Connect with us

ព័ត៌មាន

ភូមិវប្បធម៌ហ្វ្រង់កូហ្វូនីនៅសៀមរាប លើកកម្ពស់សន្តិភាព មិត្តភាព វប្បធម៌ និង​កិច្ច​សហប្រតិបត្តិ​ការ​អន្តរជាតិ

អាជ្ញាធរខេត្ដសៀមរាប និងអាជ្ញាធរជាតិអប្សរា បានថ្លែងថា ភូមិវប្បធម៌ហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ មិន​ត្រឹម​តែជាវេទិកាតាំងបង្ហាញនូវភាពចម្រុះនៃភាសាបារាំង និងវប្បធម៌នៃ​បណ្តា​ប្រទេស​ជា​សមាជិក​ជុំវិញ​ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសាក្សី​បង្ហា​ញ​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ​របស់​កម្ពុជា ក្នុងការលើកកម្ពស់សន្តិភាព មិត្តភាព វប្បធម៌ និងកិច្ចសហ​ប្រតិប​ត្តិ​ការ​អន្តរ​ជាតិ​ផង​ដែរ​។

លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ ថា ព្រឹត្តិការណ៍ ភូមិ​វប្បធ​ម៌​ហ្វ្រង់​កូហ្វូនី ឆ្នាំ២០២៦ នឹងផ្ដល់នូវឱកាស និងអត្ថប្រយោជន៍ជាច្រើន ដូចជា ការផ្លាស់ប្តូរ និង​តភ្ជាប់​វប្បធម៌ ការដាក់បង្ហាញសិល្បៈ ប្រពៃណី ស្នាដៃប្រវត្តិសាស្ត្រ និងម្ហូបអាហារ នៃបណ្តា​ប្រទេស​និយាយ​ភាសា​បារាំង ដែលធ្វើឲ្យប្រជាជនខ្មែរ និងភ្ញៀវអន្តរជាតិ​បាន​ស្វែង​យល់​កាន់​តែ​ច្បាស់​ពី​គ្នា​ទៅ​វិញ​ទៅ​មក ក្រោមស្មារតី «មិត្តភាពប្រកបដោយភាពស្និតស្នាល»។ ការលើកកម្ពស់ការអប់រំ និង​ភាសា ការបង្កើតបរិយាកាសសិក្សា និងការបំផុសគំនិតដល់សិស្សានុសិស្ស យុវជន និង​អ្នក​សិក្សា​ភាសា​បារាំង ក៏ដូចជាការផ្លាស់ប្តូរ បទពិសោធន៍សិក្សានៅបរទេស និងជម្រុញទេសចរណ៍ និង​សេដ្ឋកិច្ចមូលដ្ឋាន ។លោកស្រីបន្ដថា ការបង្កើតជាពិព័រណ៍វប្បធម៌និងពាណិជ្ជកម្មនេះ នឹង​ជួយ​ទាក់​ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកទស្សនាកម្សាន្ត និងស្វែងយល់​ពី​សក្តានុពល​សេដ្ឋកិច្ច វប្បធម៌ និងធម្មជាតិដ៏សម្បូរបែបរបស់ខេត្តសៀមរាប ។

ឯកឧត្ដម គឹម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ប្រទេស​បារាំង​បាន​ចូល​រួម​យ៉ាង​សំខាន់ក្នុងការស្រាវជ្រាវបុរាណវិទ្យា ការជួសជុលប្រាសាទ និងការបណ្តុះ​បណ្តាល​អ្នក​ជំនាញ​កម្ពុជា​។ ជាពិសេស សាលាបារាំងចុងបូព៌ា ដែលមានឈ្មោះកាត់ថា EFEO។ឯកឧត្ដម​បន្ដ​ថា ​ស្ថាប័ននេះបានចូលរួមក្នុងការសិក្សាប្រាសាទបុរាណ ការជួសជុលវិមានប្រវត្តិសាស្ត្រ ការ​អភិរក្ស​ចម្លាក់ និងការចែករំលែកចំណេះដឹងវិទ្យាសាស្ត្រអំពីអរិយធម៌ខ្មែរ រួមមាន ប្រាសាទបាពួន ជា​គម្រោងជួសជុលដ៏សំខាន់ចាប់ផ្តើមនៅ ឆ្នាំ១៩៩៥ ដោយមានការចូលរួមពី EFEO និង​អាជ្ញាធរ​កម្ពុជា ហើយបានបញ្ចប់នៅឆ្នាំ២០១១។ គម្រោងនេះមានភាពស្មុគស្មាញយ៉ាងខ្លាំង ព្រោះ​ផ្នែក​ធំមួយនៃប្រាសាទបានបាក់បែក។

