Connect with us

ព័ត៌មាន

សម្តេចតេជោ ជំរុញបញ្ចប់បោះបង្គោលព្រំដែន កម្ពុជា-ឡាវ ខណៈប្រទេសទាំង២ សហការគ្នាយ៉ាងសកម្ម

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត Thongloun Sisoulith ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ក្នុងឱកាសនោះ សម្ដេចតេជោក៏បានបញ្ជាក់បន្ថែមថា នៅក្នុងឆ្នាំនេះភាគីទាំងពីរបានសហការគ្នាយ៉ាងសកម្ម ព្រមទាំងជំរុញឱ្យបញ្ចប់ការបោះបង្គោលព្រំដែននាពេលខាងមុខ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានអោយដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសម្ដែងការស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម Thongloun Sisoulithមកកាន់ប្រទេសកម្ពុជាសារជាថ្មីដោយនៅ ឆ្នាំ២០២៦ នេះ សម្ដេចតេជោ បានជួបជាមួយនឹងឯកឧត្តមចំនួន ២ដងហើយ គឺកាលពីខែកុម្ភៈ ហើយលើកនេះជាលើកទី២។ សម្ដេចតេជោចាត់ទុកវត្តមានរបស់ឯកឧត្តមមកកាន់កម្ពុជានៅពេលនេះ គឺបង្ហាញពីការផ្ដល់តម្លៃខ្ពស់ដល់ទំនាក់ទំនងរវាងកម្ពុជា និងឡាវ និងការផ្ដល់តម្លៃដល់សហគមន៍ហ្វ្រង់កូហ្វូនី។

នៅក្នុងឱកាសនោះ ឯកឧត្តម ថងលូន ស៊ីសូលីត បានសម្ដែងនូវការអរគុណសម្ដេចតេជោ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅដល់កឧត្តមហើយជាលើកទីពីរនៅក្នុងឆ្នាំនេះ ដែលឯកឧត្តមបានជួបសម្ដេចតេជោ។ ឯកឧត្តមបានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងឡាវកំពុងដំណើរការដោយល្អ ជាពិសេសនោះគឺការផ្លាស់ប្ដូរនូវដំណើរទស្សនកិច្ចនៃប្រតិភូ នៃប្រទេសទាំងពីរយ៉ាងសកម្ម។ នៅក្នុងឆ្នាំ២០២៦នេះ គឺជាខួបទី៧០ ឆ្នាំនៃការបង្កើតទំនាក់ទំនងរវាងកម្ពុជា និងឡាវ ហើយប្រទេសទាំងពីរបានរួមគ្នាក្នុងការអបអរសាទរផងដែរ។

សម្ដេចតេជោក៏បានបញ្ជាក់បន្ថែមថា នៅក្នុងឆ្នាំនេះភាគីទាំងពីរបានសហការគ្នាយ៉ាងសកម្ម ជាពិសេសគឺការផ្លាស់ប្ដូរនៃដំណើរទស្សនកិច្ចគ្នាទៅវិញទៅមករវាងប្រតិភូជាន់ខ្ពស់រហូតដល់យុវជន នៃបណ្ដាប្រទេសទាំងពីរដែលបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងកម្ពុជា និងឡាវ ទន្ទឹមនឹងនេះ សម្ដេចតេជោក៏បានលើកឡើងពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការតាមព្រំដែន រវាងកម្ពុជា និងឡាវ ជាពិសេសគឺការជំរុញនូវការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ ដែលនៅសល់ ១៤ភាគរយ នោះឲ្យសម្រេចបានជោគជ័យនៅពេលខាងមុខ។

ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរ ឯកឧត្តម ថង លូនស៊ីសូលីត ឲ្យទទួលបានជោគជ័យនៅក្នុងដំណើរមកកាន់ប្រទេសកម្ពុជាជាពិសេសគឺការចូលរួមនៅក្នុង កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia