ព័ត៌មាន
ក្នុងជំនួបជាមួយសម្ដេចធិបតី អង្គការយូណេស្កូ ប្រកាសបន្តគាំទ្រ និងផ្ដល់ជំនួយដល់កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត Khaled El-Enany អគ្គនាយកអង្គការយូណេស្កូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមអគ្គនាយកអញ្ជើញចូលរួមពិធីប្រារព្ធខួប ៧៥ឆ្នាំ នៃសមាជិកភាពកម្ពុជាក្នុងអង្គការយូណេស្កូ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប, ឯកឧត្តមអគ្គនាយកអង្គការយូណេស្កូ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូណេស្កូ លើវិស័យវប្បធម៌ អប់រំ និងវិទ្យាសាស្ត្រ ហើយឯកឧត្តមក៏បានបង្ហាញនូវសុទិដ្ឋិនិយមថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកម្ពុជានាពេលនេះ នឹងបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងយូណេស្កូ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។ ឯកឧត្តមបានបន្ថែមទៀតថា បេសកកម្មរបស់អង្គការយូណេស្កូ មានភាពស្របគ្នាជាមួយនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងមូលធនមនុស្ស, ការអប់រំ និងការពង្រឹងសមត្ថភាពផ្នែកវិទ្យាសាស្ត្រ ហើយអង្គការយូណេស្កូនឹងបន្តកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីជាប្រយោជន៍បន្ថែមទៀតដល់ប្រជាជនកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ទៀតថា ផ្អែកលើជោគជ័យនៃកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាកន្លងមក, អង្គការ យូណេស្កូនឹងបន្តគាំទ្រ និងផ្ដល់ជំនួយចាំបាច់នានាដល់ប្រទេសកម្ពុជាលើកិច្ចការជាច្រើនថែមទៀត ជាពិសេសលើការអភិរក្សបេតិកភណ្ឌវប្បធម៌ឱ្យបានគង់វង្សយូរអង្វែង។
ជាការឆ្លើយតប, សម្ដេចធិបតី បានថ្លែងអំណរគុណឯកឧត្តមអគ្គនាយកអង្គការយូណេស្កូ និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមពិធីប្រារព្ធខួប ៧៥ឆ្នាំ នៃសមាជិកភាពកម្ពុជាក្នុងអង្គការយូណេស្កូ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា ក្នុងឱកាសនេះ។ ព្រមជាមួយគ្នានេះ, សម្ដេចធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងការរួមចំណែករបស់យូណេស្កូក្នុងកិច្ចការពារ និងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងអរូបីរបស់កម្ពុជា ដែលជាសម្បត្តិរួមរបស់មនុស្សជាតិ។ សម្ដេចធិបតីបានបន្តថា ការការពារបេតិកភណ្ឌវប្បធម៌ មិនមែនត្រឹមតែរក្សាភាពគង់វង្សនៃហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ស្នាដៃដូនតា និងដួងព្រលឹងជាតិប៉ុណ្ណោះទេ ប៉ុន្តែត្រូវយកចិត្តទុកដាក់អប់រំ និងបំផុសគំនិតដល់យុវជនជំនាន់ក្រោយឱ្យសិក្សាស្វែងយល់អំពីវប្បធម៌ និងអរិយធម៌ និងប្រវត្តិសាស្ត្ររបស់ជាតិ ដែលជាមូលដ្ឋានគ្រឹះក្នុងការកសាងអនាគតប្រទេសជាតិផងដែរ។ ទន្ទឹមនឹងនេះ, សម្ដេចធិបតីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាបាននូវស្ថិរភាព និងសន្តិភាព ដែលជាបុរេលក្ខខណ្ឌមិនត្រឹមតែសម្រាប់កិច្ចការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះក្នុងការបន្តអភិវឌ្ឍសង្គម សេដ្ឋកិច្ច។ ជាមួយគ្នានេះ, រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើកិច្ចការអភិរក្ស, ការថែរក្សាកំណត់ត្រាប្រវត្តិសាស្ត្រ និងអត្តសញ្ញាណជាតិ ដោយបានជំរុញឱ្យមានការធ្វើឌីជីថលូបនីយកម្មឯកសារប្រវត្តិសាស្ត្រ សំដៅប្រែក្លាយទៅជាចំណេះដឹងទូលំទូលាយសម្រាប់អ្នកស្រាវជ្រាវ និងសិស្សានុសិស្ស។
មុននឹងបញ្ចប់, សម្ដេចធិបតី បានលើកទឹកចិត្តឱ្យអង្គការយូណេស្កូបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីជំរុញការលើកកម្ពស់ និងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ដែលជាចលករដ៏សំខាន់មួយនៃការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព៕







-
កីឡា1 week agoប្រតិភូ និងអត្តពលិកនគរបាលកម្ពុជាបានធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព មកដល់មាតុប្រទេសវិញ បន្ទាប់ពីបានទៅចូលរួមការប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក និងឈ្នះមេដាយ៤គ្រឿងពីការប្រកួតកម្រិតខ្ពស់នេះ
-
កីឡា1 week agoមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ព្រឹត្តិការណ៍កីឡាជាតិ ជាការវាស់ស្ទង់សមត្ថភាព និងដុសខាត់មន្ត្រីប្រតិបត្តិឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតអន្តរជាតិធំៗ ៣
-
កម្សាន្ដ6 days agoកញ្ញា សុគា គីមលាង ប្តេជ្ញាបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាលើឆាក Miss International នៅជប៉ុន
-
ព័ត៌មាន1 week agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាជនរងគ្រោះដោយបាក់ច្រាំងទន្លេ ប្រជាជនរងផលប៉ះពាល់ក្រោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ…!!
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការគាំទ្រផលិតផលខ្មែរដែលមានគុណភាព គឺជាការពង្រឹងសេដ្ឋកិច្ចជាតិ
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ កីឡាករមានពិការភាព គឺជានិម្មិតរូបនៃភាពអត់ធ្មត់ ឆន្ទៈមោះមុត និងការតស៊ូឆ្ពោះទៅរកគោលដៅ
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ខ្មែរធ្វើបាន» បង្ហាញមោទនភាពថា ខ្មែរគ្រប់ជំនាន់អាចធ្វើបាន
-
ព័ត៌មាន1 week agoកម្ពុជា-កូរ៉េ ចុះMOU លើវេទិកាសុវត្ថិភាពអគ្គិភ័យពហុភាសាដែលដំណើរការដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត- AI based multilingual Fire Safety Platform