អ្នកជំនាញត្រូវ សិក្សា និងរៀបចំដុំថ្មជាច្រើនឡើងវិញទៅតាមទីតាំងដើម ខណៈដែល​ប្រាសា​ទមេ​បុណ្យ​ខាង​លិច ដែលកម្ពុជា និងបារាំងបានពង្រឹងកិច្ចសហប្រតិបត្តិ ការលើការអភិរក្ស​នៅ​ឆ្នាំ​២០១២ ដោយមានការចូលរួមពីអាជ្ញាធរជាតិអប្សរា។ កិច្ចសហប្រតិបត្តិការអន្តរជាតិនេះ បាន​ជួយ​ធានា​គុណភាពនៃការងារជួសជុល និងធានាឱ្យមានការការពារ បេតិកភណ្ឌ​វប្បធម៌​នៅ​តំបន់​អង្គរ​កាន់​តែ​ប្រសើរ ខណៈដែលការអភិរក្សបេតិកភណ្ឌ មិនមែនគ្រាន់តែជាការការពារដុំថ្ម ឬវិមាន​បុរាណ​ប៉ុណ្ណោះ​ទេ។ ប៉ុន្តែវាក៏ ជាការការពារប្រវត្តិសាស្ត្រ អត្តសញ្ញាណ ប្រពៃណី និងការចង​ចាំ​រួម​របស់​ប្រជាជាតិយើងផងដែរ ដែលកម្ពុជាកំពុង​បន្ត​នូវ​ភាព​សម្បូរ​បែប​នៃ​វប្បធម៌​របស់​យើង​ទៅ​កាន់​យុវជន​ជំនាន់​ក្រោយ និងបង្ហាញពីភាពស្រស់ស្អាតនៃអរិយធម៌ខ្មែរទៅកាន់ពិភពលោកទាំងមូល។

សូម​បញ្ជាក់ថា កម្មវិធីភូមិវប្បធម៌បារាំងហ្វ្រង់កូហ្វូនី បានរៀប​ចំឡើង​នៅ​តាម​បណ្ដោ​យ​ដង​ស្ទឹង​សៀមរាប ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២៦។ការបើកសម្ពោធពិព័រណ៍ «ភូមិ​ហ្វ្រង់​កូហ្វូនី​ឆ្នាំ​២០២៦» ក្រោមអធិបតីឯកឧត្ដម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ដើម្បីអបអរ​នូវ​ភាព​សម្បូបែប និងតម្លៃនៃ​វប្បធម៌ និង​តម្លៃ​នៃ​សាមគ្គី​ភាព​រប​ស់​បណ្ដា​ប្រទេស​ដែល​និយាយ​​ភាសា​បារាំង​ ព្រមទាំងផ្សព្វផ្សាយពីទេសចរណ៍ និងលើកកម្ពស់វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវប្បធម៌ របស់​ប្រទេសទាំងពីរ ។ពិធីនេះ រៀបចំឡើងដោយសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា​នៅ​តាមបណ្ដោយស្ទឹងសៀមរាប ។

ព្រឹត្តិការណ៍នេះ​មានស្តង់តាំងបង្ហាញជាង ៥០ ស្តង់ ដោយមានការចូលរួម​ពី​សហគមន៍​និយាយ​ភាសា​បារាំង​មកពីប្រទេសបារាំង កាណាដា បែលហ្ស៊ិក វៀតណាម ឡាវ និងប្រទេសដទៃទៀត ដែល​កំពុងរស់នៅ និងប្រកបអាជីវកម្មនៅកម្ពុជា។ ការតាំង​បង្ហាញ​នេះ​បាន​បង្ហាញ​ពី​ភាព​សម្បូរ​បែប​នៃ​វប្បធម៌ និងការរស់នៅ​ប្រកប​ដោយ​សុខដុមរមនា​របស់​សហគមន៍​ចម្រុះ​ជាតិ​សាសន៍​នៅ​កម្ពុជា ​ព្រមទាំងរួមចំណែកផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងវិនិយោគរបស់កម្ពុជា៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia