ព័ត៌មាន
ការរៀបចំការប្រកួតកីឡាជាតិ ជាការត្រៀម កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអន្តរជាតិចំនួន៣
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ការរៀបចំការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ជាការត្រៀមលក្ខណៈរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាលក្ខណៈអន្តរជាតិ ចំនួន៣ នៅពេលខាងមុខ។

ការថ្លែងនេះ ធ្វើឡើងក្នុងឱកាស សម្តេចធិបតី អញ្ជើញជាអធិបតី ក្នុងពិធីបើកជាផ្លូវការ ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ» នារាត្រីថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំឱ្យមានការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការជាប្រចាំ ជាគំនិតផ្តួចផ្តើម ប្រកបដោយឆន្ទៈមោះមុត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងគោលបំណងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពីរាជធានី ខេត្តទាំង២៥ បញ្ចេញសមត្ថភាព ទេពកោសល្យ ព្រមទាំងដុសខាត់ស្មារតី ឆន្ទៈ និងសាមគ្គីភាព។
សម្តេចធិបតី មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ ក៏ដើម្បី បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំព្រឹត្តិការកីឡាជាតិ និងកីឡាជាតិជនពិការ មានគោលបំណងសំខាន់មួយទៀត គឺការត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ និងកាន់តែប្រសើរឡើងថែមទៀត សម្រាប់ចូលរួម ក៏ដូចជា រៀបចំព្រឹត្តិការណ៍កីឡាកម្រិតតំបន់ និងអន្តរជាតិនាពេលខាងមុខ។ រាជរដ្ឋាភិបាលបានដាក់ចេញទិសដៅច្បាស់លាស់ ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ៖ ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ ឆ្នាំ២០២៨ (23rd ASEAN University Games 2028), ការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេមឆ្នាំ ២០២៩ (Asian Youth Para Games 2029) និងការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០៣១ (Asian Youth Games 2031)។
គួរបញ្ជាក់ថា ការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ប្រារព្ធឡើង ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ» ជាពិសេសក្នុងបរិបទដែលកម្ពុជា ប្រាថ្នាចង់បានសន្តិភាព និងស្ថិរភាពជាតិ ក្នុងនោះស្មារតីកីឡា គឺជាស្ពានភ្ជាប់បេះដូងជាមួយប្រជាជន លើកកម្ពស់សាមគ្គីភាព និងបណ្តុះស្មារតីស្នេហាជាតិ។
ព្រឹត្តិការណ៍ប្រកួតកីឡាជាតិ បានចាប់ផ្តើមដំណើរការជាប្រវត្តិសាស្ត្រលើកទី១ នៅឆ្នាំ២០១៦ លើកទី២ ឆ្នាំ២០១៨ លើកទី៣ ឆ្នាំ២០២២ លើកទី៤ ឆ្នាំ២០២៤ និងលើកទី៥ នៅ ឆ្នាំ២០២៦ នេះ។
គណៈកម្មការរៀបចំការប្រកួត បានខិតខំកែលម្អលើគ្រប់ទិដ្ឋភាពនៃព្រឹត្តិការណ៍ទាំង ៤ដងកន្លងមក និងទាំងលើកទី៥ នេះ នូវទម្រង់នៃការរៀបចំពិធីបើក ពិធីបិទ លក្ខណៈបច្ចេកទេស និងទម្រង់នៃការប្រកួត ព្រមទាំងបានបង្កើនយុទ្ធនាការបំផុសការចូលរួមពីមហាជនឱ្យកាន់តែច្រើនថែមទៀត៕








-
ព័ត៌មាន4 days agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន6 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន5 days agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន1 week agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន1 week agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»