ព័ត៌មាន
វិស័យស្វាយចន្ទីត្រូវការទុនបង្វិល ២០០លានដុល្លារ ដើម្បីបង្កើនសមត្ថភាពកែច្នៃក្នុងស្រុក
ភ្នំពេញ៖ វិស័យស្វាយចន្ទីកម្ពុជាត្រូវការទុនបង្វិលយ៉ាងហោចណាស់ ២០០លានដុល្លារអាម៉េរិក ដើម្បីប្រមូលទិញគ្រាប់ស្វាយចន្ទីពីកសិករ និងបង្កើនសមត្ថភាពកែច្នៃក្នុងស្រុកឱ្យបាន ១៥% នៃទិន្នផលសរុបប្រមាណ ១លានតោនក្នុងមួយឆ្នាំ។ ការខ្វះខាតទុនបង្វិល និងការមិនមានទ្រព្យបញ្ចាំគ្រប់គ្រាន់សម្រាប់ស្នើសុំឥណទានពីធនាគារ កំពុងក្លាយជាបញ្ហាប្រឈមរបស់រោងចក្រកែច្នៃក្នុងស្រុក បើទោះបីជាគ្រាប់ស្វាយចន្ទីកម្ពុជាមានតម្រូវការខ្ពស់នៅទីផ្សារអន្តរជាតិក៏ដោយ។
លោក អាន តារា ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្វាយចន្ទីកម្ពុជា (ស.ច.ក) បានឱ្យដឹងថា បច្ចុប្បន្នចំនួនអ្នកកែច្នៃស្វាយចន្ទីក្នុងស្រុកមានការកើនឡើងគួរឱ្យកត់សម្គាល់។ ទោះជាយ៉ាងណា រោងចក្រទាំងនេះភាគច្រើននៅតែខ្វះទុនសម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ដល់រោងចក្រកែច្នៃឱ្យដំណើរការបានពេញសមត្ថភាព។
លោកបន្តថា នាពេលនេះ អ្នកកែច្នៃក្នុងស្រុកអាចធ្វើការកែច្នៃគ្រាប់ស្វាយចន្ទីបានយ៉ាងតិច ១៥% នៃទិន្នផលសរុបប្រមាណ ១លានតោនក្នុងមួយឆ្នាំ ហើយប្រសិនបើ ចង់សម្រេចគោលដៅតាមគោលនយោបាយជាតិស្តីពីស្វាយចន្ទី ដែលកំណត់ឱ្យមានការកែច្នៃក្នុងស្រុក ២៥% នៅឆ្នាំ២០២៧ នឹងត្រូវការទុនបង្វិលកើនដល់ប្រមាណ ៤០០លានដុល្លារអាម៉េរិក។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកកត់សម្គាល់ថា ឧបសគ្គសំខាន់មួយដែលធ្វើឱ្យអ្នកកែច្នៃពិបាកទទួលបានឥណទានពីធនាគាររដ្ឋ និងឯកជន គឺការខ្វះទ្រព្យសម្បត្តិសម្រាប់ដាក់បញ្ចាំ។ ទ្រព្យសម្បត្តិដែលអ្នកកែច្នៃមានស្រាប់ភាគច្រើនត្រូវបានប្រើប្រាស់ជាទ្រព្យបញ្ចាំរួចហើយ។ ដូច្នេះ លោកយល់ថា ដំណោះស្រាយដែលអាចជួយអ្នកកែច្នៃបាន គឺការផ្តល់ទុនបង្វិលដែលមានអត្រាការប្រាក់ទាប និងមិនកំណត់លក្ខខណ្ឌទ្រព្យបញ្ចាំតឹងរ៉ឹងពេក។
លោកមានប្រសាសន៍ថា៖ «បច្ចុប្បន្នការកែច្នៃស្វាយចន្ទីបាន ១៥% នៃទិន្នផលសរុប ១លានតោននេះ ដែលយើងត្រូវការទុនបង្វិលយ៉ាងហោចណាស់ក៏ប្រហែល ២០០លានដុល្លារអាម៉េរិកដែរ ដើម្បីឱ្យអ្នកកែច្នៃមានលទ្ធភាពទិញគ្រាប់ចន្ទីស្តុកទុកសម្រាប់កែច្នៃពេញមួយឆ្នាំ។ សម្រាប់ឆ្នាំ២០២៧ ខាងមុខ បើបញ្ហាទុនបង្វិលត្រូវបានដោះស្រាយ ខ្ញុំជឿជាក់ថា ការកែច្នៃក្នុងស្រុក និងតម្លៃគ្រាប់ស្វាយចន្ទីនឹងកាន់តែហក់ឡើងខ្ពស់ ដែលផ្តល់ផលចំណេញយ៉ាងច្រើនដល់កសិករ និងសេដ្ឋកិច្ចជាតិ»។
កាលពីថ្មីៗនេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ធនាគាររដ្ឋចំនួន២ គឺធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារ សហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ឥណទានសរុបប្រមាណ ១,១ ពាន់លានដុល្លារអាម៉េរិក ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ដើម្បីគាំទ្រដល់ដំណើរការអាជីវកម្ម និងការពង្រីកផលិតកម្មរបស់សហគ្រាសទាំងនេះ។ ឯកឧត្តមលើកឡើងដូចនេះ ធ្វើឡើងនៅក្នុងវេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ MSMEs លើកទី១ កាលថ្ងៃទី២៧ តុលា កន្លងទៅ៕





-
ព័ត៌មាន1 day agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
កីឡា1 week agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន2 days agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន5 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន5 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន5 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន5 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា