Connect with us

ព័ត៌មាន

ឯកឧត្តម ឆៃ ស៊ីណារិទ្ធ៖ ប្រាក់ក្នុងគណនីធនាគារជាង ៣០០លានដុល្លារ រួមទាំង​ទ្រព្យ​សម្បត្តិ​ចលន​ និង​អចលន​ទ្រព្យតម្លៃរាប់រយលានដុល្លារត្រូវបានបង្កក ក្នុងការ​បង្ក្រាប Online Scams

ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និង​ជា​អនុ​ប្រធាន​ប្រចាំ​ការ នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ​២០២៦ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានចាត់វិធានការលើទីតាំងសង្ស័យចំនួន ៩៧២កន្លែង និង​កសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ៥៦៨ករណី។ ជាលទ្ធផល ជនសង្ស័យចំនួន ៥,០៣២នាក់ ត្រូវបានចោទប្រកាន់ និង​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​រង់ចាំ​ការ​អនុវត្ត​នីតិ​វិធី​របស់​តុលាការ ខណៈជនបរទេសចំនួន ២៣,៧៦០នាក់ មាន៣៨សញ្ជាតិ ត្រូវបាន​ធ្វើ​មាតុ​ភូមិ​និវត្តន៍​ទៅ​ប្រទេស​ដើមវិញ។ បន្ថែមពីនេះ ប្រាក់ក្នុងគណនីធនាគារចំនួនជាង ៣០០លានដុល្លារ រួមទាំងទ្រព្យសម្បត្តិចលន និងអចលនទ្រព្យតម្លៃរាប់រយលានដុល្លារផ្សេងទៀត ត្រូវបានបង្កក និងឈានទៅអនុវត្តនីតិវិធីរឹបអូសតាមច្បាប់ជាធរមាន។

ការបញ្ជាក់នេះ​ធ្វើឡើង​ក្នុងបទបង្ហាញជូនអង្គទូត និងអង្គការអន្តរជាតិនានាស្តីពី “វឌ្ឍនភាព និង​ផែនការបន្តសម្រាប់ការប្រយុទ្ធប្រឆាំងនឹង Online Scams “ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ​២០២៦​។

ក្នុងឱកាសនោះដែរ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានថ្លែង​អំណ​រ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះដៃគូ​អន្តរជាតិទាំងអស់ និងបានអំពាវនាវឱ្យបណ្តាប្រទេសជាដៃគូ អង្គការ សារ​ព័ត៌មាន​ជាតិ-អន្តរជាតិ បន្តជួយផ្តល់ព័ត៌មាន តម្រុយ និងភស្តុតាងជាក់ស្តែងមកអាជ្ញាធរកម្ពុជា ដើម្បី​រួម​គ្នា​បង្រ្កាប និងបោសសម្អាតបណ្តាញឧក្រិដ្ឋកម្មឆ្លងដែននេះឱ្យអស់ពីកម្ពុជា៕ អត្ថបទ : វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia