លូវដើរ និង នៅលើជញ្ជាំងដោយ រក្សាអត្ត​សញ្ញាណ​សិល្បៈ​ខ្មែរ​តាម​រយៈរូបចំលាក់ផុសតាមជញ្ជាំង និង តាំងរូបចំលាក់​ប្រវត្តិសាស្រ្ត ជាច្រើន ​នៅក្នុងសាល VVIP​ និង​ តាមមុខបន្ទប់។

សូមជំរាបជូនថា ការរៀបចំពិធីតាមប្រពៃណី និងការត្រៀម​លក្ខណៈ​យ៉ាង​ផ្ចិត​ផ្ចង់​លើ​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ VVIP នេះ មិនត្រឹមតែបង្ហាញពីការត្រៀមខ្លួនរួចរាល់របស់កម្ពុជា ក្នុងការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ព្រឹត្តិការណ៍អន្តរជាតិធំៗនោះទេ ប៉ុន្តែក៏ជាការបង្ហាញទៅកាន់ពិភពលោកនូវទម្រង់សិល្បៈ វប្បធម៌ និងការអភិវឌ្ឍដ៏ស៊ីវិល័យរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia