Connect with us

ព័ត៌មាន

អភិបាលខេត្តកណ្ដាល កោតសរសើរចំពោះគ្រូអប់រំពិសេស និងបង្ហាញលទ្ធផលជោគជ័យលើវិស័យអប់រំ និងកីឡាទូទាំងខេត្តកណ្តាល

ខេត្តកណ្តាល៖ ថ្លែងក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៦-២០២៧ នៅសាលាវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានឡើងមានចំណាប់អារម្មណ៍ ដោយបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្ត និងការលះបង់ដ៏ធំធេងរបស់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ក្នុងការជួយជ្រោមជ្រែង និងបង្រៀនកុមារមានពិការភាព ដែលទាមទារនូវការអត់ធ្មត់ និងការលះបង់ខ្ពស់ជាងសាលារៀនធម្មតា។ ឯកឧត្តមបានគូសបញ្ជាក់ថា ការបង្រៀនកូនៗដែលមានតម្រូវការពិសេស គឺពិតជាទាមទារនូវសេចក្តីមេត្តា ភាពអត់ធ្មត់ខ្ពស់ ទេពកោសល្យ និងសេចក្តីស្រឡាញ់ដ៏ពិតប្រាកដ។

ក្នុងឱកាសប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ ឯកឧត្តមអភិបាលខេត្តបានឡើងរាយការណ៍ជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ព្រមទាំងអង្គពិធីទាំងមូល អំពីវឌ្ឍនភាពជាក់ស្តែង និងសមិទ្ធផលការងារអប់រំ យុវជន និងកីឡា នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល រួមមាន៖ (១)ការប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៤ ខេត្តកណ្តាល ទទួលបានជ័យលាភីចំនួន ៣សាលា រួមមាន សាលាមត្តេយ្យសិក្សាធនធានមនុស្សក្រុងតាខ្មៅ, សាលាមត្តេយ្យសិក្សាជ្រោយប្រាស់ និងវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងតាខ្មៅ, (២)ការប្រកួតប្រជែងថ្នាក់ជាតិលើកម្មវិធីវាយតម្លៃសាលារៀនពលរដ្ឋល្អ ក្នុងនោះយុវជនខេត្តកណ្តាល សម្រេចបានលទ្ធផលគួរឱ្យមោទនៈ ដោយនៅឆ្នាំ២០២៥ ទទួលបានជ័យលាភីឆ្នើមមេដាយមាស សម្រាប់គម្រោងថ្នាក់ទី៩ និងជ័យលាភីគំរូមេដាយប្រាក់សម្រាប់ថ្នាក់ទី១១។ ដោយឡែកសម្រាប់ឆ្នាំ២០២៦ នេះ ទទួលបានជ័យលាភីឆ្នើមមេដាយមាស ទាំងពីរគម្រោង ទាំងថ្នាក់ទី១០ និងថ្នាក់ទី១២ និង (៣)វិស័យកីឡាជាតិ និងកីឡាជនពិការ ដោយចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន ខេត្តកណ្តាល ដណ្តើមបានមេដាយសរុបចំនួន ៣៥៣គ្រឿង ពីការប្រកួតកីឡាជាតិ។

បន្ថែមពីនេះ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ បន្តខិតខំពង្រឹង និងអភិវឌ្ឍកម្មវិធីអប់រំឱ្យកាន់តែសម្បូរបែប មានភាពបត់បែន តាមតម្រូវការរបស់សិស្ស ម្នាក់ៗ ព្រមទាំងយកចិត្តទុកដាក់បន្ថែមលើការបណ្តុះបណ្តាលបំណិនជីវិត ការហ្វឹកហាត់វិជ្ជាជីវៈសមស្រប ដើម្បីក្មួយៗ មានលទ្ធភាពម្ចាស់ការលើខ្លួនឯង និងឈានទៅធ្វើសមាហរណកម្មចូលក្នុងសង្គមនាពេលអនាគត។ ឯកឧត្តមបានស្នើឱ្យមាតាបិតា អាណាព្យាបាល បន្តផ្តល់ក្តីស្រឡាញ់ ភាពកក់ក្តៅ និងយកចិត្តទុកដាក់ឱ្យបានដិតដល់បំផុតចំពោះកូនៗ ដែលមានអូទីសៀម ឬពិការភាពសតិ បញ្ញា ព្រមទាំងបន្តសហការឱ្យបានជិតស្និទ្ធជាមួយលោកគ្រូ អ្នកគ្រូ ដើម្បីរួមគ្នា តាមដាន និងជួយជំរុញការលូតលាស់ផ្នែកបញ្ញា ស្មារតី និងឥរិយាបថរបស់កូនៗ ទាំងនៅសាលារៀន និងនៅតាមគេហដ្ឋាន ពិសេសឪពុកម្តាយត្រូវយកចិត្តទុកដាក់សង្កេតមើលកូនតាំងពីតូច បើមានការសង្ស័យលើការលូតលាស់ ត្រូវប្រញាប់នាំមកទទួលការអន្តរាគមន៍ និងអប់រំពិសេសឱ្យបានឆាប់។

ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម ក៏បានគោរពស្នើសុំការគាំទ្របន្ថែមពីក្រសួងមុខងារសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីជួយជំរុញការបណ្តុះបណ្តាលគ្រូបង្រៀនអប់រំពិសេស ឱ្យមានគុណវុឌ្ឍិ និងជំនាញច្បាស់លាស់បន្ថែមទៀត ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សិស្ស។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia