Connect with us

ព័ត៌មាន

ទេសចរបរទេស សរសើរការ​រីកចម្រើន នៃផលិតផលខ្មែរ មានទាំងសោភ័ណ្ឌភាព និងគុណភាព

ភ្ញៀវបរទេស​ដែលមករស់នៅ និងធ្វើការនៅកម្ពុជា បង្ហាញការស្ញើច​សរសើរ ចំពោះ​ការ​រីកចម្រើន របស់​ផលិត​ផល​ខ្មែរ​ដែលមានទាំងសោភ័ណ្ឌភាព និងគុណភាព។

ភ្ញៀវ​បរទេសដើមកំណើតអាមេរិក ដែលមករស់នៅ និងធ្វើការនៅកម្ពុជា បានប្រាប់ BTV នៅ​រសៀល​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ថា ពួកគេ ពេញចិត្តប្រទេសកម្ពុជា ដែលផ្ដល់ភាព​កក់​ក្ដៅ​សម្រាប់​ជន​បរទេស​មកលេងកម្សាន្ដ និងស្នាក់នៅដើម្បីបំពេញការងារ។ ហើយ​សម្រាប់​ផលិត​ផល​ខ្មែរ ​ពួកគេស្ញើចសរសើរ ដែលមានសន្ទុះអភិវឌ្ឍលឿនខ្លាំង ក្នុងរយៈមួយជាង​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ពួកគេកត់សម្គាល់ថា ផលិតផលខ្មែរ រីកចម្រើនខ្លាំង ប្រកបដោយគុណភាព ហើយ​ពួក​គេ​ជឿ​ជាក់ថា តាមរយៈការខិតខំសិក្សាអភិវឌ្ឍ ផលិតផលខ្មែរ នឹងកាន់តែរីកចម្រើនទៅថ្ងៃខាងមុខ។

លោក Denny និងភរិយាឈ្មោះ Joly ជាពលរដ្ឋអាមេរិក បានមករស់​នៅ​កម្ពុជា​អស់​រយៈ​ពេល​មួយ​​ឆ្នាំហើយ។ លោកនិងភរិយា មកប្រទេសកម្ពុជា ដើម្បីធ្វើការលើផ្នែកថែទាំសុខភាព។ លោក​សប្បាយ​ចិត្ត​ដែលបានមករស់នៅកម្ពុជា ពីព្រោះជាប្រទេសដែលស្រស់ស្អាត សំបូរតំបន់ទេស​ចរណ៍​ធ​ម្មជាតិ ពិសេសគឺប្រជាជនមានភាពរស់រាយ និងចិត្តល្អ។ ហើយនៅថ្ងៃនេះ លោក​បាន​មក​ចូល​រួម​កម្មវិធីពិព័រណ៍ផលិតផលខ្មែរ ដើម្បីទិញទំនិញចាំបាច់មួយចំនួសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ ជា​ការកត់សម្គាល់របស់លោក ផលិតផលខ្មែរ អភិវឌ្ឍន៍លឿន ក្នុងរយៈពេលជាងមួយឆ្នាំនេះ ផលិត​ផលជាច្រើនត្រូវបានផលិតឡើង។ លោក ថា ផលិតផលដែលផលិតមក ទោះបី​ជា​រីក​ដុះ​ដាល​លឿន​ តែគុណភាពមិនចាញ់ផលិតផលបរទេសនោះឡើយ។

លោក Andy ពលរដ្ឋអាមេរិកមួយរូបទៀត បានប្រាប់ ថា លោកមករស់នៅ និងធ្វើការនៅកម្ពុជា បាន​មួយឆ្នាំជាងហើយ។ លោកមើលឃើញ ថា ផលិត​ផល​ខ្មែរ​បច្ចុប្បន្ន​នេះ​មាន​ច្រើន​ប្រភេទ​ណាស់។ សម្រាប់រូបលោក និងមិត្តស្រី ចូលចិត្តត្រីងៀត ពីព្រោះងាយចម្អិន និង​មាន​រស​ជាតិ​ឆ្ងាញ់​។ សម្រាប់រូបលោក យល់ឃើញ ថា ការអភិវឌ្ឍផលិតផលខ្មែរ នឹងអាច​រីក​លូត​លាស់​កាន់​តែ​ខ្លាំង​ទៅ​ថ្ងៃ​ខាង​មុខ ពីព្រោះប្រជាជនកម្ពុជា មានភាពប៉ិនប្រសព្វក្នុងការសិក្សារៀនសូត្រ។ ហើយ​តាម​រយៈ​ការ​ប្រឹងប្រែងរៀនសូត្រនេះ លោកជឿថា ផលិតផលខ្មែរនឹងកាន់តែល្អទៅមុខទៀត។

សូមជម្រាបជូន ថា ផលិតផលខ្មែរនាពេលបច្ចុប្បន្ននេះ មានសន្ទុះ នៃការផលិតកើនឡើងខ្លាំង ដែល​យោងតាមប្រសាសន៍សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ បានបញ្ជាក់ ថា គិតមកត្រឹមខែ កញ្ញា ឆ្នាំ២០២៦នេះ មានផលិត​ផល​ក្នុង​ស្រុក​ចំនួន ២,៦០០មុខ បានចុះបញ្ជីផលិតផលនៅក្រសួងឧស្សាហកម្ម ដែលចំនួន​គឺ​មាន​ការ​កើន​ឡើង​ជា​លំដាប់ ខណៈកាលពីឆ្នាំ២០២៥កន្លងទៅ មានត្រឹមតែ ១.១០០មុខប៉ុណ្ណោះ។

ទន្ទឹមនិងផលិតផលក្នុងស្រុកមានការកើនឡើងខ្លាំងបែបនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អំពាវ​នាវ​ដល់​ពលរដ្ឋអ្នកប្រើប្រាស់ ផ្សារទំនើប អ្នកលក់ដុំ និងអ្នកនាំចេញ សូមបន្តគាំទ្រ និង​ផ្ដល់​អាទិភាព​ដល់ផលិតផលខ្មែរដែលមានគុណភាព។ សម្ដេចសង្កត់ធ្ងន់ ថា ការគាំទ្រ​ផលិត​ផល​ក្នុង​ស្រុក មិនត្រឹមតែជួយដល់ម្ចាស់សហគ្រាសផលិតនោះទេ តែក៏ជាការជួយរក្សាការងារ បង្កើត​ចំណូល ​ជំរុញផលិតកម្ម និងរក្សាតម្លៃបន្ថែមឱ្យស្ថិតនៅក្នុងសេដ្ឋកិច្ចជាតិថែមទៀតផង៕ អត្ថបទ ៖ លៀ ស៊ីណា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia