Connect with us

ព័ត៌មាន

នៅភូមិហ្វ្រង់កូហ្វូន៖ ក្រសួងការងារដាក់ស្តង់ផ្សព្វផ្សាយឱកាសរៀនជំនាញ ឱកាសការងារ និងអត្ថប្រយោជន៍ ប.ស.ស. ដល់ជនរួមជាតិ និងភ្ញៀវអន្តរជាតិ

(ភ្នំពេញ)៖ ដើម្បីអបអរសាទរកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំស្តង់នៅភូមិហ្វ្រង់កូហ្វូន ក្នុងសួនវត្តបុទុមវតី ដើម្បីឱ្យសាធារណជនអាចស្វែងយល់ពីការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឱកាសការងារ និងអត្ថប្រយោជន៍របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា ក្រៅពីការចូលរួមអបអរសាទរកិច្ចប្រជុំប្រវត្តិសាស្ត្រនៅភូមិហ្វ្រង់កូហ្វូន បងប្អូនដែលចង់រៀនជំនាញ ចង់រកការងារ ឬចង់ដឹងពីអត្ថប្រយោជន៍ ប.ស.ស. កាន់តែច្បាស់ អាចមកសាកសួរព័ត៌មាននៅស្តង់តែមួយនេះបាន។ ពោលគឺបានទាំងចូលរួមអបអរសាទរមហាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រផង ហើយក៏បានព័ត៌មានពីក្រសួងផងដែរ និងព័ត៌មានផ្សេងទៀតជាច្រើននៅក្នុងភូមិ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានបន្ថែមថា៖ «ក្រសួងអបអរសាទរមហាព្រឹត្តិការណ៍នៃកិច្ចប្រជុំលើកទី២០ នៃក្រុមប្រទេសនិយាយភាសាបារាំងដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្នុងឱកាសនោះ ក្រសួងក៏បានដាក់តាំងបង្ហាញនៃវិស័យរបស់ខ្លួន ដែលជាការចូលរួមបង្ហាញពីភាពរស់រវើក និងស្វាហាប់ជាមួយរាជរដ្ឋាភិបាល ដើម្បីឱ្យជនរួមជាតិ និងភ្ញៀវអន្តរជាតិបានទស្សនា និងស្វែងយល់។ ដូចនេះ ឱកាសកម្រនឹងមានបានមកដល់ហើយ។ សូមពលរដ្ឋ កម្មករនិយោជិត យុវជន និងជនរួមជាតិ សូមចូលរួមទស្សនា និងចាប់យកឱកាសពីកិច្ចប្រជុំដែលមានទាំងភាពរីករាយប្រកបដោយមោទនភាព និងឱកាសអភិវឌ្ឍខ្លួន និងគ្រួសារ»។

ការចូលរួមបង្ហាញរបស់ក្រសួងការងារក៏ជាសក្ខីកម្មបន្ថែមយ៉ាងច្បាស់ពីភាពរឹងមាំនៃជំនាញរបស់យុវជន ឱកាសការងារ និងអត្ថប្រយោជន៍គាំពារសង្គម ដែលជាចំណុចគន្លឹះដើម្បីទាក់ទាញអ្នកវិនិយោគពីអ្នកធុរកិច្ច និងថ្នាក់ដឹកនាំនៃកិច្ចប្រជុំកំពូលឱ្យបានយល់ពីស្ថានភាពជាក់ស្តែង និងវឌ្ឍនភាពនៃវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា ដែលកំពុងសកម្ម និងរស់រវើក។ នេះបើតាមលោកស៊ុន មេសាដដែល។

លើសពីនេះ អ្នកនាំពាក្យរូបនេះក៏បានអំពាវនាវឱ្យបងប្អូនកម្មករនិយោជិត ប្រជាពលរដ្ឋ យុវជន និងអតីតពលករ ដែលបានចូលរួមទស្សនាទស្សនីយភាពក្នុងភូមិហ្វ្រង់កូហ្វូន កុំភ្លេចមកទស្សនាស្តង់របស់ក្រសួងការងារ ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនលើការបណ្តុះបណ្តាលជំនាញ ឱកាសការងារដ៏ច្រើនសន្ធឹកសន្ធាប់ អត្ថប្រយោជន៍នៃបេឡាជាតិសន្តិសុខសង្គម និងមានឱកាសភ្លក់កាហ្វេស្នាដៃនិស្សិតធីវេតផងដែរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia